ព័ត៌មានជាតិ
អ្នកជំនួញមួយរូប ផ្តល់យោបល់ដល់សមាគមអ្នកចិញ្ចឹមជ្រូក-គោ គួររៀបចំតូបតាមផ្សារងាយស្រួលពលរដ្ឋគាំទ្រ
អ្នកជំនួញមួយរូប បានផ្ដល់យោបល់ដល់សមាគមអ្នកចិញ្ចឹមជ្រូក និងចិញ្ចឹមគោនៅកម្ពុជា ថា គួរតែរៀបចំតូបនៅតាមផ្សារនានា ដើម្បីឱ្យប្រជាពលរដ្ឋងាយបែងចែក និងគាំទ្រផលិតផលសាច់សត្វចិញ្ចឹមក្នុងស្រុក ដែលជារបស់កសិករខ្មែរ ជៀសវាងប្រើប្រាស់ប្រភេទសាច់បង្កកនាំចូលមកខុសច្បាប់ និងមិនមានគុណភាពត្រឹមត្រូវ ជាដើម។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើន សម្បត្តិ ខនស្រ្កាក់សិន ខូអិលធីឌី និងដៃគូរសហការក្នុងខេស៊ីគ្រុប (KC GROU) បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ២៧ ខែធ្នូថា សមាគមអ្នកចិញ្ចឹមជ្រូក ចិញ្ចឹមគោនៅកម្ពុជា គួរមានតូបមួយរបស់សមាគមនៅតាមផ្សារហើយ ដើម្បីឱ្យប្រជាជនងាយក្នុងការបែងចែក ក្នុងការជួយគាំទ្រ។

លោក ឃិត ឈឿន ថ្លែងបន្តថា «យើងមិនអាចហាមឃាត់គេ តែយើងអាចហាមខ្លួនយើងមិនអោយទិញបាន។ បើខ្ញុំចូលក្នុងផ្សារហើយឃើញថា តូបលក់សាច់នេះជារបស់ខ្មែរយើង គាំទ្រកសិផលខ្មែរ ខ្ញុំនឹងទិញ។ ចុះបើមិនដឹងទៅរកមួយណាអោយច្បាស់ប្រជាជនលោកមិនដឹងទេ»។

លោក ឃិត ឈឿន បានលើកឡើងបន្តថា ការធ្វើដូច្នេះជួយឱ្យទីផ្សារសាច់សត្វចិញ្ចឹមក្នុងស្រុកល្អប្រសើរ ហើយកសិករ និងអ្នកបរិភាគទទួលបានផលចំណេញ បានសាច់ដែលមានសុវត្ថិភាព។ លោកបន្ថែមទៀតថា «ជាការងាយក្នុងការចាប់ដៃគូក្នុងទីផ្សារ កុំបង្កើតថ្មីប៉ះអាជីវករយើងមុន ឬអាចដាក់ផ្លាក ដាក់ Banner ចង់បង្ហាញ។ ម្យ៉ាងទៀត ត្រូវចូលរួមបំផុសព័ត៌មានពីគុណវិបត្តិ ក្នុងការបរិភោគសាច់បង្កក នាំចូលខុសច្បាប់ គ្មានសុវត្ថិភាព ដែលវាប៉ះពាល់សុខភាពសាធារណៈ បើយើងគាំទ្រកសិករខ្មែរ ផលិតផលខ្មែរ យើងរីកចម្រើនជាមិនខានឡើយ»។

យ៉ាងណាមិញ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានមានប្រសាសន៍ប្រាប់ឱ្យកម្ពុជាថ្មីដឹងថា លោកគាំទ្រការលើកឡើងនេះ ខណៈកន្លងមក សមាគម និងក្រុមប្រឹក្សាសមាគម ក៏បានធ្វើរឿងនេះរួចមកហើយដែរ។ គ្រាន់តែមិនទទួលបានផ្លែផ្កានោះទេ នេះក៏ដោយសារតែការបើកតូបនៅពេលនោះទៀតសោត បានត្រឹមតែមួយកន្លែងក្បែរម្ដុំផ្សាររាត្រី ក្នុងរាជធានីភ្នំពេញ។

ម្យ៉ាងទៀត ការបើកតូបរបស់សមាគមចិញ្ចឹមសត្វនាពេលនោះ ដាក់លក់បានត្រឹមតែថ្ងៃចុងសប្ដាហ៍ ពោល ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ តែប៉ុណ្ណោះ ហើយក្រោយមកទៀត ដោយសារគ្មានអ្នកគ្រប់គ្រងច្បាស់លាស់ តូបសមាគម ក៏ត្រូវបានរំសាយទៅវិញ។ ប្រធានសមាគមរូបនេះ បន្ថែមថា បច្ចុប្បន្ននេះ សមាគមចិញ្ចឹមសត្វកម្ពុជា និងក្រុមប្រឹក្សាសមាគមទាំងអស់ កំពុងតែបានគិតគូរ ពិចារណា ស្វែងរកវិធីសាស្រ្ដថ្មីទៀត ដើម្បីធ្វើយ៉ាងណា ចូលរួមកាត់បន្ថយការប្រើប្រាស់សាច់បង្កកដែលនាំចូលពីបរទេស និងដើម្បីជួយលើកស្ទួយការចិញ្ចឹមសត្វរបស់កសិករនៅក្នុងស្រុក បានប្រសើរជាងមុន។

លោក ស្រ៊ុន ពៅ បានបញ្ចាក់ទៀតថា ការនាំចូលប្រភេទសាច់បង្កកមកពីក្រៅប្រទេស វាមិនខុសអ្វីនោះទេ ដោយសារប្រទេសកម្ពុជា ប្រកាន់យកប្រព័ន្ធទីផ្សារសេរី។ ម្ល៉ោះហើយ ការនាំចូល និងនាំចេញ គឺត្រូវតែមានទៅ មានមក តែត្រូវធានាឱ្យបានថា តើប្រភេទសាច់បង្កកដែលនាំចូលមកនោះ មានគុណភាព និងសុវត្ថិភាព ដែរឬទេ?។ លោក សង្កេតឃើញថា បច្ចុប្បន្ននេះ នៅតាមកម្មវិធីមង្គលការ និងកម្មវិធីបុណ្យផ្សេងៗ ច្រើនតែប្រើប្រាស់សាច់បង្កក ដែលនេះជាកំហុសរបស់អ្នកប្រើប្រាស់ផ្ទាល់ ចង់ចំណេញច្រើន ក៏ជ្រើសរើសសាច់បង្កកគ្មានគុណភាព និងតម្លៃថោក ជាដើម៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ