ព័ត៌មានជាតិ
ពុទ្ធិកសាកលវិទ្យាល័យចំនួន៣ បានក្លាយជាឆ្អឹងខ្នងដ៏សំខាន់នៃវិស័យពុទ្ធិកសិក្សានៅកម្ពុជា
វិស័យពុទ្ធិកសិក្សា បានរួមចំណែកដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ ដោយបានបណ្ដុះបណ្ដាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្ដមសិក្សា។ ក្នុងនោះ ពុទ្ធិកសាកលវិទ្យាល័យចំនួន ៣ បានក្លាយជាឆ្អឹងខ្នងយ៉ាងសំខាន់នៃវិស័យពុទ្ធិកសិក្សានៅកម្ពុជា។
បើតាមរបាយការណ៍របស់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានសាលាធម្មវិន័យ ថ្នាក់ត្រី ទោ ឯក សរុបចំនួន៥២៩សាលានៅទូទាំងប្រទេស និងមានពុទ្ធិកសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា ជាអាទិ៍ ពុទ្ធិកបឋមសិក្សា មានចំនួន៩៥០សាលា ពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានចំនួន៣៨សាលា និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន១៤សាលា។
ចំពោះពុទ្ធិកសាកលវិទ្យាល័យចំនួន៣ ដែលមាននៅកម្ពុជាបច្ចុប្បន្ន គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលក្នុងនោះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន២សាខាបន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រែក្លាយឈ្មោះពីពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៦ ហើយបច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាននៅ៣ទីតាំង គឺនៅរាជធានីភ្នំពេញ សាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង។ ពុទ្ធិកសាកលវិទ្យាល័យនេះ បានក្លាយថ្នាលបណ្តុះបណ្ដាលធនធានព្រះសង្ឃ និងកុលបុត្រខ្មែរដ៏មានប្រសិទ្ធភាពនៅក្នុងសង្គមខ្មែរ ដែលធនធានទាំងនេះអាចបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រប្រកបដោយប្រសិទ្ធភាព និងជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងអភិវឌ្ឍសង្គម។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន៤ពុទ្ធិកមហាវិទ្យាល័យ គឺ១.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា ២.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា ៣.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ និង៤.ពុទ្ធិកមហាវិទ្យា ល័យបាលី-សំស្ត្រឹត និងភាសាបរទេស។
សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការបណ្តុះបណ្តាល ចាប់តាំងពីឆ្នាំ ២០០៥ មកម្លេះ ដោយការប្រោសព្រះរាជទានព្រះរាជនាមពីព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា។ រហូតដល់ឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចបង្កើតទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។
សព្វថ្ងៃនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានពុទ្ធិកមហាវិទ្យាល័យ៤ គឺ១.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ ២.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ ៣.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ត្រឹត និងភាសាបរទេស និង៤.ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា។
ដោយឡែក ពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដែលដំបូងឡើយមានឈ្មោះថា សាខាពុទិ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ចាម។ ដោយមានចំនួនសមណនិស្សិត-និស្សិត ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបនៅឆ្នាំ២០១១ ត្រូវបានបង្កើតទៅជាពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមអនុក្រឹត្យចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មានសម្ភារៈ ឧបទេសបណ្តុះបណ្តាលនូវធនធានមនុស្សក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយក្រមសីលធម៏ សុជីវធម៌ គុណធម៌ គុណភាព ឧត្តមគតិ និងមនសិការខ្ពស់។ ពុទ្ធិកសាកលវិទ្យាល័យនេះ បានពង្រឹងនូវសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌ លើវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ និងទំនាក់ទំនងជាមួយសាកវិទ្យាល័យ អង្គការ ស្ថាប័ននានា ក្នុងការបញ្ជូននិស្សិត-សមណនិស្សិតទៅបន្តការសិក្សា ទស្សនកិច្ចសិក្សា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមនាពេលបច្ចុប្បន្ន និងទៅអនាគត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ