ព័ត៌មានជាតិ
ប្រមុខការពារជាតិ ដាក់គោលដៅអាទិភាពឆ្នាំ២០២៤ មួយចំនួនដល់រដ្ឋបាលខេត្ដសៀមរាប
លោក ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានដាក់គោលដៅអាទិភាពមួយចំនួនដល់រដ្ឋបាលខេត្តសៀមរាបសម្រាប់ឆ្នាំ២០២៤ខាងមុខ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ដសៀមរាប។ ពិធីនេះ ធ្វើឡើងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ខែធ្នូឆ្នាំ២០២៣នេះ។

លោក ទៀ សីហា បានលើកឡើងថា ឆ្នាំ២០២៤ ជាឆ្នាំទី១នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ ព្រមទាំងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្តទៀត។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយ សមត្ថភាពខ្ពស់ ។

លោកបន្ដថា ពាក់ព័ន្ធនឹងការចូលរួមទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លោកបានផ្តល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួន រួមមាន ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ ដែលមានកងកម្លាំងនគរបាលជាតិ កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកជាស្នូល និងជាបង្អែករបស់ប្រជាជនលើមូលដ្ឋាន។ លើកកម្ពស់ប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀនខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់។ បន្ថែមពីនេះ រួមចំណែកការពារអធិបតេយ្យជាតិ បូរណភាព ទឹកដី និងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីរក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ប្រឆាំងរាល់សកម្មភាពដែលលួចឆ្លៀតឱកាសប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានប្រឆាំងប្រទេសជិតខាង។
បន្តជំរុញចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាឱ្យកាន់តែមានប្រសិទ្ធភាថែមទៀត។ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសសកម្មភាពលួច ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់។ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលកំណែទម្រង់នេះ គឺជាកំណែទម្រង់ដ៏មានសារៈសំខាន់ក្នុងកម្មវិធីកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចរបស់ រាជរដ្ឋាភិបាល។ ជាមួយគ្នានេះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្ដសង្គមក្នុងខេត្ត និងការគ្រប់គ្រងធនធានធម្មជាតិ ព្រមទាំងការចុះបញ្ជីដីធ្លីផងដែរ។ មិនតែប៉ុណ្ណោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្រូវពង្រឹង នឹងការថែរក្សាការពារធនធានធម្មជាតិ និងទ្រព្យសម្បត្តិសាធារណៈ ដែលនៅសេសសល់ឱ្យបានគង់វង្ស។

នៅក្នុងឱកាសនេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បាននិយាយថា រដ្ឋបាលខេត្ដ បានសម្រេចបាននូវសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣ រួមមាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំគ្រប់គ្រង និងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន បានល្អប្រសើរ ដែលបង្ហាញ ឱ្យឃើញថាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជួញដូរមនុស្ស មានការថយចុះគួរឱ្យកត់សម្គាល់។ ការបំពេញការងាររដ្ឋបាលទូទៅ ការផ្តល់សេវាសាធារណៈ ការផ្តល់សេវាច្រកចេញចូលតែមួយ ការអនុវត្តនូវមុខងារ ការអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព សមត្ថកិច្ចជំនាញគ្រប់ថ្នាក់ បានចូលរួមចំណែកយ៉ាងផុលផុស ដែលធានាបាននូវប្រក្រតីភាព តម្លាភាព និងនិរន្តរភាពនូវកិច្ចការងាររដ្ឋបាល និងអភិបាលកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ ស្របតាមផែនការ យុទ្ធសាស្ត្រកម្មវិធីនយោបាយរបស់រដ្ឋាភិបាល ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្តជាដើម។

រដ្ឋបាលខេត្ត បានរៀបចំស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតរដ្ឋបាលក្រុងថ្មី មានឈ្មោះថា ក្រុង រុនតាឯក តេជោសែន ដោយធ្វើការកាត់យកឃុំចំនួន ២ គឺឃុំរុនតាឯក នៃស្រុកបន្ទាយស្រី និងឃុំ បល្ល័ង្គ នៃស្រុកប្រាសាទបាគងៗ រដ្ឋបាលខេត្ត ក៏បានរៀបចំសេវាដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្ត ក្រុងរបស់រដ្ឋបាលខេត្ត ដោយដឹកជញ្ជូនដោយឥតគិតថ្លៃទៅមក ពីតំបន់អភិវឌ្ឍន៍រុនតាឯក និង ក្រុងសៀមរាប ដែលនឹងដាក់ដំណើរការនូវដើមឆ្នាំ២០២៤ខាងមុខ។ ដោយឡែកវិស័យទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាខេត្តសៀមរាបក្នុងឆ្នាំ២០២៣ មានចំនួន ២ ២០៤ ២៤១ នាក់ កើនឡើង ៣២,៥១ ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះភ្ញៀវទេសចរ អន្តរជាតិមានចំនួន ៦៩៩,៩៩៦ នាក់ កើនឡើង ២១១ ភាគរយ និងភ្ញៀវទេសចរជាតិ ១ ៥០៤ ២៤៥ នាក់ កើនឡើង ៤,៥៩ ភាគរយ ធៀបនឹងឆ្នាំ២០២២ រួមទាំងសមិទ្ធផលជាច្រើនទៀត៕
ដោយ៖ គឿន វេត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត