ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្ដល់អាហារូបករណ៍ ជាង ២ ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ២ ១០០ នាក់ លើមុខជំនាញសំខាន់ៗ ១២ ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់វិទ្យាស្ថាន នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។

បើតាមវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជំនាញចំនួន ១២ មានដូចជា ការងារកំបោរ ការដំឡើងបណ្ដាញបំពង់ទឹក ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងការជួសជុលរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត សេវាកម្មរដ្ឋបាល សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ ធុរកិច្ចភេសជ្ជៈ ការកែច្នៃបន្លែ និងផ្លែឈើ។
វិទ្យាស្ថានពហុបច្ចេកទេស បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស វិទ្យាស្ថាន នឹងផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ជាពិសេសនោះកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន។ បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ យុវជន នឹងទទួលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ និងឱកាសសិក្សាបន្តផងដែរ។

គួរជម្រាបថា ដោយសារតែការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាកម្មវិធីអាទិភាពរបស់ប្រមុខរាជរដ្ឋាភិបាលសម្រាប់ក្រុមយុវជនមកពីគ្រួសារក្រីក្រ ដូចនេះ សិក្ខាកាមដែលមានបណ្ណសមធម៌ ឬ បណ្ណក្រីក្រទាំងអស់ ក្រៅពីទទួលបានការសិក្សាដោយឥតគិតថ្លៃរួចហើយនោះ ក៏នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ ម៉ឺនរៀល ក្នុងមួយខែ រហូតបញ្ចប់វគ្គបណ្ដុះបណ្ដាល។
ការប្រកាសផ្តល់អាហារូបករណ៍ពីវិទ្យាស្ថានពហុបច្ចេកទេសនាពេលនេះ ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១.៥ លាននាក់ ដើម្បីមានជំនាញជាក់លាក់ និងឆាប់មានការងារធ្វើសមរម្យ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី