ព័ត៌មានជាតិ
រដ្ឋបាលរាជធានីសុំគោលការណ៍ ពីក្រសួងមហាផ្ទៃ ពិនិត្យសំណើសម្របសម្រួលច្រកចេញចូល តែមួយ
ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឌ អង្គសន្និបាតនៃរដ្ឋបាលរាជធានីបានស្នើសុំគោលការណ៍ ដឹកនាំពីក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួង-ស្ថាប័នថ្នាក់ជាតិ ដើម្បីពិនិត្យសំណើ សំណូមពរ លើការសម្របសម្រួលជាមួយអង្គភាពជំនាញពាក់ព័ន្ធដើម្បីពន្លឿន ការផ្ទេរសេវា ដែលនៅសេសសល់មកឱ្យអង្គភាពច្រកចេញចូល តែមួយ រាជធានីភ្នំពេញ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងនៅក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់រដ្ឋបាល រាជធានីភ្នំពេញ» នៅថ្ងៃទី ២៩ ខែធ្នូ នេះថា រដ្ឋបាលរាជធានី ស្នើសុំកែសម្រួលទម្រង់បែបបទនៃការស្នើសុំសេវាឱ្យមានលក្ខណៈសាមញ្ញ កាត់បន្ថយនូវសំណុំឯកសារភ្ជាប់ដែលមិនចាំបាច់, គាំទ្រផ្នែករដ្ឋបាល បច្ចេកទេស និងពង្រីកវិសាលភាពនៃការផ្តល់សេវាតាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបទៅនឹងអាទិភាពគន្លឹះទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺ “បច្ចេកវិទ្យាឌីជីថល”។
លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ «ដើម្បីទទួលបានធាតុចូលកាន់តែមានភាពសុក្រឹត និងច្បាស់លាស់ នាថ្ងៃបើកអង្គសន្និបាត អង្គសន្និបាត បានប្រើប្រាស់វិធីសាស្ត្របែងចែកក្រុមពិភាក្សា ក្នុងគោលបំណងទទួលបានធាតុចូលកាន់តែច្បាស់លាស់ដោយផ្តោតជាសំខាន់ទៅលើប្រធានបទចំនួន ៤»។

អង្គសន្និបាតបានប្ដេជ្ញាចិត្តរួមគ្នា ដើម្បី ពុះពារជម្នះគ្រប់ឧបសគ្គ ដោះស្រាយរាល់បញ្ហាប្រឈមដែលអាចកើតមាន និងបានឯកភាពទៅលើទិសដៅអនុវត្តការងាររបស់រដ្ឋបាលរាជធានី ភ្នំពេញឆ្នាំ២០២៤។
-នាពេលបច្ចុប្បន្ន ការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញ-ចូលតែមួយ បានដំណើរការទៅដោយរលូន និងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។
ជាក់ស្តែង ក្នុងឆ្នាំ ២០២៣នេះ អង្គភាពច្រកចេញ-ចូលតែមួយរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈសរុបចំនួន ៦៥.៦៩៨ សេវា ពោលគឺ ជាមធ្យមមានប្រជាពលរដ្ឋមកសុំសេវាពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន ១៨០ សេវាក្នុងមួយថ្ងៃ និងទទួលបានចំណូលថវិការដ្ឋ ចំនួនជិត ២៧ ពាន់លានរៀល ឬ ស្មើនឹងប្រមាណ ៦,៥៨ លាន ដុល្លាអាមេរិក។

លោកបន្តថា ដើម្បីធានាការអនុវត្ត កម្មវិធីជាតិ មានលក្ខណៈប្រក្រតី អចិន្ត្រៃយ៍ និងជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយ រងគ្រោះ អង្គសន្និបាត បានតម្រង់ទិសដល់មន្ទីរ-អង្គភាពជំនាញ អាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រតិបត្តិករអនុវត្តកម្មវិធីទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តដោយ តម្លាភាព សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់។
អង្គសន្និបាត បានគាំទ្រយ៉ាងពេញទំហឹងចំពោះរដ្ឋបាលខណ្ឌទាំង ១៤ ដែលមាន ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ ធ្វើជាសេនាធិការ ក្នុងខិតខំកែលម្អការផ្តល់សេវាអប់រំក្នុងដែនសមត្ថកិច្ច ឱ្យបានល្អប្រសើរ តាមរយៈកិច្ចសហការល្អជាមួយកងកម្លាំងប្រដាប់អាវុធដើម្បីឈានទៅលុបបំបាត់ក្រុមក្មេងទំនើង បងតូចបងធំ និងបញ្ហាគ្រឿងញៀនក្នុងសាលារៀន។

លោក ម៉ប់ សារិន បន្តថា នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ អង្គសន្និបាត ក៏បានកំណត់ទិសដៅ ភារកិច្ច និងការទទួលខុសត្រូវរួមគ្នា ក្នុងការត្រៀមលក្ខណៈលើការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គម ចំពោះព្រឹត្តិការណ៍ ជាតិ និងអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវទទួលបន្ទុករាប់រងនៅ រាជធានីភ្នំពេញ និងការត្រៀមលក្ខណៈចូលរួមសហការអនុវត្តកិច្ចការ សំខាន់ៗ សម្រាប់គាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង- ស្រុក-ខណ្ឌ អាណត្តិទី៤ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុននេះ។
លោកបញ្ជាក់ផងដែរថា អង្គសន្និបាតនេះបានប្រព្រឹត្តទៅដោយរលូនស្របតាម កម្មវិធីដែលបានកំណត់ ដែលអាចវាយតម្លៃបានថា អង្គសន្និបាតនាពេលនេះ សម្រេចបាន នូវលទ្ធផលជាផ្លែផ្កា ដូចគោលបំណង និងរបៀបវារៈ ដែលបានគ្រោងទុក។
រាល់ព័ត៌មាន មតិយោបល់ និងអនុសាសន៍នានា ក្នុង អង្គសន្និបាតនេះ ត្រូវបានកត់ត្រាទុកជាធាតុចូលសម្រាប់រដ្ឋបាល រាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការអនុវត្តទិសដៅការងារ ឆ្នាំ២០២៤ នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងដែរថា៖ ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការ កែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
រដ្ឋបាលរាជធានីភ្នំពេញ ត្រូវអនុវត្តការងារ លើកិច្ចការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិឱ្យបានរឹងមាំ ។កងកម្លាំងមានសមត្ថកិច្ចជាស្នូល និងជាបង្អែករបស់ប្រជាជន ត្រូវខិតខំលើកកម្ពស់ ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បទល្មើសបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ខុសច្បាប់ និងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ព្រមទាំងប្រឆាំងរាល់សកម្មភាពដែលប៉ុនប៉ង បង្កនូវអសន្តិសុខក្នុងសង្គម និងការផ្សព្វផ្សាយពត៌មានមិនពិតឬញ៉ែញ៉ងតាមបណ្តាញសង្គម។
ត្រូវទប់ស្កាត់ការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ ឬការបង្កើតតំបន់អបគមន៍ ព្រមទាំងប្រឆាំងរាល់ឧបាយកលសកម្មភាពនៃការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
បន្តជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានាឱ្យកាន់តែមាន ប្រសិទ្ធភាពថែមទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ