ព័ត៌មានជាតិ
៤ ខែ ក្រសួងការងារ អនុវត្តអនុសាសន៍ នាយករដ្ឋមន្ត្រី ទាំង ៦ ចំណុច គ្រប់ជ្រុងជ្រោយ
រយៈពេល ៤ ខែ នៃការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនីតិកាលទី ៧ នេះ លោក ហេង សួរ បានដឹកនាំក្រសួងការងារអនុវត្តអនុសាសន៍ទាំង ៦ ចំណុច របស់នាយករដ្ឋមន្ត្រីគ្រប់ជ្រុងជ្រោយ។

អនុសាសន៍ដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ចំនួន ៦ ចំណុច នោះ កាលពីថ្ងៃទី ២៩ ខែសីហា ដើមអាណត្តិ ដើម្បីអនុវត្តឲ្យបាននៅឆ្នាំ ២០២៣។ នេះបើតាមការឲ្យដឹងពី លោក កត្តា អ៊ន មន្ត្រីនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣។

បើតាម លោក កត្តា អ៊ន ការអនុវត្តគ្រប់ជ្រុងជ្រោយនោះរួមមាន ៖ ទី១.ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ-និយោជិត ឆ្នាំ ២០២៤ ដែលសម្រេចបានកាលពីថ្ងៃទី ២៨ ខែកញ្ញា ចំនួន ២០២ ដុល្លារ តាមរយៈយន្តការការចរចាត្រីភាគីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និង សម្ដេចធិបតី បន្ថែម ២ ដុល្លារទៀត ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមាមានចំនួន ២០៤ ដុល្លារ សម្រាប់ឆ្នាំ ២០២៤។ ត្រង់ចំណុចនេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ត្រូវសម្រេចឲ្យបាននូវមុនពិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី ១៣ ខែតុលា។

លោកបន្ថែមថា កិច្ចការងារទី ២ ដែលសម្រេចបានគឺការរៀបចំដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ កិច្ចការដ៏សំខាន់នេះ ត្រូវបាន សម្តេចនាយករដ្ឋមន្ត្រី ប្រកាសកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយបើគិតពីពេលនោះមកដល់ត្រឹមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៣ មានក្រុមគោលដៅចំនួន ១០២ ៦០៤ នាក់ បានចុះបញ្ជី និងទៅប្រើប្រាស់សេវាចំនួន ៤៦ ៩១២ ដង។

លើសពីនេះទៅទៀត សម្រាប់កិច្ចការទី ៣ ដែលសម្រេចគួរឲ្យកត់សម្គាល់មួយទៀត គឺការដាក់ដំណើរការកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ កិច្ចការនេះ ក៏ត្រូវបានប្រកាសដោយ សម្តេចនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ផងដែរ។ បច្ចុប្បន្ន មានក្រុមគោលដៅប្រមាណជិត ២ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនរួចរាល់ហើយ។ ចំពោះកិច្ចការទី ៤ ក្រសួង បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧ រួចរាល់ ដើម្បីបើកផ្លូវឲ្យមានកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា គាំទ្រដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ដោយឡែកកិច្ចការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ដែលជាកិច្ចការសំខាន់ទី ៥ ក្រសួង បានអនុវត្តការងារនេះយ៉ាងខ្ជាប់ខ្ជួនចាប់តាំងពីខែសីហា រហូតមក។ បើគិតចាប់តាំងពីខែសីហា រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា នេះ រដ្ឋាភិបាល បានចំណាយថវិកាប្រមាណជាង ៦ លានដុល្លារអាមេរិក សម្រាប់កម្មការិនី មន្ត្រីរាជការ មន្ត្រីកិច្ចសន្យាជាស្ត្រីទៅពិនិត្យសុខភាព មុនក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងជិត ៦ ម៉ឺននាក់។ នេះបើតាមប្រសាសន៍របស់ លោករដ្ឋមន្ត្រី កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

សម្រាប់ការងារចុងក្រោយទី ៦ ស្តីពីសហគ្រាសមួយ គឺ សហគមន៍សុខសាន្តមួយ ក្រសួងការងារ បានដាក់ចេញយន្តការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ច មន្ត្រីផ្សះផ្សាវិវាទការងារ និងការពង្រឹងវិសាលភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាយន្តការត្រីភាគី។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួង នឹងដាក់ចេញនូវយុទ្ធនាការប្រឡងប្រណាំងយកពាន“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ ២០២៤ នេះតទៅ។ ក្រៅពីសម្រេចអនុសាសន៍ទាំង ៦ នោះ អនុសាសន៍ចំនួន ៤ ចំណុច ផ្សេងទៀត ក៏ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ពីវឌ្ឍនភាពចំនួន ៤ ចំណុចផ្សេងទៀត ដែលក្រសួងបានសម្រេចផងដែរ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ