ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ និង កម្មករ-និយោជិត ធនាគារ អេស៊ីលីដា ជិត ៦០០ នាក់ ចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះ
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជទីមួយ ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈនៅកម្ពុជា នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ ទាំងនៅការិយាល័យកណ្តាល សាខាជុំវិញរាជធានីភ្នំពេញ និងតាមបណ្តាខេត្តប្រមាណជិត៦០០ នាក់ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ។

ម្យ៉ាងវិញទៀត ការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករ-និយោជិត ធនាគារ អេស៊ីលីដា បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ០៦ដង រួចមកហើយ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ និងថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣។

លោកបានបន្តថា សម្រាប់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ដូច្នេះនៅថ្ងៃនេះ ជាលើកទី ០៧ ហើយ ដែលកម្មករ-និយោជិត ធនាគារ អេស៊ីលីដា គ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨នាក់ ដោយក្នុងនោះស្ត្រីមានចំនួន ៦៩នាក់ បានបន្តចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌ សម្រាប់បំពេញតម្រូវការកង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិត ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ជាពិសេសសម្រាប់ជួយជីវិតមនុស្ស ដែលត្រូវការសង្គ្រោះបន្ទាន់។ ដោយឡែក សម្រាប់កម្មករ-និយោជិត ធនាគារ អេស៊ីលីដា នៅតាមបណ្តាសាខាខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះស្ត្រីមានចំនួន ៩៣នាក់ ក៏បានចូលរួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែកនៃខេត្តនីមួយៗផងដែរ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។ សព្វថ្ងៃនេះ យើងមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក សម្រាប់ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែកយ៉ាងខ្លាំងលើការជួយសង្គ្រោះជីវិតមនុស្ស។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា «បើសិនជាគ្មានការចូលរួមចំណែកពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជនយើង ដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់»។

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងកម្មករ-និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាមជាចាំបាច់នោះ។

គួរបញ្ជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូ ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុប ចំនួនជាង ៩,៤០ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៧ប៊ីលាន ដុល្លារអាមេរិក និងប្រាក់បញ្ញើ សន្សំសរុបចំនួន ៦,៩២ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៤៣ លាននាក់។ ធនាគារ អេស៊ីលីដា មានចំនួនអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៣៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ