ព័ត៌មានជាតិ
ក្រសួងព័ត៌មាន នឹងរៀបចំយុទ្ធនាការ Zero Fake News Campaign ខណៈឆ្នាំនេះព័ត៌មានក្លែងក្លាយជាង ៣ពាន់ ត្រូវបានកត់ត្រាទុក
ក្រសួងព័ត៌មាន នឹងរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ Zero Fake News Campaign បន្ទាប់ពីកត់សម្គាល់ឃើញថា ព័ត៌មានក្លែងក្លាយនៅតែមានចំនួនច្រើន ហើយថា ជិតពេញមួយឆ្នាំ ២០២៣នេះ ក្រសួងព័ត៌មាន តាមរយៈយន្តការអន្តរក្រសួង បានកត់ត្រាទុកព័ត៌មានក្លែងក្លាយប្រមាណ ជាង ៣ពាន់។ នេះបើតាមការឲ្យដឹងពីលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៧ ខែធ្នូថា នាពេលបច្ចុប្បន្ន ការរីកចម្រើនផ្នែកបច្ចេកវិទ្យា បានបង្កភាពងាយស្រួលដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបានព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយលើប្រព័ន្ធអ៊ិនធើណេត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។
ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ក៏បាននិងកំពុងជះឥទ្ធិពល និងផលវិបាកមកលើសង្គមរស់នៅផងដែរ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កភាពចលាចល អាចឲ្យសង្គមមានភាពច្របូកច្របល់ ដែលនាំឲ្យមានការបាត់បង់ជំនឿ ទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា។ រីឯការបង្ខូចកេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ឯកជនភាព និងបាត់បង់កិត្តិយសជាដើម។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ អាចនឹងបង្កឲ្យមានការរើសអើង អរិភាព ក្នុងសង្គម និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ផងដែរ។
លោក ទេព អស្នារិទ្ធ បានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន និងទៅអនាគត ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មានភាពចាំបាច់ណាស់ ដើម្បីបន្តធានាសន្តិសុខសណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម។ ព័ត៌មានក្លែងក្លាយ ត្រូវបន្សាបដោយព័ត៌មានពិត ដូច្នេះចាំបាច់ណាស់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយជំរុញការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីលុបទៅលើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយតែព័ត៌មានដែលមានគុណភាព សម្រាប់ផ្តល់ជាចំណេះដឹង និងអត្ថប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងធានាបាននូវសណ្តាប់ធ្នាប់ល្អ និងសុវត្ថិភាពក្នុងសង្គម។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា ប្រជាពលរដ្ឋគ្រប់រូបដែលជាអ្នកទទួល និងចែករំលែកព័ត៌មាន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ មានតួនាទីសំខាន់ណាស់ ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះប្រសិនបើប្រជាពលរដ្ឋចែករំលែកព័ត៌មានពិត ព័ត៌មានល្អ មានគុណភាពទៅឲ្យសមាជិកដទៃទៀតក្នុងក្រុមគ្រួសារក្តី ក្នុងសហគមន៍ខ្លួនក្តី នោះសង្គមគ្រួសារ និងជាតិទាំងមូល នឹងសុទ្ធសឹងទទួលបាននូវព័ត៌មានពិត ហើយរួមចំណែកបានក្នុងការទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។
បើតាមលោក ទេព អស្នារិទ្ធ ដដែល ដើម្បីទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយ ប្រជាពលរដ្ឋអាចអនុវត្តវិធានសំខាន់មួយចំនួនដូចជា៖ ១. មុននឹងជឿលើព័ត៌មានអ្វីមួយ សូមសួរខ្លួនឯងថាតើព័ត៌មាននោះ មានប្រភពច្បាស់លាស់ឬទេ តើវាមានប្រភពពីណា ហើយតើជាប្រភពដែលអាចទុកចិត្តបានដែរឬទេ? ២. សូមពិចារណាឲ្យបានច្បាស់ជាមុនសិន ថាតើគួរចែករំលែកព័ត៌មាននោះទៅអ្នកដទៃដែរឬទេ ហើយការចែករំលែកនោះនឹងផ្តល់ផលប្រយោជន៍ ឬអាចបង្កផលវិបាកដល់សង្គមគ្រួសារ និងជាតិ? ៣. ប្រសិនបើមានភាពសង្ស័យ មន្ទិលក្នុងចិត្តលើភាពសុក្រិត ភាពពិតនៃព័ត៌មានណាមួយ សូមកុំចែករំលែកបន្ត និងគួរប្រកាន់ខ្ជាប់នូវទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មានឲ្យច្បាស់ជាមុនសិន មុននឹងចែករំលែកព័ត៌មាននោះបន្ត។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ បានបន្ថែមទៀតថា ក្រសួងព័ត៌មាន នឹងរៀបចំយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ Zero Fake News Campaign នៅពេលខាងមុខ ក្រោមការដឹកនាំរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយផ្តោតលើការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាជន និងលើកកម្ពស់ចំណេះដឹង តាមរយៈការផ្សព្វផ្សាយដើម្បីបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីផលវិបាកនៃព័ត៌មានក្លែងក្លាយ ក៏ដូចជាវិធានការនានាក្នុងការទប់ស្កាត់ការសាយភាយ នៃព័ត៌មានក្លែងក្លាយនេះ។
លោកថា អ្នកសារព័ត៌មាន ជាតួអង្គដ៏សំខាន់មួយក្នុងសង្គម ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព្រោះការផ្សព្វផ្សាយខ្លឹមសារព័ត៌មានពិតច្រើនដែលមានគុណភាព ពោលគឺជាព័ត៌មានគ្រប់ជ្រុងជ្រោយដោយត្រូវមានប្រភពច្បាស់លាស់ ខ្លឹមសារមានតុល្យភាពព័ត៌មាន វានឹងលុបលើព័ត៌មានក្លែងក្លាយ ហើយនៅពេលដែលបរិមាណនៃព័ត៌មានពិត ត្រូវបានចែកចាយកើនឡើងច្រើន ពេលនោះព័ត៌មានក្លែងក្លាយ នឹងស្លាប់ទៅដោយខ្លួនឯង។
លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ដែរថា អ្នកសារព័ត៌មាន ក៏ត្រូវបន្តពង្រឹងសមត្ថភាពជំនាញ និងប្រកាន់ខ្ជាប់ នូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មាន។ ក្នុងនោះ មានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដោយមិនត្រូវអនុវត្តលើសពីតួនាទី និងភារកិច្ចខ្លួនជាអ្នកសារព័ត៌មាននោះទេ នោះព័ត៌មានពិតដែលបានផ្សាយ នឹងទាក់ទាញបាននូវការតាមដាន និងការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋ មកលើការផ្សព្វផ្សាយរបស់អង្គភាពរបស់ខ្លួន ហើយថែមទាំងរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ថែមទៀតផង៕

-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?