ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជា ត្រូវបានចាត់ទុកជាគំរូនៅលើសកលលោក ព្រោះភាពជោគជ័យលើកិច្ចការដោះមីន
អនុប្រធានទី១ នៃអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លីធុជ បានគូសបញ្ជាក់ថា កម្ពុជា បានក្លាយជាឈានមុខគេ និងត្រូវបានចាត់ទុកជាប្រទេសគំរូនៅលើសកលលោក សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយជោគជ័យលើវិស័យសកម្មភាពមីន។ នេះជាលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ របស់អាជ្ញាធរមីន នៅថ្ងៃទី២៨ ខែធ្នូ នៅខេត្តកែប។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងការងារបោសសម្អាតមីន ឆ្នាំ២០២៣ នេះ កម្ពុជា បានដាក់ចេញនូវផែនការបោសសម្អាតផ្ទៃដីមានមីនរហូតដល់ ៣៥៦ គីឡូម៉ែត្រក្រឡា ដែលជាផែនការប្រចាំឆ្នាំធំជាងគេក្នុងរយៈពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២។
លោកទេសរដ្ឋមន្រ្តី អះអាងថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ កម្ពុជា ទទួលបាននូវកិត្តិយស និងការវាយតម្លៃខ្ពស់ពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នូវសមត្ថភាពរបស់កម្ពុជា ដោយបានបោះឆ្នោតជ្រើសតាំងធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាប្រសិទ្ធនាមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ឆ្នាំ២០២៤។
សមិទ្ធផលទាំងនេះ បានកើតចេញពីគុណតម្លៃនៃសន្តិភាពមិនអាចកាត់ថ្លៃបានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តការគាំទ្រយ៉ាងពេញទំហឹង និងមុះមុតក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ សម្រាប់រដ្ឋាភិបាលអាណត្តិទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

បន្ថែមពីនេះ លោកទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា មន្ត្រីទាំងអស់គ្នា មិនត្រឹមតែបំពេញបេសកកម្មដើម្បីស្ថាប័នអាជ្ញាធរមីនប៉ុណ្ណោះទេ ថែមទាំងបំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំ ការគ្រប់គ្រង និងការសម្របសម្រួលវិស័យសកម្មភាពមីននៅទូទាំងប្រទេស ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ និងទទួលបានការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។ យើងទាំងអស់នឹងរួមគ្នា រំដោះប្រទេសជាតិយើងចេញពីទុក្ខវេទនា និងការគម្រាមកំហែងពីគ្រាប់មីន។
ក្រោយសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អាជ្ញាធរមីន នៅមានកិច្ចការជាច្រើនទៀត រួមទាំងការរៀបចំនូវផែនការយុទ្ធសាស្រ្តរយៈពេលវែងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជាសំខាន់ៗចំនួន២ រួមមាន ទី១/. ការរៀបចំគោលនយោបាយជាតិស្តីពីសកម្មភាពមីន និងទី២/.ការគាំទ្ររៀបចំផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនសម្រាប់ក្រោយឆ្នាំ២០២៥។ នេះជាការបន្ថែមរបស់លោក លី ធុជ។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តប្រកាប់ខ្ជាប់នូវអកប្បកិរិយា និងឥរិយាបទចំនួន ៧ ចំណុច ក្នុងបំពេញការងារប្រចាំថ្ងៃ រួមមាន៖ ភាពស្មោះត្រង់ចំពោះស្ថាប័ននិងជាតិ ការបំពេញកាតព្វកិច្ច ការគោរពគ្នាទៅវិញទៅមក ការផ្តល់សេវាដោយមិនគិតពីប្រយោជន៍ខ្លួនឯង ការផ្តល់កិត្តិយសឱ្យគ្នា សុចរិតភាព និងសេចក្តីក្លាហាន/ការពុះពារ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ