ព័ត៌មានជាតិ
តើវិស័យណាខ្លះ មានសន្ទុះងើបឡើងនៅឆ្នាំ ២០២៤?
នៅឆ្នាំ ២០២៣ គឺជាឆ្នាំ ដែលស្ទើរគ្រប់វិស័យទាំងអស់ ជួបការលំបាកខ្លាំង ក្នុងដំណើរការចង្វាក់ផលិតកម្ម និងទីផ្សារ។ ដោយឡែកឆ្នាំ ២០២៤ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ តើមានវិស័យណាខ្លះ ដែលអាចមាន សន្ទុះងើបឡើងវិញ ដើម្បីជួយដល់កម្រិតជីវភាពពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ?

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានកត់សម្គាល់ឃើញថា នៅឆ្នាំ ២០២៤ វិស័យដែលមានសក្តានុពលខ្លាំង គឺឧស្សាហកម្មកែច្នៃកសិផល និងសិប្បកម្ម ដែលជាមូលដ្ឋាននៃការផលិត ជាពិសេសក្រុមសហគ្រិន គួរពង្រីកអាជីវកម្មឱ្យទៅជារោងចក្រធំ ដើម្បីបង្កើតឱកាសប្រកួតប្រជែងជាមួយគេ(បរទេស)បាន។

ជាមួយគ្នានេះផ្នែកសេវាកម្ម សហគ្រិនត្រូវកែច្នៃផលិតផលកសិកម្ម និងពង្រឹងទីផ្សារនាំចេញទៅក្រៅប្រទេស ជាពិសេសចងក្រងក្រុមហ៊ុនជាគ្រុប ដើម្បីងាយស្រួលក្នុងការនាំចេញ។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍។
ជាមួយគ្នានេះ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន និងជាអ្នកតាមដានសេដ្ឋកិច្ចជាតិ អន្តរជាតិ លើកឡើងថា វិស័យទេសចរណ៍ គឺជាវិស័យត្រីមុខ ដែលមានសន្ទុះខ្លាំង ដោយសាររាជរដ្ឋាភិបាលបានវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ព្រលានយន្តហោះ ផ្លូវល្បឿនលឿន ក៏ដូចជា កសាងធនធានមនុស្សផ្នែកបដិសណ្ឋារកិច្ច រួមមានវិស័យភោជនីយដ្ឋាន និងសណ្ឋាគារជាដើម។
នៅពេលវិស័យទេសចរណ៍មានកំណើន នឹងជួយជំរុញដល់វិស័យសណ្ឋាគារដែលពីមុនបិទទ្វារឱ្យដំណើរការឡើងវិញ ក៏ដូចជាវិស័យភោជនីយដ្ឋាន នឹងមានសកម្មភាពរស់រវើក ជាពិសេសបង្កើតឱកាសការងារសម្រាប់ពលរដ្ឋនៅក្នុងវិស័យទាំងនេះ។

ក្រៅពីវិស័យទេសចរណ៍ ការនាំចេញរបស់កម្ពុជា ក៏នឹងមានសន្ទុះផងដែរ។ នេះជាការបន្ថែមរបស់លោក ឡោ វិចិត្រ។ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន បានលើកឡើងទៀតថា កម្ពុជា គឺជាសមាជិកមួយ នៅក្នុងកិច្ចព្រមព្រៀងអាសិប ហើយក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ, ដូច្នេះហើយ នៅឆ្នាំ ២០២៤ កម្ពុជា នឹងក្លាយជាមជ្ឈមណ្ឌលនៃកម្មន្តសាល។
មជ្ឈមណ្ឌលនៃកម្មន្តសាល ដោយសារតែប្រទេសមួយចំនួននៅក្នុងតំបន់ បានមើលឃើញថា កម្ពុជា មានកម្លាំងពលកម្មថោក ស្ថិរភាពនយោបាយ ច្បាប់វិនិយោគល្អ សមស្របក្នុងការបង្កើតរោងចក្រ។
បើតាមលោក ឡោ វិចិត្រ នៅពេលដែលកម្ពុជា ទាក់ទាញបានអ្នកវិនិយោគផ្នែកកម្មន្តសាលបានកាន់តែច្រើន ប្រជាជនកម្ពុជា ក៏ទទួលបានជំនាញតាមរយៈការផ្ទេរចំណេះដឹងពីបរទេស ពោលគឺបានទាំងចំណូល និងជំនាញ។
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអាណត្តិទី៧ មានគោលដៅយុទ្ធសាស្រ្ត ប្រមូលផ្តុំ និងអភិវឌ្ឍបណ្តាញផលិតកម្មឱ្យដើរតួនាទីសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា សំដៅបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក លើកកម្ពស់ផលិតកម្ម និងការកែច្នៃសម្រាប់នាំចេញ ជាពិសេស គាំទ្រដល់ការបង្កើតការងារ និងការលើកស្ទួយជីវភាពប្រជាជននៅទីជនបទ។
ធនាគារពិភពលោក បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនដល់ ៥,៨ភាគរយ ក្នុងឆ្នាំ២០២៤ និង៦,១ ភាគរយ នៅឆ្នាំ២០២៥ ជាមួយការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជា មានជាមួយបណ្តាប្រទេសនៅក្នុងតំបន់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ