ព័ត៌មានជាតិ
រដ្ឋបាលខេត្តច្រានចោលការចោទប្រកាន់ប្រព្រឹត្តិអំពើពុករលួយការដេញថ្លៃភាស៊ីចំណតរថយន្តនៅក្រុងស្ទឹងត្រែង
ក្រោយកើតមានភាពចម្រូងចម្រាសលើការដេញថ្លៃភាស៊ីចំណតរថយន្តនៅក្រុងស្ទឹងត្រែង ដោយមានការចោទប្រកាន់ពាក់ព័ន្ធការឃុបឃិតគ្នាដោយប្រើប្រាស់អំណាចសាធារណៈដោយបំពាន និងស៊ីសំណូកសូកប៉ាន់ មន្រ្តីរដ្ឋបាលខេត្តស្ទឹងត្រែងបានឆ្លើយតបច្រានចោលការចោទប្រកាន់ និងបានបកស្រាយបំភ្លឺជុំវិញករណីនេះ។
ផ្តល់បទសម្ភាសន៍ដល់កម្ពុជាថ្មីនៅព្រឹកនេះតាមទូរសព្ទ លោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានគូសបញ្ជាក់ថា ករណីនេះពាក់ព័ន្ធដំណើររឿងចំនួនពីរ។ ទីមួយគឺការដេញថ្លៃភាស៊ីកំពង់ចម្លងមួយនៅស្រុកសៀមបូក និងការដេញថ្លៃភាស៊ីចំណតរថយន្តនៅក្រុងស្ទឹងត្រែង។
លោក ម៉ែន គុង បានបញ្ជាក់ថា ជារួមការដេញថ្លៃភាស៊ីសម្រាប់កំពង់ចម្លងនៅឃុំមួយនៅស្រុកសៀមបូក មានបេក្ខជនតែម្នាក់។ ចំណែកការដេញថ្លៃភាស៊ីចំណតរថយន្តនៅក្រុងស្ទឹងត្រែងមានបេក្ខជន ៥ នាក់ ក្នុងនោះមានបេក្ខជន ៤ នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរួមដំណើរការដេញថ្លៃ។
ដោយឡែកបេក្ខជនឈ្មោះ ជា គួង មានកាតព្វកិច្ចមួយចំនួនមិនទាន់ដោះស្រាយចប់សព្វគ្រប់ជាមួយអាជ្ញាធរខេត្តពាក់ព័ន្ធទីសត្តឃាត ដែលក្រសួងសេដ្ឋកិច្ចបានសម្រេចគោលការណ៍មិនអនុញ្ញាតិឲ្យប្រើប្រាស់ទីតាំងសត្វឃាតថ្មីនិងតម្រូវប្រគល់ឲ្យខេត្តវិញ ហើយគាត់មិនទាន់ដោះស្រាយកាតព្វកិច្ចចប់សព្វគ្រប់។ ទីពីរគាត់មានសាវតាពាក់ព័ន្ធការងារគ្រប់គ្រងប្រមូលសំរាម ដែលគាត់ជាភ្នាក់ងារប្រមូលសំរាមកន្លងមកនៅក្រុងស្ទឹងត្រែង។ គាត់អនុវត្តមិនស្របតាមគោលការណ៍ និងស្នើសុំឲ្យអនុវត្តទៅតាមនីតីវិធីរបស់រដ្ឋបាលក្រុងស្ទឹងត្រែង។
លោកថា ពីរលក្ខខណ្ឌហ្នឹងហើយដែលមានបញ្ហាពាក់ព័ន្ធដល់សិទ្ធិចូលរួមរបស់បេក្ខជនឈ្មោះ ជា គួង សម្រាប់ការដាក់ពាក្យដេញថ្លៃភាស៊ីអាជីវកម្មនៅចំណតក្រុងស្ទឹងត្រែង។ ដូច្នេះការសម្រេចរបស់គណៈកម្មការ គាត់មិនមានលក្ខខណៈសម្បត្តិគ្រប់គ្រាន់ និងណាមួយជាប់កាតព្វកិច្ចមិនទាន់ដោះស្រាយបញ្ចប់ទើបមិនអាចចូលរួមដេញថ្លៃបាន។
លោកបន្តថា ការដេញថ្លៃមានគណៈកម្មការទទួលពាក្យ។ អ្នកណាក៏អាចមានសិទ្ធិដាក់ពាក្យបានដែរ។ ការដាក់ពាក្យត្រូវមានការពិនិត្យវាយតម្លៃពីគណៈកម្មការ។ នៅពេលគណៈកម្មការពិនិត្យវាយតម្លៃលើបេក្ខជនណាដែលមានលក្ខខណ្ឌសមស្របឬខុសលក្ខខណ្ឌ គណៈកម្មការនឹងធ្វើកំណត់ហេតុច្បាស់លាស់ដើម្បីសម្រេច។
មន្រ្តីខេត្តរូបនេះបានច្រានចោលការចោទប្រកាន់ថា ការដេញថ្លៃមានការស៊ីសំណូក សូកប៉ាន់។ លោកអះអាងថាមិនបានទទួលព័ត៌មាននេះទេ។ ដើម្បីធានាការដេញថ្លៃមានសុក្រឹត្យ មានតម្លាភាព អ្នកនាំពាក្យរដ្ឋបាលខេត្តអះអាងថា មាននីតិវិធីកំណត់ច្បាស់លាស់ទាំងសេចក្តីណែនាំ គោលការណ៍ និតីវិធីនៃកិច្ចដំណើរការដេញថ្លៃពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
បើតាមមន្រ្តីខេត្តរូបនេះ លទ្ធផលការដេញថ្លៃបានបញ្ចប់ហើយ ប៉ុន្តែបើសិនករណីមានបេក្ខជនណាមិនសុខចិត្ត អាចបន្តបណ្ដឹងតវ៉ាក្រោយប្រកាសដេញថ្លៃ។
«លទ្ធផលដេញចប់គឺចប់ហើយ។ យ៉ាងណាមិនមែនបានន័យថាបិទមិនឲ្យតវ៉ា បើមានបងប្អូនមិនសុខចិត្តអាចមកតវ៉ាដោយផ្ទាល់ ឬមិនផ្ទាល់តាមសិទ្ធិរបស់បេក្ខជននីមួយៗ។
ទាក់ទងករណីតវ៉ានេះអាចលើកទៅដល់ក្រសួងថែមទៀតនោះ លោក ម៉ែន គុង បានឆ្លើយតបថា ការដោះស្រាយរបស់អាជ្ញាធរខេត្តដូចបានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានដែលបានចេញរួចហើយ។
គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះមានពាណិជ្ជករម្នាក់បានធ្វើលិខិតស្នើសុំលោកអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់មន្ត្រីចុះធ្វើអធិការកិច្ចដោយចោទប្រកាន់ថា មានមន្ត្រីពាក់ព័ន្ធមួយចំនួនបានឃុបឃិតគ្នាដោយប្រើប្រាស់អំណាចសាធារណះ ដោយបំពាននិងស៊ីសំណូកសូកប៉ាន់ ពុករលួយធ្វើឲ្យបាត់បង់ចំណូលរបស់រដ្ឋពីករណីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ដោយមានភាពមិនប្រក្រតី។
ក្នុងបណ្តឹងតវ៉ាក៏បានលើកឡើងពាក់ព័ន្ធមន្រ្តីខេត្តមួយចំនួនមាន (១)-លោក ស៊ី សួន ជាអភិបាលរងខេត្តស្ទឹងត្រែង ដែលជាប្រធានគណះកម្មការដេញថ្លៃភាស៊ីគ្រប់ភេទ (២)-លោក ខេង ទិត្យសីហា ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង (៣)-លោក ឃឹម សួរ ជាប្រធានការិយាល័យទ្រព្យសម្បត្តិរដ្ឋ ចំណូលមិនមែនសារពើពន្ធ (មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) (៤)-លោក សាយ កុសល ជាអភិបាលក្រុងស្ទឹងត្រែង និង (៥)-លោក ចាន់ គឹមឈុន ជាប្រធានគណ:អាជីវករសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។
ក្នុងបណ្តឹងបានស្នើលោកអភិសន្តិបណ្ឌិតអន្តរាគមន៍ទៅសាលាខេត្តស្ទឹងត្រែង ដើម្បីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤ ឡើងវិញឲ្យមានតម្លាភាព និងដោះស្រាយថ្លៃសេវាដឹកជញ្ជូនសម្រាមសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង។
យ៉ាងណាមិញ រហូតមកដល់ពេលនេះកម្ពុជាថ្មីមិនទាន់អាចទាក់ទងបានមន្រ្តីដែលពាក់ព័ន្ធដើម្បីឆ្លើយតបការចោទប្រកាន់។ ជុំវិញបញ្ហានេះ កម្ពុជាថ្មីនឹងអាប់ដេតនៅពេលទទួលបានព័ត៌មានបន្ថែមទៀត៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២២ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ