Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត លី ឆេង ដាក់ចេញផែនការយុទ្ធសាស្ត្រ ១២ ចំណុច លើកកម្ពស់ការអប់រំ សម្រាប់ឆ្នាំ២០២៤

បានផុស

នៅ

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុបបានប្រកាសដាក់ចេញផែនការយុទ្ធសាស្រ្ត ១២ ចំណុច ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងអប់រំសម្រាប់ឆ្នាំ២០២៤ខាងមុខនេះឱ្យកាន់តែល្អប្រសើរបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៣ និងលើកទិស​ដៅ​អនុវត្តឆ្នាំ ២០២៤ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ៣,៧៩៣ នាក់ លោកបណ្ឌិត លី ឆេង បានដាក់ចេញផែនការយុទ្ធសាស្រ្តទាំង ១២ចំណុចរួមមាន៖

១-ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ និងយន្តការគ្រប់គ្រងឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត

២-ថ្នាក់ដឹកនាំ និងបុគ្គលិក ត្រូវស្គាល់ខ្លួនឯង (Who am I?) និងស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ទៅតាមការចាត់តាំងរបស់ថ្នាក់លើ

៣-ពង្រឹងការគោរពបទបញ្ជាផ្ទៃក្នុង និងច្បាប់រដ្ឋជាធរមានឱ្យបានកាន់តែល្អប្រសើរ និងកែសម្រូលបទបញ្ជាផ្ទៃក្នុងមួយចំនួន ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ក្រុមហ៊ុន និងការអភិវឌ្ឍរបស់ប្រទេសជាតិ

៤-ពង្រឹងវិន័យសិស្ស និស្សិតនៅគ្រប់កម្រិត និងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា អាណាព្យាបាលសិស្ស និស្សិត

៥-បន្តអភិវឌ្ឍប្រព័ន្ធគ្រប់គ្រង (Management System) គ្រប់ផ្នែកនៃប៊ែលធី គ្រុប ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត

៦-ពង្រឹងការងារគ្រប់គ្រងចំណូល-ចំណាយឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់

៧-ពង្រឹងយន្តការត្រួតពិនិត្យ តាមដានការអនុវត្តសេចក្តីសម្រេច សេចក្តីណែនាំ និងគោលការណ៍នានារបស់ប៊ែលធី គ្រុប ដែលបានដាក់ចុះឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់

៨-បើកវគ្គបំប៉នគរុកោសល្យបង្រៀនជូនដល់សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូនៅគ្រប់កម្រិត និងគ្រប់ផ្នែក ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងថ្មី សម្រាប់ការបង្រៀនឱ្យទាន់សម័យឌីជីថល

៩-អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ដើម្បីដើរឱ្យទាន់ទីផ្សារការងារ ការវិវឌ្ឍបច្ចេកវិទ្យាឌីជីថល និងការរីកចម្រើនរបស់ប្រទេសជាតិ និងពិភពលោក

១០-បើកថ្នាក់បំប៉នមុខវិជ្ជាសំខាន់ៗជូនសិស្សថ្នាក់ទី១២ ដែលត្រូវប្រឡងបាក់ឌុប និងធ្វើយ៉ាងណាឱ្យជាប់ចាប់ពី ៨៨%-៩៣% និងសិស្សភាសាអង់គ្លេសកម្រិត១២ (Level 12) ត្រូវបានពិន្ទុតេស្តអន្តរជាតិអាយអែល (IELTS) យ៉ាងតិច ៥.០ឡើង ចាប់ពី ៨០% ឡើងទៅ

១១-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូដែលបានចុះអនុស្សារណយោគយល់ (MoU) រួចហើយទាំង ១៨ប្រទេស និង ៨០សាកលវិទ្យាល័យនៅលើពិភពលោកឱ្យបានល្អប្រសើរ និងបន្តរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី (BELTEI International Collaboration Conference-BICC) លើកទី៨ នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅសិក្សានៅក្រៅប្រទេស តាមរយៈប៊ែលធី ទំនាក់ទំនងអន្តរជាតិ

១២-អភិវឌ្ឍជាប្រចាំនូវបច្ចេកវិទ្យា ប្រព័ន្ធឌីជីថល និង Media ដែលមានស្រាប់ ជាពិសេស Mobile App របស់សាលា ប៊ែលធី អន្តរជាតិ (BELTEI IS App) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BELTEI IU App) វែបសាយ ហ្វេសប៊ុក ព្រមទាំងបណ្តាញសង្គមផ្សេងៗ ដើម្បីជាជំនួយក្នុងការសិក្សាបន្ថែម និងសម្រាប់អ្នកដែលចង់ឈ្វេងយល់អំពីប៊ែលធី គ្រុប ក៏ដូចជាអ្នកដែលចង់សិក្សាទាំងភាសាខ្មែរនិងអង់គ្លេសតាមកម្មវិធីក្រសួងអប់រំ ពីគ្រប់ទីកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេស។

ក្នុងឱកាសនោះដែរ លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានឱ្យដឹងថា បច្ចុប្បន្ន ប៊ែលធី គ្រុប មានគណៈគ្រប់គ្រងបុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូបម្រើការ ៣,៧៩៣នាក់ សិស្ស-និស្សិតកំពុងសិក្សា ៦៣,៣២៦នាក់ និងមាន ៣១ទីតាំង ក្នុងនោះ ២៩ទីតាំងជាសាលានិង២ទីតាំង ជាសាកលវិទ្យាល័យ។

បន្ថែមលើនេះលោកបណ្ឌិត លី ឆេង បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូ គ្រប់ផ្នែកទាំងអស់នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង។

ជាទីបញ្ចប់ លោកបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប និងពានរង្វាន់ការងារ ប័ណ្ណអាហា–រូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ សរុបចំនួន ៤០៦នាក់ នាពេលនោះផងដែរ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម