ព័ត៌មានជាតិ
ជិតបញ្ចប់ទាំងស្រុង ការស្ថាបនាផ្លូវវាងចំណុចបាក់ស្រុតនៅលើកំណាត់ផ្លូវជាតិលេខ ៧៦
ផ្លូវវាងប្រវែងប្រមាណ ១០០០ម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយចន្លោះ PK94+080 – PK94+150 ដែលរអិលបាក់កាលពីខែសីហា ឆ្នាំ២០២៣ គ្រោងបញ្ចប់ការស្ថាបនាទាំងស្រុងនៅចុងខែធ្នូ ឆ្នាំ២០២៣។
កំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុតប្រមាណ ១៦៦ ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះ PK94+080 – PK94+150 កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នកាលពី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ កំពុងត្រូវបានបន្តការស្ថាបនាផ្លូវវាង ប្រមាណ ១០០០ម៉ែត្រ និងគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងខែធ្នូ ឆ្នាំ២០២៣ នេះហើយ។
ផ្លូវជាតិលេខ៧៦ (ស្នួល -សែនមនោរម្យ) មានប្រវែង ១២៧គ.ម ជាប្រភេទផ្លូវ DBST បានចាប់ផ្ដើមការស្ថាបនា នៅក្នុងខែកុម្ភៈ ឆ្នាំ២០០៧ និងបញ្ចប់ការស្ថាបនា នៅក្នុងខែមីនា ឆ្នាំ២០១១ ដែលចំណាយថវិកាសាងសង់ចំនួន ៥១ ៩០០ ០០០ ដុល្លារអាមេរិក។ ផ្លូវនេះបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២។
គិតចាប់ពីពេលស្ថាបនារួចមក មានរយៈពេលជាង១២ឆ្នាំ ផ្លូវជាតិលេខ៧៦នេះ មិនធ្លាប់មានការខូចខាតដែលតម្រូវឱ្យមានការជួសជុលម្តងណាទេ ហើយតែងតែទទួលបានការថែទាំជាប្រចាំរហូតមកដោយមន្ទីរជំនាញ។
គួរម្លឹកផងដែរថា នៅយប់ថ្ងៃទី០១ សីហា ២០២៣ កំណាត់ផ្លូវជាតិខាងលើនៅត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដោយសារការរអិលបាក់ដីចន្លោះ PK94+080 – PK94+150 និងបន្តមានស្នាមប្រេះបន្ថែមនៅថ្ងៃបន្ទាប់ ដែលសរុបការខូចខាតមានប្រវែង ១៦៦ ម៉ែត្រ (រអិលបាក់ដី ៧០ ម និងស្នាមប្រេះ ៩៦ម)។
កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អាណត្តិទី ៦ បានដឹកនាំគណៈប្រតិភូក្រសួងដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អាណត្តិទី៧ ចុះពិនិត្យស្ថានភាពនិងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែមលើទីតាំងបាក់ស្រុត និងការស្ថាបនាផ្លូវវាងប្រវែង ១ ០០០ម៉ែត្រ ដោយមានការឈូសឆាយចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ដើម្បីភ្ជាប់ចរាចរណ៍ឡើងវិញ ដោយធានាគុណភាពស្របតាមបទដ្ឋាន និងផ្តល់នូវសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក៏ដូចជាភ្ញៀវទេសចរទាំងអស់៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន