ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មាន គាំទ្រឱ្យបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន
ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដោយលោក ចាត់ទុកថា ជាចំណែកមួយនៃការចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាការពង្រឹងវិស័យព័ត៌មានរបស់កម្ពុជា។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ៖ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។ តាមរយៈប្រធានបទនេះ បានផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មាន ទាំងកាសែត វិទ្យុ ទូរទស្សន៍ រួមទាំងសារព័ត៌មាន អនឡាញ បានជជែកពិភាក្សាជាថ្មីម្តងទៀតពាក់ព័ន្ធនឹងបញ្ហាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ខណៈជាការកត់សម្គាល់ អ្នកសារព័ត៌មានមួយចំនួននៅតែមិនទាន់អនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវនៅឡើយ ដែលនេះនាំឱ្យប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងនោះ ក្លិបអ្នកកាសែតកម្ពុជា ក៏បានផ្ដួចផ្ដើមគំនិតឱ្យមានការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា។

អញ្ជើញជាអធិបតីក្នុងវេទិកានេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងឱ្យដឹងថា ក្នុងអាណត្តិទី៧ ក្រសួងព័ត៌មាន បានដាក់ចេញទិសដៅមួយចំនួនដើម្បីធ្វើយ៉ាងណាឱ្យវិស័យសារព័ត៌មានកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ស្របតាមបរិបទសង្គមបច្ចុប្បន្នក្នុងសម័យឌីជីថល ដោយក្នុងនោះ សន្តិសុខព័ត៌មាន ជាទិសដៅដ៏សំខាន់ ដែលលោកបានដាក់ចេញ។ លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា សន្តិសុខព័ត៌មាន នឹងផ្ដោតទៅលើចំណុច ៣សំខាន់ៗ គឺ ការទទួលព័ត៌មានបានគ្រប់ជ្រុងជ្រោយ គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីធានាផ្ដល់នូវសន្តិសុខព័ត៌មានដល់ប្រជាពលរដ្ឋក្នុងបរិបទឌីជីថលនេះ។

ទន្ទឹមនេះ ការផ្ដួចផ្ដើមឱ្យមានក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាននៅកម្ពុជា ក៏ត្រូវបានលោករដ្ឋមន្ត្រី ចាត់ទុកជាកិច្ចការចាំបាច់មួយផងដែរ ហើយលោក គាំទ្រចំពោះគំនិតផ្ដួចផ្ដើមនេះ ដោយហេតុលោក មើលឃើញថា គំនិតផ្ដួចផ្ដើមនេះ បានគិតគូដល់ផលប្រយោជន៍រួមរបស់អ្នកសារព័ត៌មាន ក៏ដូចជាការពង្រឹងលើវិស័យព័ត៌មាន ហើយក៏ជាធាតុចូលបន្ថែមក្នុងការធ្វើឱ្យប្រព័ន្ធសារព័ត៌មាននៅកម្ពុជារស់បានស្រួលទៅមុខទៀត។
ម្យ៉ាងវិញទៀតនោះ ដើម្បីឱ្យក្រមសីលធម៌វិជ្ជាជីវៈក្លាយជាគោលការណ៍រួមសម្រាប់ឱ្យអ្នកសារព័ត៌មានគោរពប្រតិបត្តិនោះ ក្រសួងព័ត៌មាន នឹងផ្ដល់សិទ្ធិដល់សមាគមសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មាន ក្នុងការរៀបចំតាក់តែងក្រមសីលធម៌វិជ្ជាជីវៈនេះដោយខ្លួនឯង ព្រោះនេះមិនមែនជាការចាប់បង្ខំ តែជាការអនុវត្តគោលការណ៍ស្ម័គ្រចិត្ត។ នេះជាការបញ្ជាក់បន្ថែមរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ