Connect with us

ព័ត៌មានជាតិ

ធុងសំរាមជាង២០០ ត្រូវបានចែកជូនឃុំ-សង្កាត់ចំនួនបីនៅមាត់បឹងទន្លេសាប

បានផុស

នៅ

ក្នុងយុទ្ធនាការគ្រប់គ្រងសំរាមប្លាស្ទិកនៅខេត្តសៀមរាប ធុងសំរាម៣ប្រភេទដែលមានចំនួន២៣៥ធុង ត្រូវបានអង្គការហ្វេក សហការជាមួយមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តសៀមរាប ប្រគល់ជូនដល់ឃុំ សង្កាត់ចំនួនបី នៅជាប់មាត់បឹងទន្លេសាប។ ការប្រគល់ជូននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលហៅកាត់ថា អង្គការហ្វេក/FACT លោក យុក សេងឡុង បានឲ្យដឹងថា ធុងសំរាមទាំងជាង២០០នេះ មានបីប្រភេទ គឺចំណុះ១២០លីត្រ ចំណុះ៦៦០លីត្រ និងប្រភេទធុងសម្រាប់ដាក់ជីសរីរាង្គ ហើយត្រូវបានប្រគល់ជូនដល់សង្កាត់ជ្រាវ ក្រុងសៀមរាប ឃុំកំពុងភ្លុក ស្រុកប្រាសាទបាគង និងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

លោកបន្តថា កាលពីពេលថ្មីៗនេះ អង្គការក៏បានសហការជាមួយភាគីពាក់ព័ន្ធ ចែកជូនធុងសំរាមដល់ឃុំចំនួនបីនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង និងកំពុងសហការយ៉ាងជិតស្និទជាមួយគណៈកម្មាធិការជាតិ ក្រសួងជំនាញពាក់ព័ន្ធ  ព្រមទាំងរដ្ឋបាលខេត្ត ក្រុង និងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្តគោលដៅនៅជុំវិញបឹងទន្លេសាប ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ ជាពិសេសគណៈកម្មាធិការជាតិចលនាភូមិ១ផលិតផល១ (OVOP) នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅក្នុងការអនុវត្តសកម្មភាពលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជានេសាទ ក៏ដូចជាសកម្មភាពអភិរក្សធនធានជលផលនៅក្នុងខេត្តគោលដៅទាំង៦ជុំវិញបឹងទន្លេសាប រួមមាន ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ។ 

លោក យុក សេងឡុង

លោកបានបន្តថា ការប្រគល់ជូននេះ គឺជាគោលដៅរបស់គម្រោង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពធន់របស់សហគមន៍នេសាទនៅតំបន់ជីវចម្រុះក្នុងបឹងទន្លេសាបរយៈពេលយូរអង្វែង។ គម្រោងនេះ បានផ្តោតជាសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ចបង្កើនជីវភាពរបស់សមាជិកសហគមន៍គោលដៅ តាមរយៈការបង្កើតសហគមន៍កសិកម្ម សេវាកម្មអេកូទេសចរណ៍ ការបង្កើត និងដំណើរការបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប (TEN) ការដាំបន្លែ ការចិញ្ចឹមឃ្មុំ ការកែឆ្នៃផលនេសាទ ការកែច្នៃកាបូបនិងវត្ថុអនុស្សាវរីយ៍ពីកំប្លោក និងការគ្រប់គ្រងកាកសំណល់ក្នុងតំបន់គោលដៅគម្រោង តាមរយៈការកែច្នៃសំរាមប្លាស្ទិកឲ្យទៅជាឥដ្ឋអេកូ កាបូប និងវត្ថុអន្សាវរីយ៍ ជាដើម។

លោក យុក សេងឡុង ក៏បានបន្តថា ការប្រគល់ជូនធុងសំរាមនេះ ក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងនេះផងដែរ ដោយមានការសហការយ៉ាងល្អជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស រដ្ឋបាលក្រុង និងមន្ទីរបរិស្ថានខេត្ត ក៏ដូចជារដ្ឋបាលស្រុក និងឃុំនៅក្នុងតំបន់គោលរបស់គម្រោង។ គម្រោងនេះ ផ្តោតសំខាន់តាមរយៈប្រមូល ទុកដាក់ និងចាត់ចែងសំរាម ជាពិសេស ការកែច្នៃសំណល់ប្លាស្ទិទាំងនេះទៅជាឥដ្ឋអេកូ និងកាបូប ក៏ដូចជា វត្ថុអនុស្សាវរីយ៍ និងសំណល់ផ្ទះបាយ ដោយកែច្នៃទៅជាជីសរីរាង្គ។ អង្គការហ្វេក ក៏មានផែនការនៅក្នុងការទិញ និងផ្តល់ជូនដល់ ឃុំ សង្កាត់គោលដៅទាំងនេះ នូវមធ្យោបាយដឹកជញ្ជូនសំរាម ដូចជា ទូក កាណូត ឬ រ៉ឺម៉ក់កង់បី នៅក្នុងពេលឆាប់ខាងមុខនេះផងដែរ។ 

លោក ក្អោប រ៉ន

ចំណែក លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានលើកឡើងថា បញ្ហាអនាម័យបរិស្ថាននេះ ជាផ្នែកមួយសំខាន់ក្នុងចំណោមវិស័យផ្សេងទៀតដែលមាននៅក្នុងផែនការអភិវឌ្ឍន៍សង្កាត់ ហើយវាក៏ស្ថិតនៅក្នុងផែនការសកម្មភាពប្រចាំខែរបស់សង្កាត់។ លោកចៅសង្កាត់ជ្រាវ បន្តថា បើទោះបីជាមួយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក៏បញ្ហាសំរាមនេះ នៅតែជាបញ្ហាប្រឈមដដែល ដោយសារតែមានប្រជាជនមួយភាគតូច តែងតែលបលួចដឹកយកសំរាមទៅចោលតាមទីសាធារណៈនៅពេលយប់។ លោក រំពឹងថា ធុងសំរាមនេះ នឹងជួយកាត់បន្ថយការចោលសំរាមពាសវាលពាសកាលបានមួយផ្នែកធំ ។

ជាមួយគ្នានេះ លោក ណម គិមអន អនុប្រធានមន្ទីបរិស្ថាន ខេត្តសៀមរាប បានថ្លែងថា គោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដែលឈរលើអាទិភាពចម្បង៣ គឺស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ លោកបន្តថា ការសម្រេចបាននេះ វាទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ព្រោះថា ផែនដីនេះ មានតែមួយ ដូច្នេះ សំរាមដែលបោះចោលទោះតិច ឬច្រើនវានៅលើផែនដីតែដដែល។

លោកបានបញ្ជាក់ថា នៅខេត្តសៀមរាប ប្រជាពលរដ្ឋបានផលិតសំរាមប្រមាណ៦០០តោនក្នុងមួយថ្ងៃ ហើយភាគច្រើនជាសំរាមប្លាស្ទិក ក្នុងនោះសំរាមប្រមាណតែជាង៥០ភាគរយប៉ុណ្ណោះ ត្រូវបានប្រមូលចូលទីលានចាក់សំរាម និងយកមកកែច្នៃ ។ លោកអនុប្រធានមន្ទីរ ក៏បានជំរុញដល់ប្រជាពលរដ្ឋទូទៅ ត្រូវចូលរួមអនុវត្ត គោលការណ៍ “៤ក” ឬ 4R ដែលជាសកម្មភាពជំហានវិលជុំចំពោះបញ្ហាកាកសំណល់ដែលវាមានងាយស្រួលអនុវត្ត។ គោលការណ៍ “៤ក” ឬ 4R  ដែលជាភាសាអង់គ្លេសហៅថា Refuse, Reduce, Reuse និង Recyle ខណៈដែលជាភាសាខ្មែររបស់យើងមានន័យថា ទី១ កុំប្រើប្រាស់ ផលិតផលប្លាស្ទិកដែលអាចប្រើប្រាស់បានតែម្តង ទី២ កាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកតាមរយៈសម្ភារៈ គិតគូរពីបរិស្ថានវិញ ទី៣ ការប្រើប្រាស់សម្ភារៈពីប្លាស្ទិកឡើងវិញ និងទី៤ កែច្នៃសម្ភារៈពីប្លាស្ទិក៕

ដោយ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម