ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា ជំរុញគណៈកម្មការរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញដល់គណៈកម្មការរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីសាធារណជនទទួលព័ត៌មាន និងយល់ពីតម្លៃ នៃការរៀបចំមហោស្រពនេះ ក្នុងការចូលរួមសហការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ។

ការជំរុញនេះ ក្នុងឱកាស លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ នៅទីស្ដីការក្រសួងព័ត៌មាន។

នាឱកាសនោះ លោក នេត្រ ភក្ត្រា បានជំរុញដល់គណៈកម្មការរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីសាធារណជន និងបណ្ដាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្ថម្ភកម្មវិធីនានា បានទទួលព័ត៌មាន និងយល់ពីតម្លៃ នៃការរៀបចំមហោស្រពនេះ ក្នុងការចូលរួមសហការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសម្ភារៈ។
ជាមួយគ្នានេះ ចំពោះគោលបំណង នៃការរៀបចំមហោស្រព គឺដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជា ក្នុងការបង្ហាញសមត្ថភាពពិតរបស់ពួកគេ ដោយតាមរយៈមហោស្រព វាជាឱកាសមួយលើកទឹកចិត្តដល់កុមារកម្ពុជាក្នុងការបញ្ចេញនូវភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដទៃទៀត ដែលសុទ្ធសឹងជាទំពាំងស្នងឫស្សី ក្នុងការចូលរួមក្នុងសកម្មភាពសង្គម។ រាល់ការបញ្ចេញសមត្ថភាពច្រៀង និងសម្តែង សម្រាប់ការប្រកួតប្រជែងយកជ័យលាភី គឺសុទ្ធសឹងមានភ្ជាប់ជាមួយនូវអត្ថន័យ និងគោលបំណងអប់រំ ការបណ្ដុះគំនិត និងសីលធម៌ល្អសម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់ ៖ សិទ្ធិរបស់កុមារ ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃ នៃចំណេះវិជ្ជា សុជីវធម៌ និងការរស់នៅក្នុងសង្គម តួយ៉ាង ការគោរពឪពុកម្ដាយ ចាស់ទុំ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងសហគមន៍ដែលនៅជុំវិញខ្លួន។ ការរៀបចំកម្មវិធីនេះឡើង ក៏មានគោលបំណងបណ្ដុះស្មារតីឲ្យកុមារតូចៗ ស្រលាញ់សិល្បៈ ស្រលាញ់វប្បធម៌ ស្រលាញ់ជាតិ តាំងពីវ័យក្មេង។
គួររំលឹកដែរថា ការប្រឡងតន្ត្រី និងចម្រៀងកុមារ បានប្រារព្ធធ្វើឡើងចាប់ពីពាក់កណ្ដាលទសវត្សឆ្នាំ ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា។ ក្រោយមក មហោស្រពតន្ត្រី និងចម្រៀង កុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌ នៃការសហការជាមួយ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា។
គណៈកម្មការរៀបចំមហោស្រព តន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នឹងរៀបចំកិច្ចប្រជុំបន្តទៀត ដើម្បីពិភាក្សា និងកសាងផែនការលម្អិត សំដៅធ្វើឲ្យការរៀបចំមហោស្រព ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ គាំទ្រដល់គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល