ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ និងទូតតួកគី ប្ដេជ្ញាចិត្តធ្វើឱ្យកិច្ចសហប្រតិបត្តិការក្របខណ្ឌក្រសួងមហាផ្ទៃកាន់តែរឹងមាំ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការក្របខណ្ឌក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ កាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

ការប្ដេជ្ញាចិត្តរវាងភាគីទាំងពីរនេះ ធ្វើឡើងក្នុងជំនួប កាលពីរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ដោយភាគីទាំងពីរ បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរកាន់តែទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩។
គួររម្លឹកថា ក្នុងឱកាសសម្ដេចក្រឡាហោម បំពេញទស្សនកិច្ចនៅប្រទេសតួគី កាលពីខែសីហា ឆ្នាំ២០១៩នោះ ក្រសួងមហាផ្ទៃប្រទេសទាំងពីរ បានឯកភាពគ្នាកំណត់យកកិច្ចសហប្រតិបត្តិការចំនួន៤ ជាអាទិ៍ ការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍នៅការពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ការបណ្តុះបណ្តាល និងការលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាល និងការចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំពោះក្នុងជំនួបជាមួយលោកស្រីឯកអគ្គរាជទូត នៅពេលនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់លោក Ali YERLİKAYA រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី ដែលបានផ្ញើលិខិតអបអរសាទរក្នុងឱកាសចូលកាន់មុខតំណែងថ្មីរបស់លោក។ ជាមួយគ្នានេះ លោក ស សុខា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគីចំពោះការប្ដេជ្ញាចិត្ត និងកិច្ចសហការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យជាច្រើន។
ជាកិច្ចឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី។ លោកស្រី ក៏បានជម្រាបនូវការកត់សម្គាល់នូវទំនាក់ទំនងកម្ពុជា និងតួកគី ដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទស្សវត្សចុងក្រោយនេះ ហើយក្នុងនោះ តួកគី ក៏បានបង្កើតឱ្យមានការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខផងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំ និងការប្ដេជ្ញាចិត្តថា នឹងបន្តខិតខំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ