Connect with us

ព័ត៌មានជាតិ

លោក ម៉ាក្រុង អញ្ជើញសម្ដេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង

បានផុស

នៅ

ទើបតែចូលកាន់តំណែងជានាយករដ្ឋមន្ត្រី រយៈពេលជាង ៤ខែប៉ុណ្ណោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង​ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ក្នុងខែមករា ឆ្នាំ ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតរបស់លោកប្រធានាធិបតី ម៉ាក្រុង ផ្ញើជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ តែទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤នេះ បានសរសេរថា​ ខណៈដែលព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅទីក្រុងប៉ារីសកាលពីខែមុន បានរំឭកឡើងវិញនូវថាមពល នៃមិត្តភាពរវាងប្រទេស និងរវាងប្រជាជនប្រទេសទាំងពីរ។

លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានអញ្ជើញសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ខាងមុខ។

ប្រធានាធិបតី​បារាំង បានលើកឡើងថា «ទស្សនកិច្ចជាលើកទីមួយនេះនៅប្រទេសបារាំង តាំងពីឯកឧត្តមឡើងកាន់តំណែងនាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឲ្យជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និងហ្រ្វង់កូហ្វូនី»។

លោក ម៉ាក្រុង ដែលហៅសម្ដេចធិបតីថា ជានាយករដ្ឋមន្ត្រីជាទីស្រឡាញ់ និងជាមិត្តជាទីស្រឡាញ់ផងនោះ ប្រាថ្នាចង់ឲ្យទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្ត្រី បើកលទ្ធភាពធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ដែលកំពុងប្រឈមមុខ ជាអាទិ៍ក្នុងវិស័យអន្តរកាលថាមពល។

លោកគូសបញ្ជាក់ថា «ទស្សនកិច្ចនេះ នឹងអនុញ្ញាតឲ្យយើងពិនិត្យមើលមធ្យោបាយនានា ដែលយើងអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិប​តេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់»។

នៅក្នុងលិខិតដដែលនេះ ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ក៏បានផ្ដាំផ្ញើនូវក្តីគោរពនឹករលឹករបស់លោកជូនចំពោះសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកហៅថា មិត្តសំឡាញ់របស់លោក ផងដែរ។

ជាការឆ្លើយតប នៅក្នុងបណ្ដាញសង្គមតេលេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំង ចាប់ពីថ្ងៃ ១៨ ដល់ថ្ងៃទី ១៩​ ខែមករា​ ឆ្នាំ ២០២៤ខាងមុខ តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

ព័ត៌មានជាតិ៥២ នាទីutes មុន

១០ខែ ឆ្នាំ២០២៤​នេះ រាជធានី​ទទួល​បាន​គម្រោង​សាងសង់​ចំនួន៥១៦គម្រោង ក្នុងទំហំ​ទុន​វិនិយោគ​ជាង១ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច៥៣ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ

ព័ត៌មានជាតិ៥៤ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះពិនិត្យ​ផ្លូវ​យុទ្ធសាស្រ្ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ទៅច្រកព្រំដែន​​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម