ព័ត៌មានជាតិ
អ្វីទៅជាការវិនិយោគសេដ្ឋកិច្ចបៃតង តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ?
រដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយគាំទ្រគម្រោងវិនិយោគដោយផ្សារភ្ជាប់ការគិតគូរដល់កិច្ចការពារបរិស្ថាន។
នៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រមុខថ្នាក់ដឹកនាំកម្ពុជាក៏បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតដោយធ្យូងថ្មអានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយជំរុញឲ្យក្រុមហ៊ុនវិនិយោគពិនិត្យលទ្ធភាពប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតដោយធ្យូងថ្មទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។
តើអ្វីទៅជាការវិនិយោគសេដ្ឋកិច្ចបៃតង? តើកម្ពុជាទទួលបានបានផលចំណេញអ្វីខ្លះ?
លោក សេង ស៊ុនលី ប្រធានស្តីទីនាយកដ្ឋានវិភាគយុទ្ធសាស្ត្រនៃការវិនិយោគឯកជនបានឲ្យកម្ពុជាថ្មីដឹងថា មែនទែនទៅការវិនិយោគសេដ្ឋកិច្ចបៃតងនៅជាប្រធានបទនៃការពិភាក្សាជាហូរហែនៅក្នុងសហគមន៍អន្តរជាតិ ដោយមានការផ្តល់និយមន័យផ្សេងៗគ្នា ពុំទាន់មានការឯកភាពទៅលើនិយមន័យជាក់លាក់នៅឡើយ។
ជាក់ស្តែងបើតាមការឱ្យនិយមន័យពីស្ថាប័នអន្តរជាតិមួយចំនួន ការវិនិយោគបៃតងសំដៅលើការវិនិយោគដែលមានខ្សែច្រវាក់ផលិតកម្មឬផលិតទំនិញ ដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងការបំពុលបរិយាកាស។
លោកថា ធាតុផ្សំសំខាន់ៗនៃការវិនិយោគបៃតងរួមមាន ការប្រើប្រាស់ឬផ្គត់ផ្គង់ថាមពលដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច សន្សំសំចៃថាមពល ព្រមទាំងការចាប់យកនិងរក្សាទុកឧស្ម័នកាបូនឌីអុកស៊ីតពីក្នុងបរិយាកាស។
លោកបានលើកឧទាហរណ៍យ៉ាងដូច្នេះថា «យើងអាចសម្គាល់ការវិនិយោគបៃតង នៅក្នុងសកម្មភាពផលិតកម្មមួយចំនួនដូចជា រោងចក្រផលិតអគ្គិសនីដែលប្រើថាមពលស្អាត ឬថាមពលកកើតឡើងវិញ (ដូចជារោងចក្រថាមពលជីវម៉ាស់ វារីអគ្គិសនី កសិដ្ឋានផលិតថាមពលដើរដោយពន្លឹអាទិត្យ ឬកម្លាំងខ្យល់ ជាដើម) រោងចក្រផលិតយានយន្តអគ្គិសនី រោងចក្រកែច្នៃសំណល់ និងសកម្មភាពអាជីវកម្មផ្សេងៗទៀត ដែលគិតគូរលើចីរភាពបរិស្ថាន ដូចជា ការអភិរក្សជីវចម្រុះ ការដាំដើមឈើ និងវិស័យបច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាដើម។
តើការវិនិយោគបៃតងចូលរួមយ៉ាងណាខ្លះ សម្រាប់កាត់បន្ថយការបម្រែបម្រួលអាកាសធាតុ?
បើតាមអ្នកជំនាញរូបនេះ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង បច្ចេកវិទ្យាបៃតង ថាមពលបៃតង ការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ ដែលការវិនិយោគទាំងអស់នេះសុទ្ធតែអាចចូលរួមកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើមផលិតផល និងសេវាកម្ម ដែលបញ្ចេញឧស្ម័នកាបូនិកច្រើន និងការបង្កើនការប្រើប្រាស់ផលិតផល ឬសេវាកម្មដែលពុំបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន។ តួយ៉ាង ការវិនិយោគលើថាមពលស្អាត ដូចជាប្រភពអគ្គិសនីប្រើជីវម៉ាស់ និងប្រភពអគ្គិសនីប្រើពន្លឺព្រះអាទិត្យជាដើម អាចជួយឱ្យប្រទេសមួយចំនួនលែងសូវពឹងផ្អែកខ្លាំងឬលុបចោលតែម្តងនូវការប្រើប្រាស់ប្រភពអគ្គិសនីពីការដុតធ្យូងថ្ម ឬផូស៊ីលឥន្ធនៈ ដែលប្រភពអគ្គិសនីបែបនេះមានបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ព្រោះបញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន ដូចជាកាបូនឌីអុកស៊ីត និងនីត្រាត-អុកស៊ីដ ដែលឧស្ម័នទាំងនេះគ្របដណ្តប់ផែនដី និងចាប់កម្តៅព្រះអាទិត្យឱ្យនៅផែនដី ដែលជាហេតុធ្វើឱ្យមានកើនឡើងនូវកម្តៅផែនដី និងការប្រែប្រួលអាកាសធាតុ។
ថ្លែងនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី ១០ ស្តីពី «ហានិភ័យអាកាសធាតុ និងអន្តរការឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង» លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលបញ្ចេញឧស្ម័នកាបូនទាប ប៉ុន្តែជាប្រទេសមួយដែលងាយរងគ្រោះនឹងការប្រែប្រួលអាកាសធាតុជាពិសេសតាមរយៈវិស័យកសិកម្ម។
គ្រោះមហន្តរាយបានកើតចេញឡើងជាបន្តបន្ទាប់ ដោយសារការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ដែលកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ព្រមទាំងបានបង្កជាវិបត្តិសុខភាព ស្បៀងអាហារ ការបាត់បង់អាយុជីវិត និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបង្កហានិភ័យជារូបវ័ន្តប៉ុណ្ណោះទេ (physical risks) ថែមទាំងទៅលើសេដ្ឋកិច្ចនិង សង្គមទាំងមូល ដោយគ្មានព្រំដែន តាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ អតិផរណា អត្រាការប្រាក់ ភាពអត់ការងារធ្វើ រហូតដល់អស្ថិរភាពហិរញ្ញវត្ថុសេដ្ឋកិច្ចនិងសង្គមទាំងមូល។
លោកស្រីបន្តថា ដោយសារអព្យាក្រឹតកាបូន តម្រូវឱ្យមានការផ្លាស់ប្ដូរដំណើរការនៃសេដ្ឋកិច្ចនិងសង្គមដែលចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មនៅក្នុងសតវត្សរ៍ទី ១៩ មក សេដ្ឋកិច្ចពិភពលោកបានពឹងផ្អែកយ៉ាងខ្លាំងទៅលើថាមពលហ្វូស៊ីលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងបច្ចេកទេស។ ក្នុងន័យនេះគេចាំបាច់ត្រូវការហិរញ្ញប្បទានសន្ធឹកសន្ធាប់ ដើម្បីវិនិយោគទៅលើការផលិតថាមពលស្អាត និងបច្ចេកវិទ្យា ដែលមិនបំភាយឧស្ម័នកាបូន ការអភិវឌ្ឍសេដ្ឋកិច្ចដោយគិតគូរដល់បរិស្ថាន និងរក្សាបាននូវគម្របព្រៃឈើដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកឧស្ម័នកាបូន ទន្ទឹមនឹងការអភិវឌ្ឍជំនាញយុវជនស្របតាម ការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង ក៏ដូចជាស្មារតីភ្ញាក់រឭករបស់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិកនិងវត្ថុធាតុដើមផ្សេងទៀត ដែលមានលក្ខណៈបំពុលបរិស្ថានខ្លាំង។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិកម្ពុជា
លោកស្រីបានបញ្ជាក់ថា ប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់និងគ្រប់គ្រងផលវិបាកកើតចេញពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពគោលនយោបាយផ្សេងទៀតដូចដែលបានឆ្លុះបញ្ចាំងក្នុង “ផែនការយុទ្ធសាស្ត ប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣”, “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” និង “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨” សំដៅកាត់បន្ថយផលប៉ះពាល់ លើកកម្ពស់ការសម្របខ្លួន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាទៅនឹងការប្រែប្រួល អាកាសធាតុ។
យ៉ាងណាមិញ បើតាមលោកស្រី ជា សិរី ការរួមបញ្ចូលគោលនយោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតងទៅក្នុងចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ទាមទារនូវការប្ដេជ្ញាខ្ពស់និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងចាប់ពីពេលនេះតទៅ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការសម្រេចបានអព្យាក្រឹតកាបូននិងការប្រែក្លាយកម្ពុជាទៅជាប្រទេសអភិវឌ្ឍន៍ដែលមានភាពធន់ តម្រូវឱ្យមានការតម្រង់ទិសគោលនយោបាយ និងការអនុវត្តផែនការសកម្មភាពជាប់ជាប្រចាំ។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធន Total energy
ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធន Total energy កាលពីពេលថ្មីៗនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានស្នើដល់ក្រុមហ៊ុនចាំបាច់ត្រូវតែគោរពតាមស្តង់ដារសុវត្ថិភាពបរិស្ថាន ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការបញ្ចេញឧស្ម័នដែលបានមកពីចំហេះប្រេងឥន្ធនៈទៅក្នុងបរិយាកាស និងសុខភាពរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ