ព័ត៌មានជាតិ
ប្រធានបណ្ដាញ-អាណាព្យាបាល កុមារអូទីស្សឹម ប្រតិកម្ម សំណូមរបស់កន្លែងលេងកុមារមួយ
បន្ទាប់ពី កន្លែងលេងកម្សាន្តកុមារមួយកន្លែង បានសំណូមពរមិនទទួលកុមារអូទីស្សឹម ប្រធានបណ្តាញអូទីស្សឹមកម្ពុជា និងអាណាព្យាបាលមួយចំនួន បានបញ្ចេញប្រតិកម្ម និងស្នើកុំឱ្យមានការរើសអើងកុមារអូទីស្សឹម។

លោក ចាន់ សារិន ប្រធានបណ្តាញអូទីស្សឹមកម្ពុជា បានលើកឡើងលើបណ្ដាញសង្គម Facebook នៅរសៀលថ្ងៃនេះថា វាជារឿងដែលគួរឱ្យអស់សំណើចបំផុតចំពោះឥរិយាបទរបស់ម្ចាស់ហាង BABIE PARK បឹងស្នោ ដែលបានរើសអើងខ្លាំងចំពោះកុមារអូទីស្សឹម ដែលការរើសអើងនេះ បានរំលោភសិទ្ធិកុមារពិការ ហើយបានអនុវត្តផ្ទុយស្រឡះទៅនឹង អនុសញ្ញារបស់ អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិជនពិការ និងច្បាប់ ស្តីពី កិច្ចការពារ និងលោកកម្ពស់សិទ្ធិជនពិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផងដែរ។

លោក ចាន់ សារិន លើកឡើងបន្តថា៖ “ក្នុងនាមជា ប្រធានបណ្តាញអូទីស្សឹមកម្ពុជា និងជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលជាសាលាថ្នាក់ជាតិសម្រាប់លើកកម្ពស់សិស្សអូទីស្សឹម ខ្ញុំស្នើសុំឱ្យម្ចាស់ហាងនេះលុបបំរាមនេះវិញឱ្យបានលឿនតាមដែលអាចទៅបាន ទោះជាសកម្មភាពនេះលក្ខណៈចេតនា ឬអចេតនាក្តី ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយការរើសអើងលើកុមារអូទីស្សឹម។ ការធ្វើបែបនេះ វាមិនបានចំណេញអ្វីទេ តែបែរជាបានធ្វើឱ្យសង្គមស្អប់ខ្ពើមទៅវិញទេ”។

លោក ចាន់ សារិន លើកឡើងបន្ថែមថា៖ “ខ្ញុំបាទក៏សូមគោរពស្នើសុំដល់ ឯកឧត្តម ឯម ចន្ទមករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជួយសម្រួលកិច្ចការនេះដើម្បីជៀសវាងប្រតិកម្មពីអ្នកអាណាព្យាបាលអូទីស្សឹម និងសង្គមជាតិ។ ប្អូនត្រូវរៀនយល់ពីអារម្មណ៍អ្នកដែលមានកូនអូទីស្សឹមផង ហើយត្រូវចេះថ្លឹងថ្លែងថា បើសិនជាប្អូនស្ថិតក្នុងស្ថានភាពបែបហ្នឹង តើប្អូនគិតយ៉ាងណាទៅវិញ រៀនស្គាល់អារម្មណ៍អ្នកដទៃផង ទើបមានសេចក្តីសុខ”។

ជាមួយគ្នានេះ មានអាណាព្យាបាលមួយចំនួនបាន បញ្ចេញយោបល់ Comment ដោយក្នុងនោះ ម្ចាស់ Facebook ឈ្មោះ Nhem Nam បានលើកឡើងថា៖ កុមារអូទីស្ស៊ីម អាចនឹងមិនយល់ថា នេះគឺជាសំណេរមួយ ឬបម្រាមដែលម្ចាស់ហាង សរសេររើសអើងដល់ពួកគាត់នោះទេ តែពួកគាត់នៅតែចង់ទៅលេង ដោយសារគាត់ជាកុមារអូទីស្សឹមដែលមិនយល់ពីការរើសអើងរបស់អ្នក។
ម្ចាស់ Facebook ខាងលើ បានបន្តថា៖ “តែសំណេរនេះគឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់ឪពុកម្តាយ ដែលមានកូន ដែលត្រូវការតម្រូវការពិសេស ដូចនេះ បម្រាមរបស់អ្នកធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ឪពុកម្តាយដែលគាត់មានកូនដែលជាកុមារអូទីស្សឹមយ៉ាងខ្លាំង។ អ្នកប្រហែលមិនដឹងថាម្តាយ ឬឪពុកដែលមានកូនមានការអភិវឌ្ឈន៍យឺត ស្ទើរតែ ៨០% ដែលមាន នឹងគំរាមកំហែង នៃជំងឺផ្លូវចិត្តធ្ងន់ធ្ងរ (ខ្ញុំជាម្តាយម្នាក់ដែលមានកូនមានតម្រូវការពិសេសដូចគ្នា) សូមកុំរើសអើងកុមារដែលជាកុមារពិសេស។ ខ្ញុំសរសេរបណ្តើរ អានបណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ”។

បើតាម សេចក្ដីជូនដំណឹងរបស់កន្លែងកម្សាន្តកុមារនោះ បានលើកឡើងថា៖ “សូមមេត្តាយោគយល់ និងអធ្យាស្រ័យ Playground របស់យើងខ្ញុំ សុំមិនទទួលកុមារអូទីស្សឹមនោះទេ ដោយសារតែមានការរំខាន និងបង្ករភាពមិនប្រក្រតី មួយចំនួននៅក្នុង Playground និងទៅលើក្មេងដទៃ ដូចនេះ ដើម្បីសុវត្ថិភាព និង បង្ការទុកជាមុន ហាងយើងខ្ញុំ សូមការយោគយល់ និងអធ្យាស្រ័យ ចំពោះអាណាព្យាបាល។ អរគុណចំពោះការយោគយល់”។

គួរបញ្ជាក់ថា អូទីហ្សឹមជះឥទិ្ធពលទៅលើ ៣ផ្នែកធំៗ គឺការប្រាស្រ័យទាក់ទង ជំនាញសង្គម និងអាកប្បកិរិយា ធើ្វឱ្យពួកគេងាយនឹងមានអារម្មណ៍តានតឹង។ ពួកគេអាចពិបាកយល់នៅពេលមនុស្សនិយាយជាមួយពួកគេ មិនយល់ពីការផ្លាស់ប្តូរទម្លាប់របស់ពួកគេ ឬមិនអាចប្រាប់អ្នកពីអ្វីដែលពួកគេចង់បាន។ ស្ថានភាពទាំងនេះនាំឱ្យការធុញថប់ ជាពិសេសនៅពេលដែលពួកគេមិនអាចនិយាយអី្វចេញពីអារម្មណ៍របស់គេ។ បុគ្គលអូទីហ្សឹមនៅតែមានសមត្ថភាពធ្វើអ្វីៗជាច្រើន ពួកគេនៅតែអាចទៅសាលារៀន ហើយរៀនជំនាញថ្មីៗ ដូចជាអាន និងសរសេរដូចមនុស្សទូទៅផងដែរ ស្របទៅតាមការអប់រំពិសេស។ មនុស្សពេញវ័យខ្លះនៅតែមានសមត្ថភាពធើ្វការ និងរកប្រាក់បានផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ