ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ចុះរុះរើតូបលក់ដូរតាមរបងមន្ទីរពេទ្យកុមារជាតិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ បញ្ចៀសការស្ទះចរាចរ
អាជ្ញាធរខណ្ឌទួលគោក បានដាក់កម្លាំងចុះរុះរើតូបលក់ដូររបស់អាជីវករ និងអ្នកលក់ដូរ នៅតាមរបងមន្ទីរពេទ្យកុមារជាតិ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងបញ្ចៀសការស្ទះចរាចរ។

ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ ធ្វើឡើងនាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះ ក្រោយពីអាជ្ញាធរខណ្ឌទួលគោក បានចេញសេចក្ដីជូនដំណឹង ដល់ក្រុមអាជីវករលក់ដូរនៅតំបន់នេះ ជាច្រើនលើកច្រើនសារ រួចមកហើយ។
លោក ស៊ឹម សុផង់ អភិបាលរង ខណ្ឌទួលគោក បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី ឱ្យដឹងថា មូលហេតុដែលអាជ្ញាធរចុះមករុះរើ និងរៀបចំសណ្ដាប់ធ្នាប់ នៅទីតាំងជុំវិញបរិវេណមន្ទីរពេទ្យកុមារជាតិ ក្នុងបំណងធ្វើយ៉ាងណា មិនឱ្យកើតមានគ្រោះថ្នាក់ចរាចរជាយថាហេតុណាមួយ និងមិនឱ្យកើតមានការកកស្ទះចរាចរ នៅបណ្ដាផ្លូវមួយចំនួន ដែលស្ថិតនៅជុំវិញមន្ទីរពេទ្យកុមារជាតិនេះ។

លោកអភិបាលរង បន្ថែមថា ការចុះអនុវត្តរបស់អាជ្ញាធរនៅថ្ងៃនេះ គឺអ្នកលក់ដូរនៅទីនោះ បានចូលរួមសហការផុលផុស ខណៈអាជ្ញាធរបានចេញសេចក្ដីជូនដំណឹង ណែនាំពួកគាត់កន្លងមករួចមកហើយនោះ។
លោក ស៊ឹម សុផង់ បញ្ជាក់ទៀតថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ មិនមែនសំដៅតែទីតាំងក្បែររបងមន្ទីរពេទ្យកុមារជាតិប៉ុណ្ណោះទេ។ ប៉ុន្តែកន្លងមក អាជ្ញាធរខណ្ឌទួលគោក បានចុះរៀបសណ្ដាប់ធ្នាប់ នៅតាមទីសាធារណៈផ្សេងៗទៀត ក្នុងភូមិសាស្រ្តខណ្ឌទួលគោក ជាបន្តបន្ទាប់ រហូតមក។ លោក បន្តថា រាល់ការលក់ដូរ ដែលយកចញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ និងអាជីវកម្ម ផ្សេងៗ គឺមិនត្រូវបានអនុញ្ញាតឱ្យមានសកម្មភាពបែបនេះ តទៅទៀតឡើយ។

លោក ស៊ឹម សុផង់ ក៏សុំអំពាវនាវដល់អាជីវករ និងអ្នកលក់ដូរនានាទាំងអស់ សូមយោគយល់ អាធ្យាស្រ័យ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងវិថីទាំងអស់ ក្នុងភូមិសាស្រ្ដ ខណ្ឌទួលគោក ជៀសវាងកើតមាននូវការកកស្ទះចរាចរ និងគ្រោះថ្នាក់ចរាចរជាយថាហេតុ ជាដើម។

សូមជម្រាបជូនថា កន្លងមកអាជ្ញាធរខណ្ឌទួលគោក បានចេញសេចក្ដីជូនដំណឹង និងណែនាំដល់អាជីវករ និងអ្នកលក់ដូរ នៅតាមរបងមន្ទីរពេទ្យកុមារជាតិ ឱ្យរុះរើតូបលក់ដូររបស់ខ្លួនចេញ ដើម្បីឲ្យអាជ្ញាធររៀបចំសណ្ដាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរ ផងដែរ៕
អត្ថបទ៖ សួស សិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង