ព័ត៌មានជាតិ
ថ្នាក់ដឹកនាំ មន្ត្រីនៃ គ.ជ.ប និងរាជធានីខេត្ត៧ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល មុនគេ
ត្រឹមរយៈពេលមួយថ្ងៃ នៃការចាប់ផ្ដើមបើកទ្វារទទួលការដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលប្រមាណជាង៧ពាន់ច្បាប់ ដែលក្នុងនោះ បុគ្គលដែលជាប់កាតព្វកិច្ចនៃក្របខណ្ឌ គ.ជ.ប និងរដ្ឋបាលរាជធានី-ខេត្តចំនួន៧ បានបញ្ចប់ការប្រកាសទាំងស្រុងមុនគេ។

បើតាមសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប ២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៤។ អនុវត្តតាមសេចក្ដីជូនដំណឹងនេះ គឺត្រឹមរយៈពេលតែមួយថ្ងៃ ពោល គឺនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៧៦៦៣ច្បាប់។
អង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងឱ្យដឹងថា មានស្ថាប័ន និងរាជធានី-ខេត្តចំនួន៧ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រដ្ឋបាលរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តព្រះវិហារ និងខេត្តកំពង់ចាម។

តាមសេចក្ដីដំណឹងដដែលនេះ ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ ពីម៉ោង០៨:០០ ព្រឹកដល់ម៉ោង០៥:០០ល្ងាច។
គួរជម្រាបថា មាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានកំណត់ថា សមាសភាពបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
បន្ថែមពីនេះ មន្រ្តីរាជការស៊ីវិល មន្ត្រីយោធា នគរបាលជាតិ មន្ត្រីរាជការសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ និងមន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាស ហើយត្រូវបានកំណត់ឱ្យប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមបញ្ជីរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក៏ជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ខណៈថ្នាក់ដឹកនាំសង្គមស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម អយ្យការ សាការី ក្រឡាបញ្ជី និងអាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចនេះដែរ។

យោងតាមមាត្រា ៣៨ នៃច្បាប់នេះ បុគ្គលណាដែលមិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុល ឬប្រកាសមិនបានត្រឹមត្រូវតាមច្បាប់ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១សែនរៀល ដល់ ២លានរៀល និងត្រូវបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ បើក្នុងករណី មិនព្រមប្រកាសទ្រព្យសម្បត្តិ និងបំណុលទៀត នឹងត្រូវទទួលទោសទ្វេដង៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១០ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ