ព័ត៌មានជាតិ
កម្ពុជា បង្ហាញផលិតផលខ្មែរទៅកាន់ប្រទេសចំនួន១៧ នៅក្នុងពិព័រណ៍ទំនិញនាំចេញ-នាំចូល
កម្ពុជា បានបង្ហាញផលិតផលខ្មែរទៅកាន់ប្រទេសចំនួន១៧ នៅក្នុងពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នៅកោះពេជ្រ។

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិប្រចាំ ឆ្នាំរៀបចំដោយក្រសួងពាណិជ្ជកម្ម បានចំនួន ១៥ លើក រួចមកហើយ ចាប់តាំងពីការរៀបចំជាលើកដំបូង នៅឆ្នាំ២០០៦ កន្លងមក និងមានការចូលរួមគាំទ្រដោយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ។
ព្រឹត្តិការណ៍នេះ បានរួមចំណែកជួយផ្សព្វផ្សាយពីសភាពការណ៍ពិតជាក់ស្តែង នៃសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងបង្ហាញពីបរិយាកាសធុរកិច្ច វិនិយោគ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេស បានរួមចំណែកអនុវត្តគោលនយោបាយវិត្ថារកម្មរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ សំដៅជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាបន្ន និងសមធម៌។
តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ បានផ្តល់ឱកាសដល់ធុរជនកម្ពុជា និងបរទេសបានជួបពិភាក្សាគ្នា ដោយផ្ទាល់លើកិច្ចការពាណិជ្ជកម្ម និងវិនិយោគ ដើម្បីជំរុញការធ្វើធុរកិច្ច និងវិនិយោគ ទៅវិញទៅមកក្នុងក្របខណ្ឌផ្ទៃក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកផងដែរ។

លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ថ្លែងនៅក្នុងពិធីបើកពិព័រណ៍នាព្រឹកថ្ងៃទី ១៥ ធ្នូថា បច្ចុប្បន្ននេះ វិស័យពាណិជ្ជកម្មបានក្លាយជាសរសៃឈាម ដែលជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញ ទៅមកនៅក្នុងតំបន់ និងក្នុងសកលលោក។ ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាថ្ងៃនេះ មិនគ្រាន់តែជាការតាំងបង្ហាញផលិតផលប៉ុណ្ណោះទេ តែវាគឺជាការ អបអរសាទរ នៃស្មារតីសហគ្រិនភាព ភាពធន់នៃអាជីវកម្ម និងជាសក្ខីភាព នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងការបង្កើតឱកាសលើការរកដៃគូវិនិយោគសម្រាប់កំណើន និងវិបុលភាពសង្គម។
ព្រឹត្តិការណ៍ពិព័រណ៍នេះ មានការគាំទ្រ និងចូលរួមពីប្រទេសជាមិត្តចំនួន១៧ប្រទេស មានដូចជា ឥណ្ឌូនេស៊ី, ភូមា ហ្វីលីពីន ថៃឡង់ដ៍ វៀតណាម ឡាវ ម៉ាឡេស៊ី ចិន សាធារណរដ្ឋកូរ៉េ ប៉ាគីស្ថាន ឥណ្ឌា តួកគី ជប៉ុន ញូស៊ីឡេន អូស្ត្រាលី បារាំង អាល្លឺម៉ង់ ព្រមទាំងវិស័យ សាធារណៈ និងឯកជន ក្នុងស្រុក ដូចជា មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្ម អង្គការ សមាគម ជាដើម។ សម្រាប់ក្រុមហ៊ុន និងសហគ្រាសចូលរួមសរុបចំនួន ១៣៦ក្រុមហ៊ុន/សហគ្រាស (ក្នុងនោះក្រុមហ៊ុនក្នុងស្រុកចំនួន ៨៦) និងមានស្តង់សរុបចំនួន ២៣២ស្តង់ (ស្តង់ក្នុងស្រុកចំនួន ១៦៤ស្តង់)។

ក្រៅពីនេះ នៅមានស្តង់តាំងបង្ហាញផលិតផលខ្មែរសំខាន់ៗជាច្រើនទៀតដូចជា៖ ផលិតផលកសិកម្ម កសិ-ពាណិជ្ជកម្ម ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ(GI) រួមមាន ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ អំបិលកំពត-កែប ក្រូចថ្លុងកោះទ្រង់ បង្កងតាកែវ ទឹកត្រីកំពត-កែប និងទឹកឃ្មុំព្រៃមណ្ឌលគិរី អង្ករ ស្វាយចន្ទី ផលិតផលសូត្រ និងការកែច្នៃ ផលិតផលហាឡាលកម្ពុជា ផលិតផលម្រេចនិងគ្រឿងទេសកម្ពុជា គ្រឿងឧបភោគ-បរិភោគ ផលិតផលម្ហូបអាហារនិងភេសជ្ជៈ គ្រឿងសម្អាង និងតុបតែងកាយ រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈធ្វើដំណើរ គ្រឿងអលង្ការនិងត្បូងថ្មមានតម្លៃ គ្រឿង អេឡិចត្រូនិក សម្លៀកបំពាក់និងស្បែកជើង វត្ថុអនុស្សាវរីយ៍ និងទំនិញប្រើប្រាស់ទូទៅមកពីបរទេស ជាដើម។
ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញកំណើនវិស័យ ពាណិជ្ជកម្ម ដោយបានកែប្រែបញ្ហាប្រឈម ឱ្យទៅជាឱកាសតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ផ្នែក ការកាត់បន្ថយចំណាយ និងការពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ ក្រសួងបានចូលរួមជំរុញឱ្យមានកំណើននៃការនាំចេញតាមរយៈការប្រើប្រាស់ទីផ្សារ អនុគ្រោះដែលមានស្រាប់ និងការធ្វើពិពិធកម្មទីផ្សារបន្ថែមដូចជា តាមរយៈការចរចាកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កម្ពុជា-សាធារណរដ្ឋកូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាមួយដៃគូពាណិជ្ជកម្មជាច្រើនទៀត ដែលធ្វើឱ្យទីផ្សារទំនិញ សេវាកម្ម និងវិនិយោគរបស់កម្ពុជា កាន់តែទូលំទូលាយ៕



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា