ព័ត៌មានជាតិ
គយ ៖ ១១ខែ ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ មានទំហំជាង ៤២ពាន់លានដុល្លារ ថយចុះជាង ២ភាគរយ
ការដោះដូរទំនិញរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានប្រមាណជាង ៤២ពាន់លានដុល្លារ រយៈពេល ១១ខែ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ២.៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានចំនួនជាង ៤៣ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ប្រភពដដែល បានបង្ហាញថា ចាប់ពីខែ មករា-វិច្ឆិកា ឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ២០.៤ ពាន់លានដុល្លារ កើនឡើង ១.២ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ២២ពាន់លានដុល្លារ ធ្លាក់ចុះ ៥.៤ភាគរយ បើធៀបនឹងឆ្នាំ ២០២២។
អគ្គនាយកដ្ឋានគយ បានបង្ហាញឱ្យដឹងទៀតថា ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ មានទំហំជាង ១១ពាន់លានដុល្លារ រយៈពេល ១១ខែមកនេះ កើនឡើង ៤.៧ភាគរយ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ប្រមាណជាង ៨,៣ពាន់លានដុល្លារ, វៀតណាម នៅលេខរៀងទី៣ មានទំហំ ៥,៨ពាន់លានដុល្លារ បន្ទាប់មកថៃ ៣,៣ពាន់លានដុល្លារ ជប៉ុន ១,៦៣ពាន់ដុល្លារ ឥណ្ឌូណេស៊ី ៩៦៥លានដុល្លារ និងប្រទេសផ្សេងៗមួយចំនួនទៀត។
សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ ស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើង និងទំនិញផ្សេងៗដទៃទៀត។
អ្នកជំនាញសេដ្ឋកិច្ចមើលឃើញថា វិបត្តិសកលដែលកំពុងកើតឡើង មានដូចជា សង្គ្រាមរុស្ស៊ី អ៊ុយក្រែង, សង្រ្គាមអ៊ីស្រាអែល និងហាម៉ាស់ វិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក នឹងធ្វើឱ្យប៉ះពាល់ដល់ការដោះដូរទំនិញរវាងប្រទេស និងប្រទេស។
លោក បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់បានប្រាប់កម្ពុជាថ្មីថា ការនាំចេញទំនិញកម្ពុជា ទៅទីផ្សារអន្តរជាតិ នៅតែបន្តធ្លាក់ចុះក្នុងឆមាសទី២។ លោកបានគូសបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា មិនអាចមានកំណើនទេ ខណៈដែលវិបត្តិសកលនៅតែបន្តកើតមាន, មានន័យថា សេដ្ឋកិច្ច Slow Down។
បើតាមលោកបណ្ឌិ គី សេរីវឌ្ឍន៍ បច្ចុប្បន្នកម្ពុជា មានការប្រកួតប្រជែងជាមួយប្រទេសអ្នកផលិតជាច្រើនទៀត នៅលើសកលលោក ដែលផលិតនាំចេញទៅកាន់ទីផ្សារដូចគ្នា។ ដើម្បីឱ្យមានកំណើននៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ លោកបណ្ឌិត បានលើកជាយោបល់ថា កម្ពុជាត្រូវតែព្យាយាមកាត់បន្ថយថ្លៃដើមឱ្យទាបជាងមុន បន្ធូរបន្ថយពន្ធ ឬលក្ខខណ្ឌណាមួយ ជួយសម្រួលដល់ផលិតកម្ម ដើម្បីជំរុញការនាំចេញឱ្យបានកាន់តែច្រើន។
ទន្ទឹមនឹងនេះ លោកមើលឃើញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ពិតជាមានសារសំខាន់ណាស់។ ប្រសិនបើកម្ពុជា បង្កើនកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផ្សេងៗទៀត ក៏អាចរួមចំណែកជួយជំរុញការនាំចេញទំនិញរបស់កម្ពុជា កាន់តែច្រើនផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ មានចំនួនសរុបជាង ៥២,៤ ពាន់លានដុល្លារ កើនឡើង ៩.២ ភាគរយបើធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួនជាង ៤៨ ពាន់លានដុល្លារ។ ទឹកប្រាក់ដែលកម្ពុជាប្រមូលបានពីការនាំទំនិញទៅទីផ្សារអន្តរជាតិ មានជាង ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦.៤ ភាគរយ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានជិត ៣០ ពាន់លានដុល្លារ កើនឡើង ៤.៣ ភាគរយ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់