ព័ត៌មានជាតិ
កម្មសិក្សាការី និង និស្សិត ជិត ២០ នាក់ នៅជប៉ុន ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា មានកម្មសិក្សាការី និងនិស្សិត ប្រមាណជិត ២០ នាក់ ស្នាក់នៅតំបន់រងគ្រោះដោយគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាពហើយ។ ក្រសួងការងារ ក៏ដូចជាស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសុខសុវត្ថិភាពរបស់ពលរដ្ឋខ្មែរនៅតំបន់កើតហេតុជាទីបំផុត។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០២ មករា នេះថា «គិតត្រឹមម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ០២ មករា ម៉ោងនៅកម្ពុជា មានកម្មសិក្សាការីពលករជំនាញ និស្សិត និងសហគមន៍ខ្មែរតំបន់មានការរញ្ជួយដីរងគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ គឺមានសុវត្ថិភាព ដោយកម្មសិក្សាការី ១១ នាក់ និងនិស្សិតចំនួន ៨ នាក់ ត្រូវបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព»។
លោកបានបន្តថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានរលកយក្សស៊ូណាមិ ពីតំបន់រងគ្រោះដោយសាររញ្ជួយដីនេះ។ ដូច្នេះ ក្រសួងការងារ បានសហការជាមួយស្ថានទូតកម្ពុជាប្រចាំជប៉ុន កំពុងបន្តតាមដានចំពោះសុវត្ថិភាពរបស់ពលរដ្ឋខ្មែរនៅតំបន់កើតហេតុជាទីបំផុត។
លោក កត្តា អ៊ន បានអំពាវនាវដល់កម្មសិក្សាការីពលករជំនាញ និស្សិត និងសហគមន៍ខ្មែរនៅតំបន់មានការរញ្ជួយដីរងគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ ប្រសិនបើមានរងផលប៉ះពាល់ណាមួយ សូមទំនាក់ទំនងមកស្ថានទូតកម្ពុជា ឬ អនុព័ន្ធការងារកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអន្តរាគមន៍ និងជួយឲ្យបានទាន់ពេលវេលា។
យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ចុះថ្ងៃទី ០២ មករា បានឲ្យដឹងថា កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ មានគ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ អាចបង្កហានិភ័យ នៃគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់សមុទ្រ នៃខេត្ត Ishikawa ដែលរងផលប៉ះពាល់ច្រើនជាងគេ និងបណ្ដាខេត្តក្បែរខាង ដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ជាដើម។
ក្នុងគ្រោះរញ្ជួយដីនេះ មានចំនួនអ្នកស្លាប់យ៉ាងហោចណាស់ ២៤ នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) នៅខេត្ត Ishikawa និងអ្នករបួសជាង ៦០ នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu ខណៈអគារជាង ១០០ ខ្នង នៅខេត្ត Ishikawa ត្រូវបានរងគ្រោះដោយអគ្គិភ័យ និងអគារជាច្រើនទៀតបានដួលរលំ។
រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥ ០០០ គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព ដែលក្នុងចំណោមគ្រួសារទាំងនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ។
យ៉ាងណាមិញ ស្ថានទូតកម្ពុជា មិនបានបញ្ជាក់ថា មាន ឬ មិនមានពលរដ្ឋខ្មែររងផលប៉ះពាល់នៅក្នុងគ្រោះរញ្ជួយដីនេះនៅឡើយទេ បើគិតមកដល់ពេលនេះ។ ទោះជាមិនទាន់មានការប៉ះពាល់ដល់ពលរដ្ឋក៏ដោយ តែស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបន្តអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណីទទួលបានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ក្នុងគ្រោះរញ្ជួយដីនេះ ស្ថានទូតកម្ពុជា បានប្រាប់ពលរដ្ឋ ត្រូវជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤។
តាមទិន្នន័យគិតត្រឹមឆ្នាំ ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន ពលរដ្ឋខ្មែររស់នៅក្នុងតំបន់រងគ្រោះខាងលើ រួមមាន ៖ ចំនួន ៨២ នាក់ នៅខេត្ត Ishikawa, ២៧៩ នាក់ នៅខេត្ត Fukui, ២០៨ នាក់ នៅខេត្ត Nagano, ៧៩១ នាក់ នៅខេត្ត Gifu, ១៥២ នាក់ នៅខេត្ត Toyama និងចំនួន ១១៧ នាក់ នៅខេត្ត Niigata៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា