ព័ត៌មានជាតិ
ឈ្វេងយល់ ពីតួនាទីរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ពុទ្ធិកសិក្សា ត្រូវបានគេស្គាល់ជាទូទៅថា ជាស្ថាប័នអប់រំសម្រាប់តែព្រះសង្ឃដែលបានបួសនៅក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ ប៉ុន្តែ ធាតុពិត ស្ថាប័នអប់រំពុទ្ធិកសិក្សា គឺជាប្រព័ន្ធអប់រំតាមបែបសាសានាដ៏មានសក្តានុពល ដែលបានផ្តល់ការអប់រំបណ្តុះបណ្តាលដល់សមណសិស្ស សិស្ស សមណនិស្សិត និស្សិត និងកុលបុត្រខ្មែរទូទៅ ដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ឬសាសនាឡើយ។
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាស្ថាប័នអប់រំមួយដែលបានផ្តល់ឱកាសឱ្យកុលបុត្រខែ្មរទូទៅបានសិក្សារៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពចាប់ពីកម្រិតសាលាធម្មវិន័យ ពុទ្ធិកបឋមសិក្សា រហូតដល់កម្រិតពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា។
យោងតាមឯកសារប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ថា វិស័យអប់រំពុទ្ធិកសិក្សា គឺស្ថាប័នអប់រំដ៏មានវ័យចំណាស់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានបណ្តុះធនធានអ្នកប្រាជ្ញ ធម្មកោវិទ បណ្ឌិត បញ្ញវ័ន្តជាច្រើនតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ពុទ្ធិកសិក្សា ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជប្រកាសព្រះករុណាព្រះបាទស៊ីសុវត្ថិ លេខ៤៩ ចុះថ្ងៃសុក្រ ១២រោច ទុតិយាសាឍ ឆ្នាំរកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩០៩ ដោយប្រសិទ្ធនាមថា បរមពុទ្ធវចនបរិយត្តបសាន ដែលមានទីតាំងដំបូងគេនៅនគរវត្ត (ខេត្តសៀមរាប) (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ២០០៦, ទំ.១៧)។ វិស័យពុទ្ធិកសិក្សា ត្រូវបានបិទទា្វរទាំងស្រុងអំឡុងឆ្នាំ១៩៧៥-១៩៧៩ ក្រោមការដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។
យោងសេចក្តីសម្រេចរបស់គណៈលេខាមជ្ឈិមបក្សនៃរដ្ឋកម្ពុជាលេខ២៩២ ដ.ខមប ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ពុទ្ធិកសិក្សា ក៏បានចាប់ផ្តើមដំណើរការឡើងវិញ មានទីតាំងស្ថិតនៅក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដំបូងឡើយបើកដំណើរការត្រឹមតែកម្រិតពុទ្ធិកបឋមសិក្សា (សាលាបាលីរង) ប៉ុណ្ណោះ លុះដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដោយមើលឃើញពីដំណើរវិវឌ្ឍ និងការរួមចំណែកយ៉ាងច្រើនរបស់វិស័យពុទ្ធិកសិក្សាក្នុងការរអភិវឌ្ឍធនធានមនុស្ស ទើបក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជាបានអនុញ្ញាតឱ្យក្រសួងធម្មការ និងសាសនា បើកដំណើរការឡើងវិញនូវពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលមានកម្រិតសិក្សាត្រឹមពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ។
នៅឆ្នាំ១៩៩៧ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក៏បានបើកឱ្យដំណើរការបន្តទៀត ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់សមណសក្យបុត្រ ក៏ដូចជាកុលបុត្រពុទ្ធសាសនិកខ្មែរទូទៅបានសិក្សារៀនសូត្របន្ថែមទៀត។ ចំពោះការអភិវឌ្ឍចំណេះដឹង សមត្ថភាព និងជំនាញពុំមានព្រំដែនឡើយ ហេតុនេះហើយនៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យវិស័យពុទ្ធិកសិក្សាបើកដំណើរការពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជបន្ថែមទៀត។ ក្រោយមកពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ បានប្រែក្លាយទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្នពេញ (ខាងមុខព្រះបរមរាជវាំង)។ ចំណែក នៅឆ្នាំ២០០៨ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបង្កើតសាខាចំនួនពីរបន្ថែមទៀត គឺសាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង។
លើសពីនេះទៅទៀត ដោយមើលឃើញពីតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សកម្រិតពុទ្ធិកឧត្តមសិក្សាមានការកើនឡើង រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិស័យពុទ្ធិកសិក្សាបើកដំណើរការនូវពុទ្ធិកសាកលវិទ្យាល័យចំនួនពីរផ្សេងទៀត ក្នុងនោះរួមមាន៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ៨៣អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការបង្កើតពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១។
បន្ថែមពីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការបណ្តុះបណ្តាល ការគ្រប់គ្រង និងការសម្របសម្រួលការងារវិស័យពុទ្ធិកសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំតាមឋានានុក្រមបានសម្រេចបង្កើតអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុកគ្រប់គ្រងពុទ្ធិកបឋមសិក្សារហូតដល់ពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សាទូទាំងប្រទេស។ ជាងនេះទៅទៀត ដើម្បីពង្រឹងការងារពុទ្ធិកសិក្សាឱ្យកាន់តែល្អប្រសើរថែមទៀត និងទៅតាមដំណើរវិវឌ្ឍរបស់សង្គមក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានដាក់ស្ថិតនៅក្រោមចំណុះនៃក្រសួងធម្មការ និងសាសនា ដែលមានថ្នាក់ស្មើនឹងអគ្គនាយកដ្ឋាន និងមានផ្នែកចំណុះចំនួន៤ រួមមានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ, ផ្នែកពុទ្ធិកមធ្យមសិក្សា, ផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា, និងផ្នែករដ្ឋបាលនិងគណនេយ្យ។
ក្រោយមកទៀត នៅឆ្នាំ២០២១ ដើម្បីសម្រួលដល់ការងារបណ្តុះបណ្តាល និងការចាក់ផ្សាយកម្មវិធីទូរសិក្សាក្នុងអំឡុងសម័យកាលនៃវិបត្តិជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដំឡើងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតឱ្យមានថ្នាក់ស្មើនាយកដ្ឋាន[3]ផងដែរ។ ដូច្នេះ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នាពេលបច្ចុប្បន្នមានផ្នែកចំណុះចំនួន៥ រួមទាំងផ្នែកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់