ព័ត៌មានជាតិ
មន្ត្រីជំនាញ លើកឡើងកត្តាមួយចំនួន នាំឲ្យភាពយន្តខ្មែរផលិតពុំមានគុណភាពល្អដូចភាពយន្តនាំចូលពីបរទេស
ទោះបីជាបច្ចុប្បន្នស្ថានភាពឧស្សាហកម្មភាពយន្តខ្មែរហាក់មានភាពល្អប្រសើរ តែបើពិនិត្យលើផលិតផលស្នាដៃភាពយន្តក្នុងស្រុកឃើញនៅមានចំណុចខ្វះខាតមួយចំនួន បើប្រៀបធៀបនឹងភាពយន្តបរទេសនាំចូល ពិសេសលើបញ្ហាគុណភាពភាពយន្ត។

តើអ្វីដែលជាមូលហេតុចម្បងធ្វើឲ្យភាពយន្តក្នុងស្រុកពុំអាចផលិតបានដោយមានគុណភាពល្អគ្រប់គ្រាន់?
នៅក្នុងសិក្ខាសាលាស្តីពី “ការលើកកម្ពស់គុណភាពភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស”កាលពីថ្ងៃទី ១៤ ធ្នូ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានពន្យល់ថា មានកត្តាមួយចំនួននាំឲ្យភាពយន្តក្នុងស្រុកពុំអាចផលិតបានដោយមានគុណភាពល្អគ្រប់គ្រាន់ដូចភាពយន្តនាំចូលពីបរទេសរួមមានកត្តាធនធានមនុស្ស កត្តាសម្ភារៈបច្ចេកទេស កត្តាដើមទុន នៃការផលិត ការប្រកួតប្រជែងពីសំណាក់ភាពយន្តបរទេសដែលនាំចូល កត្តាទីផ្សារតូចចង្អៀត ព្រមទាំងកត្តាទំនាក់ទំនង រដ្ឋបាលផ្ទៃក្នុងមិនទាន់មានភាពល្អប្រសើរ គឺជាឧបសគ្គយ៉ាងចម្បងក្នុងការរារាំងដល់ដំណើរការរីកចម្រើន នៃវិស័យភាពយន្តកម្ពុជា។ លោកបន្តថា កត្តាទាំងនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គុណភាពភាពយន្តកម្ពុជា ដើម្បីឲ្យមានឧត្ដមភាពប្រកួតប្រជែងជាមួយភាពយន្តបរទេស និងពិសេស ដើម្បីឈានជើងទៅកាន់ទីផ្សារភាពយន្តនៅក្រៅប្រទេស។

លោកបានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែកឯកជន ទាំងស្ថាប័នរដ្ឋ រួមគ្នាជជែក ពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ដោយស្មារតីឆន្ទៈម្ចាស់ការ ជំរុញលើកកម្ពស់គុណភាពភាពយន្តរបស់យើង។
យ៉ាងណាក៏ដោយ លោកបានលើកឡើងថា បន្ទាប់ពីឆ្លងកាត់ដំណាក់កាលជំងឺកូវីដ-១៩ ដែលជាដំណាក់កាលដ៏លំបាក ពោលគឺនៅក្នុងឆ្នាំ ២០២២ និង ២០២៣ ចំនួន នៃការផលិតភាពយន្តរបស់ផលិតករក្នុងស្រុក មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយមានចំនួនប្រហាក់ប្រហែលទៅបរិមាណផលិតមុនដំណាក់កាលកូវីដ-១៩ គឺមានចន្លោះពី ២០ ទៅ ៣០ ស្នាដៃ ក្នុង ១ ឆ្នាំ ដើម្បីចាក់បញ្ចាំងតាមបណ្តារោងភាពយន្ត។ ជាមួយគ្នានេះ ការផលិតភាពយន្តភាគសម្រាប់ចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ ក៏មានចំនួនប្រហាក់ប្រហែលនឹងឆ្នាំ ២០១៩ គឺប្រមាណជាង ២,០០០ ភាគ ឬស្មើនឹង ជាង ១៤០០ ម៉ោង។
លោកបានបន្ថែមទៀតថា ចំណែកចំនួនរោងភាពយន្ត ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដែលក្នុងឆ្នាំ ២០២៣ នេះ រោងភាពយន្តមានប្រមាណ ២៥ រោង នៅទូទាំងប្រទេស និងមានបន្ទប់បញ្ចាំង ចំនួន ១១៤ បន្ទប់បញ្ចាំង ឬស្មើនឹង ១៨៩០០ កៅអី ជាមួយចំនួនអ្នកទស្សនាភាពយន្តនៅតាមរោងភាពយន្តស្ថិតក្នុងចំនួនប្រហាក់ប្រហែលនឹងជាង ៣ លាន។
លោកបានបញ្ជាក់ថា ទន្ទឹមនឹងការកើនឡើង នៃចំនួនរោងភាពយន្ត ក៏ដូចជាចំនួនទស្សនិកជន យើងក៏ពិនិត្យឃើញមានកំណើន នៃភាពយន្តបរទេសនាំចូលជាច្រើនដែលបានបកប្រែបញ្ចូលសំឡេងជាភាសាខ្មែរ ហើយចាក់បញ្ចាំងតាមរោងភាពយន្តនានា មានការកើនឡើងផងដែរ។
លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានមានប្រសាសន៍ដែរថា ក្នុងរយៈកាលជាង ៣ ទស្សវត្សចុងក្រោយនេះ ឧស្សាហកម្មភាពយន្តកម្ពុជា មានការវិវត្តន៍ប្រែប្រួលផ្លាស់ប្ដូរជាបន្តបន្ទាប់ស្របតាមការវិវត្តន៍របស់សង្គម និងបច្ចេកវិទ្យា តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺ វដ្ត នៃការចាប់កំណើត និងការដួលរលំ នៃឧស្សាហកម្មភាពយន្តក្នុងស្រុកជាច្រើនលើកច្រើនសា។

លោកបានបន្តទៀតថា «ជាការពិតណាស់ យើងមិនអាចដាក់ចេញនូវវិធានការណាមួយដែលរារាំងដល់ការបង្កើតថ្មីការបញ្ចេញនូវមតិយោបល់តាមរយៈការផលិត ឬការដាក់វិធានដើម្បីទប់ស្កាត់ រឹតត្បិត និងហាមឃាត់ផលិតផលភាពយន្តបរទេសមិនឲ្យនាំចូលដើម្បីតែការរស់រានរបស់ផលិតករភាពយន្តក្នុងស្រុកបាននោះទេ ព្រោះការធ្វើបែបនេះ នឹងប៉ះពាល់ខ្លាំងទៅដល់ឧស្សាហកម្មភាពយន្តទាំងមូល ហើយក៏ប៉ះពាល់ដល់ការអនុវត្តនានាក្នុងក្របខណ្ឌ នៃយន្តការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ព្រមទាំងក្របខណ្ឌផ្សេងៗ ទៀត ក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ»។
លោកបានណែនាំថា ដើម្បីទ្រទ្រង់ឲ្យឧស្សាហកម្មភាពយន្តកម្ពុជាមានការវិវត្តន៍រីកចម្រើនប្រកបដោយថាមពល និងមាននិរន្តរភាព គប្បីមានការគិតគូរគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ព្រមទាំងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាបន្ត ជំរុញ គាំពារ និងលើកទឹកចិត្តបន្ថែមទៀតដល់ផលិតករ និងវិស័យឯកជនផ្នែកវិស័យភាពយន្ត ទាំងការសម្របសម្រួលលើបទដ្ឋានគតិយុត្តិ ការសម្រួលលើការថតតាមទីតាំងសាធារណៈរបស់រដ្ឋ និងការអនុគ្រោះព្យួរទុកការអនុវត្តកាតព្វកិច្ចពន្ធដារផ្សេងៗ ដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើការលើកកម្ពស់គុណភាព នៃការផលិតរបស់ផលិតករភាពយន្តក្នុងស្រុក ដើម្បីឧត្តមភាព នៃការប្រកួតប្រជែង និងពង្រីកទីផ្សារភាពយន្តទៅក្រៅប្រទេស៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?