ព័ត៌មានជាតិ
លោក កែវ រ៉េមី ទាត់ចោលការចោទប្រកាន់របស់ក្រុមអង្គការអន្តរជាតិដែលថា សិទ្ធិមនុស្សនៅកម្ពុជា មានការធ្លាក់ចុះ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានចេញមុខទាត់ចោលការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលអន្តរជាតិចំនួន៦ ដែលបានអះអាងថា លទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះ។ លោកថា អង្គការសង្គមស៊ីវិលទាំងនោះ ចោទប្រកាន់ខុសពីការពិត និងយកតែរឿងចាស់មកនិយាយ។

នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា អង្គការសង្គមស៊ីវិលអន្តរជាតិទាំង៦នេះ ផ្តោតសំខាន់តែរឿងអតីតគណបក្សសង្គ្រោះជាតិ គណបក្សភ្លើងទៀន និងសកម្មជននយោបាយ ហើយរឿងនេះ គឺជារឿងចាស់។ ប្រតិកម្មរបស់លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះ ធ្វើឡើងបន្ទាប់ពីមានការដាក់លិខិតពីអង្គការ៦ទៅកាន់សភាអាមេរិក អឺរ៉ុប កាណាដា អូស្ត្រាលី នូវែហ្សេឡង់ អង់គ្លេស និងជប៉ុន។
បើតាមលោក កែវ រ៉េមី អង្គការទាំងនោះចោទប្រកាន់ដដែលៗ ហើយជារឿងចាស់ទាក់ទងការរំលាយអតីតគណបក្សសង្គ្រោះជាតិ ចាប់ខ្លួនអ្នកនយោបាយ និងគណបក្សភ្លើងទៀន មិនទទួលបានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឆ្នាំ២០២៣។ ចំពោះចំណាត់ការ គឺលោកធ្វើសន្និសីទបំភ្លឺដល់សាធារណជនឱ្យបានដឹងពីការខិតខំរបស់រដ្ឋាភិបាលជុំវិញការអនុវត្តនីតិរដ្ឋកម្ពុជាក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងធ្វើលិខិតបំភ្លឺទៅកាន់សភាទាំង៧ ដែលអង្គការទាំង៦បានដាក់លិខិតទៅ។

អង្គការសង្គមស៊ីវិលអន្តរជាតិទាំង៦ដែលចោទប្រកាន់ពីបញ្ហាលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្សនេះ គឺរួមមាន បណ្តាញសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) បណ្តាញប្រជាធិបតេយ្យអាស៊ី(ADN) វេទិកាអាស៊ាន ដើម្បីការអភិវឌ្ឍសិទ្ធិមនុស្ស (FORUM-ASIA) បណ្តាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី(ANFREL) សម្ព័ន្ធពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ(CIVICUS) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)។ អង្គការសង្គមស៊ីវិលទាំងនេះ បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជាធ្លាក់ចុះ ដោយពួកគេបានលើកឡើងពីរឿងរំលាយអតីតគណបក្សសង្គ្រោះជាតិ និងបញ្ហាដែលគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោតនៅអាណត្តិទី៧នេះ។
ត្រង់ចំណុចនេះ លោក កែវ រ៉ែមី បានបកស្រាយថា មូលហេតុរំលាយអតីតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ គឺព្រោះតែគណបក្សនេះធ្វើខុសនឹងច្បាប់ ដោយមានការឃុបឃិតជាមួយបរទេស ទទួលទាំងថវិកា និងគំនិតយុទ្ធសាស្ត្រពីពួកគេ។ ការរំលាយគណបក្សនេះ ក៏មិនមែនជារឿងថ្មីនៅកម្ពុជាទេ សូម្បីតែប្រទេសនៅអាស៊ាន និងនៅប៉ែកអឺរ៉ុបក៏មានករណីនេះដែរ។ រីឯ រឿងគណបក្សភ្លើងទៀនមិនបានចូលរួមបោះឆ្នោតឆ្នាំ២០២៣ គឺព្រោះតែគណបក្សមួយនេះ មិនបានបំពេញតាមលក្ខខណ្ឌរបស់គ.ជ.ប។ លោកបានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មានដំណើរការប្រក្រតី និងពេញលេញ ក្នុងនោះ ពលរដ្ឋមានសិទ្ធិទៅបោះឆ្នោត ហើយការបោះឆ្នោតនៅកម្ពុជា ក៏បានរៀបចំទៅតាមការកំណត់ត្រឹមត្រូវ។

ចំពោះបញ្ហាដែលអង្គការសង្គមស៊ីវិលទាំង៦ បានអំពាវនាវឱ្យដោះលែងអ្នកទោសដែលពួកគេចាត់ទុកថា ជាអ្នកទោសនយោបាយនេះ លោក កែវ រ៉េមី បានឆ្លើយតបទៅវិញបែបនេះ៖ “ខ្ញុំសូមជម្រាបថា អត់មានទាក់ទងអ្នកទោសនយោបាយទេ គឺអ្នកទោសនយោបាយប្រព្រឹត្តបទល្មើសខុសច្បាប់”។ សម្រាប់លោកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺអ្នកទោសទាំងនោះ បានឃុបឃិតរឿងក្បត់ជាតិ និងប្រមាថដល់ព្រះមហាក្សត្រ ដូច្នេះហើយ ត្រូវតែទទួលទោស។ មិនតែប៉ុណ្ណោះ បុគ្គលនយោបាយទាំងនោះ ក៏បានអំពាវនាវឱ្យមានការងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាល និងមានការញុះញង់ទាក់ទងការរើសអើងជនជាតិវៀតណាមថែមទៀត។
លោក កែវ រ៉េមី បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់ឱកាស និងសេចក្តីសុខសម្រាប់ខ្លួនឯង។ លោកថា បើទោះបីជារាជរដ្ឋាភិបាលខិតខំយ៉ាងណាក៏ដោយ ប៉ុន្តែ បើគ្មានការចូលរួមពីពលរដ្ឋទេ ក៏កម្ពុជាដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាមនេះ ក៏មិនអាចរុងរឿងបានដែរ៕

-
សន្តិសុខសង្គម៦ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់