ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការងារកែទម្រង់ នៃប្រព័ន្ធរដ្ឋបាលសាធារណៈ មិនមែនត្រឹមតែនិយាយទេ ត្រូវធ្វើឲ្យចេញជាលទ្ធផល
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការងារកែទម្រង់ នៃប្រព័ន្ធរដ្ឋបាលសាធារណៈ មិនមែនត្រឹមតែនិយាយទេ តែត្រូវធ្វើ ហើយធ្វើឲ្យចេញជាលទ្ធផល។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ ដែលមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុក ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអគ្គាធិការដ្ឋាន នៅទីស្ដីការក្រសួងមុខងារសាធារណៈ កាលពីរសៀលថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា «ការងារកែទម្រង់ នៃប្រព័ន្ធរដ្ឋបាលសាធារណៈ យើងមិនមែនត្រឹមតែនិយាយទេ តែយើងត្រូវតែធ្វើ ហើយធ្វើឲ្យចេញជាលទ្ធផល»។

ជំនួបនេះដែរ ជាជំនួបលើកទី ៤ របស់ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ក្នុងគោលបំណង សំណេះសំណាលឈ្វេងយល់ពីគ្នាទៅវិញទៅមក ក៏ដូចជាការស្តាប់របាយការណ៍ ការចែករំលែកបទពិសោធន៍ ព្រមទាំងជាឱកាសសម្រាប់ការលើកឡើងនូវបញ្ហាប្រឈមដែលក្រុមការងារបានជួបប្រទះកន្លងមក ដើម្បីសិក្សា និងស្វែងរកដំណោះស្រាយជាមួយគ្នា ហើយឆ្លើយតបជាមួយនឹងការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

គួរជម្រាបថា អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ បំពេញមុខងារផ្នែកអធិការកិច្ច ការវាយតម្លៃគុណភាព នៃប្រព័ន្ធមុខងារសាធារណៈ និងការវាយតម្លៃគុណភាព នៃសេវាសាធារណៈ អនុលោមតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដោយត្រូវបំពេញភារកិច្ចពាក់ព័ន្ធនឹង ៖
-ការងារត្រួតពិនិត្យ និងអធិការកិច្ចមុខងារសាធារណៈ។
-ការត្រួតពិនិត្យ និងវាយតម្លៃគុណភាព នៃប្រព័ន្ធគ្រប់គ្រង និងអភិវឌ្ឍន៍មុខងារសាធារណៈ។
-ការតាមដាន និងវាយតម្លៃការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រុមប្រតិបត្តិ។
-ការតាមដាន និងវាយតម្លៃអំពីដំណើរការ និងគុណភាព នៃការផ្តល់សេវាសាធារណៈ។
-ការចូលរួមក្នុងដំណើរការដោះស្រាយទំនាស់ពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈ។
-ការរៀបចំ និងបូកសរុបរបាយការណ៍ ស្ដីពីសកម្មភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែ ត្រីមាស ឆមាស នព្វមាស ប្រចាំឆ្នាំ និងរបាយការណ៍អធិការកិច្ចមុខងារសាធារណៈប្រចាំឆ្នាំ។
-អនុវត្តភារកិច្ចផ្សេងៗ ទៀត តាមការប្រគល់ពីរដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការ ឬ អនុរដ្ឋលេខាធិការទទួលបន្ទុក។
អគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ មាននាយកដ្ឋាន និងលេខាធិការដ្ឋានចំណុះដូចខាងក្រោម ៖
១-នាយកដ្ឋានវាយតម្លៃ និងអធិការកិច្ចមុខងារសាធារណៈថ្នាក់ជាតិ។
២-នាយកដ្ឋានវាយតម្លៃ និងអធិការកិច្ចមុខងារសាធារណៈរាជធានី-ខេត្ត។
៣-នាយកដ្ឋានវាយតម្លៃ និងអធិការកិច្ចមុខងារសាធារណៈក្រុង ស្រុក និងឃុំ សង្កាត់។
៤-លេខាធិការដ្ឋាន នៃអគ្គាធិការដ្ឋាន៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី