ព័ត៌មានជាតិ
ក្រុមអាជីវករ លក់ដូរតាមរបងមន្ទីរពេទ្យកុមារជាតិ ស្នើអាជ្ញាធរជួយរកទីតាំងថ្មី ខណៈត្រូវរុះរើចេញក្នុងរយៈពេល ៧ថ្ងៃ
ក្រុមអាជីវករ អ្នកលក់ដូរ នៅតាមរបងមន្ទីរពេទ្យកុមារជាតិ បានស្នើឲ្យអាជ្ញាធរខណ្ឌទួលគោក ជួយរកទីតាំងលក់ដូរថ្មីណាមួយជូនពួកគាត់ ខណៈអាជ្ញាធរបានតម្រូវឱ្យរុះរើចេញ ក្នុងរយៈពេលត្រឹមតែ ៧ថ្ងៃ ជាកំហិត។
អ្នកស្រី សុន ស្រីឡូត អាជីវករលក់បាយតាមរបងមន្ទីរពេទ្យកុមារជាតិ បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា អ្នកស្រី មិនដឹងថាទៅលក់នៅទីណាបន្តទៀតនោះទេ ខណៈដែរអាជ្ញាធរខណ្ឌទួលគោកតម្រូវឱ្យគ្រប់អាជីវករ ដែលនៅជុំវិញបរិវេណរបងមន្ទីរពេទ្យកុមារជាតិ ត្រូវតែរុះរើចេញជាបន្ទាន់ក្នុងរយៈពេល ៧ថ្ងៃ តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទួកគោក ត្បិតខាងអាជ្ញាធរ ក៏បានឡើងថា ការលក់ដូររបស់ក្រុមអាជីវករនៅទីនេះ បង្កឲ្យមានការកកស្ទះចរាចរណ៍ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិនេះ កន្លងមក។
អ្នកស្រី បន្ថែមថា អ្នកស្រី និងស្វាមី បានមកលក់ដូរនៅក្បែររបងមន្ទីរពេទ្យកុមារជាតិនេះ រយៈពេល ៥ឆ្នាំមកហើយ ដោយគ្រាន់តែបង់ថ្លៃសណ្ដាប់ធ្នាប់ និងអនាម័យ ក្នុងមួយថ្ងៃ ១០០០រៀល តែប៉ុណ្ណោះ។ អ្នកស្រី បន្តថា បន្ទាប់ពីរុះរើចេញពីទីនេះ អ្នកស្រី និងស្វាមី ប្រហែលជាអាចទិញរ៉ឺម៉ក ១គ្រឿង ដើម្បីជិះចល័តដើរលក់បាយតាមដែលអាចធ្វើទៅបាន។ ដោយមិនមានប្រាក់សម្រាប់ការជួលតុប ឬកន្លែងលក់ថ្មី។ អ្នកស្រី សុន ស្រីឡូត ក៏បានស្នើសុំអាជ្ញាធរខណ្ឌទួលគោក សូមមេត្តាជួយស្វែងរកទីតាំង ឬកន្លែងលក់ថ្មី ជូនដល់ក្រុមអាជីវករដែលត្រូវរុះរើចេញ ទាំងអស់នេះផង។
ចំណែក អ្នកស្រី សុខ ស្រីរ័ត្ន ម្ចាស់តូបលក់កាហ្វេ និងភេសជ្ជៈតូចមួយ នៅក្បែររបងមន្ទីរពេទ្យកុមារជាតិ ក៏បានប្រាប់ឱ្យកម្ពុជាថ្មី ដឹងដូចគ្នាដែរថា អ្នកស្រី និងស្វាមី បានបើកតូបលក់កាហ្វេ និងភេសជ្ជៈ នៅបរិវេណមន្ទីរពេទ្យកុមារជាតិ ក្នុងរយៈពេលជិត ៦ឆ្នាំ មកហើយ។
អ្នកស្រី បន្ថែមថា អ្នកស្រី គ្មានមុខរបរអ្វីធំដុំក្រៅពីការបើកតូបតូចមួយ ដើម្បីលក់កាហ្វេ និងភេសជ្ជៈផ្សេងៗ ពីព្រោះត្រូវចិញ្ចឹមកូន ៣នាក់ ដែលសុទ្ធសឹងតែស្ថិតនៅក្នុងបន្ទុក និងត្រូវចំណាយដល់ការសិក្សារៀនសូត្រទាំងអស់ ទៀតផង។
អ្នកស្រី សុខ ស្រីរ័ត្ន មិនខុសពីអាជីវករដទៃទៀតដែរ អ្នកស្រី ចង់ឱ្យអាជ្ងាធរខណ្ឌទួលគោក សូមជួយស្វែងរកទីតាំង និងកន្លែងលក់ដូរណាមួយគួរសម សម្រាប់ឱ្យក្រុមអាជីវករទាំងបានលក់ដូរចិញ្ចឹមជីវិត និងការចំណាយលើការសិក្សាកូនៗ របស់ពួកគាត់ បន្តទៅទៀត។
ជាមួយគ្នានេះដែរ លោក សុទ្ធ វាសនា ម្ចាស់រ៉ឺម៉កលក់នំប៉ុងទួគី គឹម សៀក ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដែរថា សម្រាប់លោកផ្ទាល់ អាចថាខុសពីអាជីរករដទៃបន្តិចត្រង់ថាលោក បើកលក់នំប៉ុង ត្រឹមជារ៉ឺម៉កចល័តតែប៉ុណ្ណោះ ដោយលោកបើកចល័តទៅលក់បន្ត នៅទីណាក៏បានដែរ។
ប៉ុន្តែអ្វីដែល លោក សុទ្ធ វាសនា សោកស្ដាយនោះ គឺគ្រាន់តែត្រូវបាត់បង់អតិថិជន ដែលនិយមមកទិញនំប៉ុង របស់លោកនៅក្បែររបងមន្ទីរពេទ្យកុមារជាតិ ជារៀងរាល់ថ្ងៃ តែប៉ុណ្ណោះ។ លោក សុទ្ធ វាសនា បានបន្ថែមថា លោកនឹងចូលរួមជាមួយអាជ្ញាធរខណ្ឌទួលគោក តាមសេចក្ដីជូនដំណឹងកាលពីពេលថ្មីៗនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមផ្លូវជុំវិញបរិវេណមន្ទីរពេទ្យកុមារជាតិនេះ។
គួរបញ្ជាក់ថា តាមរយៈសេចក្ដីជូនដំណឹងមួយរបស់ រដ្ឋបាលខណ្ឌទួលគោក កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ បានតម្រូវឱ្យម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ តាមរបងមន្ទីរពេទ្យកុមារជាតិ ត្រូវតែរុះរើចេញក្នុងរយៈពេល ៧ថ្ងៃ ជាកហិត។ ចំណាត់ការនេះ ធ្វើឡើងក្នុងគោលបំណងរក្សាបានរបៀបរៀបរយ បញ្ចៀសបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍៕
អត្ថបទ ៖ សួស សិត
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់