ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តី ៖ ជំរឿនសេដ្ឋកិច្ចជាតិឆ្នាំ២០២២ ជាមូលដ្ឋានសំខាន់ សម្រាប់កម្ពុជា សម្រេចផែនការជាតិ
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ទិន្នន័យជំរឿនសេដ្ឋកិច្ចពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដោយជួយឱ្យអ្នកធ្វើគោលនយោបាយអាចមើលឃើញធ្លុះស៊ីជម្រៅទៅក្នុងរចនាសម្ព័ន្ធ ជីវភាព និងសមិទ្ធកម្ម នៃសេដ្ឋកិច្ចមួយ។

បើតាមសម្តេច ហ៊ុន ម៉ាណែត ទិន្នន័យជំរឿនសេដ្ឋកិច្ចដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាល នៅក្នុងដំណើរការរៀបចំគោលនយោបាយ ដោយផ្តល់នូវការឆ្លុះបញ្ចាំងឱ្យឃើញស៊ីជម្រៅទៅក្នុងសុខភាពសេដ្ឋកិច្ច ការកំណត់កាលានុវត្តភាពសម្រាប់កំណើន និងការរៀបចំតាក់តែងគោលនយោបាយនានា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពសម្រាប់ការអភិវឌ្ឍ ព្រមទាំងជួយរាជរដ្ឋាភិបាលឱ្យយល់ដឹងពីតម្រូវការជាក់លាក់តាមវិស័យ បែងចែកធនធានប្រកបដោយប្រសិទ្ធភាព កំណត់វិធានការអន្តរាគមន៍នានាតាមមុខសញ្ញា និងតាមដានត្រួតពិនិត្យវឌ្ឍនភាពឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។ ទិន្នន័យជំរឿនសេដ្ឋកិច្ចនឹងរួមចំណែកដល់ការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងពិធីប្រកាសផ្សព្វផ្សាយ “របាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២” នាព្រឹកថ្ងៃទី ២៦ ធ្នូនេះ។
នៅក្នុងពិធីនេះ សម្តេច ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះឱ្យទៅជាព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេសសម្រាប់ការរៀបចំគោលនយោបាយដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ។
សម្តេច ក៏បានជំរុញដល់ក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និងការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាងពិតប្រាកដ នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និងធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លើពីនេះទៀត ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្សដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។ ជាមួយគ្នានេះ ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ។
សម្តេចស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។ សម្តេចបានសង្កត់ធ្ងន់ថា ការយល់ដឹងពីស្ថិតិមានសារៈសំខាន់ ប៉ុន្តែការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ សម្រាប់ការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។
សូមបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងដោយអនុលោមតាមច្បាប់ស្តីពីស្ថិតិឆ្នាំ២០១៥ និងអនុក្រឹត្យលេខ១៥១ អនក្រ.បក ចុះថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្តីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចកម្ពុជា និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីស្ថិតិផ្លូវការ ដែលបានចាត់តាំង និងការគាំទ្រថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជំរឿនសេដ្ឋកិច្ច ត្រូវបានរៀបចំធ្វើ២ដងរួចមកហើយ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ២០១១ និងជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ