ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់នូវការមិនផ្លាស់ប្ដូរនយោបាយការបរទេសកម្ពុជា នៅចំពោះមុខសមភាគីវៀតណាម
នៅចំពោះមុខសមភាគីវៀតណាម, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នូវការមិនផ្លាស់ប្ដូរ នៃនយោបាយការបរទេសរបស់កម្ពុជា នោះគឺបន្តថែរក្សាមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ នេះបើតាមការឲ្យដឹងពីលោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកលើកិច្ចការបរទេស កាលពីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ នៅប្រទេសវៀតណាម។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានមានប្រសាសន៍ថា កម្ពុជា និងវៀតណាម គឺជាប្រទេសជិតខាងនឹងគ្នា ជាមិត្តនឹងគ្នា និងមានទំនាក់ទំនងផ្លូវការនឹងគ្នា ៥៦ឆ្នាំមកហើយ។ ប្រទេសទាំងពីរ យល់ឃើញថា ដើម្បីប្រយោជន៍រៀងៗខ្លួន កម្ពុជា-វៀតណាម ត្រូវតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងដែរថា នៅក្នុងយុទ្ធសាស្រ្ដបញ្ចាកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនោះ អ្វីដែលត្រូវការមុនគេគឺបន្តជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារបន្ថែម ពង្រឹងសមធម៌ ប្រសិទ្ធភាព និងចីរភាព។ ដូច្នេះហើយ កម្ពុជា ត្រូវតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចប្រទេស នៅក្នុងសុខសន្តិភាព ជាមួយបណ្ដាប្រទេសជិតខាង នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់សមភាគីវៀតណាម គឺលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាមថា នយោបាយការបរទេសកម្ពុជា នោះគឺបន្តថែរក្សាមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឲ្យដឹងបែបនេះថា «នៅលើវិស័យនយោបាយ សម្ដេចធិបតី បញ្ជាក់នូវការមិនផ្លាស់ប្ដូរ នៃនយោបាយការបរទេសរបស់កម្ពុជា នៅចំពោះមុខវៀតណាម នោះគឺបន្តថែរក្សាមិត្តភាព មិត្តភាពជាប្រពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងគ្នា និងគ្នា»។
សូមជម្រាបថា នៅក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី ១ ក្នុងនាមនាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម ព្រមទាំងបានសម្តែងការអបអរសាទរ ចំពោះជោគជ័យនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាចំពោះសម្តេចធិបតីផ្ទាល់ ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី ៤៤ អាណត្តិទី ៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រីវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី ១ របស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នៅប្រទេសវៀតណាម នាឱកាសនេះ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង