Connect with us

ព័ត៌មានជាតិ

បារាំង កំពុងត្រៀមលក្ខណៈស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នាពេលឆាប់ៗខាងមុខនេះ

បានផុស

នៅ

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ហ្សាក់ ប៉ែលឡេ  បានជម្រាបជូនសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថា បារាំង បាននិងកំពុងត្រៀមលក្ខណៈក្នុងការទទួលស្វាគន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដែលផ្សាយដោយបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីលទ្ធផលនៃជំនួបដែលសម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២០ ខែធ្នូ នៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា សេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយនៅលើបណ្ដាញសង្គមសម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា មិនបានសរសេរលម្អិតថា សម្ដេច ហ៊ុន​ ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសបារាំង ក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយនៅឡើយទេ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានគូសបញ្ជាក់បន្តថា បារាំងនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខាភិបាល, ឌីជីថល, សេដ្ឋកិច្ច, ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ ។  បន្ថែមពីនេះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីថា ប្រទេសបារាំងនឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីទទួលរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) នៅឆ្នាំ២០២៦ ខាងមុខ ដែលនឹងមានរដ្ឋ និងរដ្ឋាភិបាលប្រមាណជាង ៩០ នៅទូទាំងសាកលលោកចូលរួម។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងសហការី នៅក្នុងជំនួបនេះ ដោយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរក្នុងរយៈកាលកន្លងមក និងស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមជាមួយនឹងការបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយការបរទេសមិនប្រែប្រួលឡើយ ពោលគឺបន្តនូវនិរន្តរភាព និងសង្គតិភាពនៃទំនាក់ទំនង ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម