ព័ត៌មានជាតិ
មេប៉ូលីសជាតិ ថា រាជធានីខេត្ត៤ មានពលរដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើនជាងគេ
រាជធានី-ខេត្តចំនួន៤ មានពលរដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើនជាងគេ គឺនៅខេត្តមណ្ឌលគិរី រតនគិរី សៀមរាប និងនៅរាជធានីភ្នំពេញ។ នេះបើតាមការអះអាងពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។

ក្នុងពេលដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករនៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា នាពេលកន្លងទៅ និងមកទល់ពេលនេះ នៅមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។ លោកនាយឧត្តមសេនីយ៍ អះអាងដូច្នេះថា៖ «តំបន់ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើន គឺនៅខេត្តមណ្ឌលគិរី រតនគិរី សៀមរាប និងនៅរាជធានីភ្នំពេញផ្ទាល់តែម្ដង។ ដូច្នេះហើយ មន្ដ្រីនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពចំណុះរាជរដ្ឋាភិបាលកម្ពុជា»។

លោកនាយឧត្តមសេនីយ៍ ស ថេត បានទទួលស្គាល់ថា សព្វថ្ងៃនេះ មន្ត្រីនគរបាលជាតិមិនទាន់ទទួលបានការបណ្ដុះបណ្ដាលលើបញ្ហាអស់ទាំងនេះទេ ដូច្នេះហើយ ជាហេតុដែលនាំឱ្យបញ្ហានេះកើតឡើងច្រើន។ តាមរយៈនេះ ដើម្បីបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ទប់ស្ដាត់ និងស្រាវជ្រាវបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះ លោកនាយឧត្តមសេនីយ៍ បានណែនាំដល់គ្រប់បណ្ដាប្រធាននាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីមានសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងដើរឱ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល នាពេលបច្ចុប្បន្ន។
លោកនាយឧត្តមសេនីយ៍ អគ្គស្នងការ បានចាត់ទុកការបើកវគ្គបណ្ដុះបណ្ដាល់ដល់មន្ត្រីនគរបាល គឺជាកិច្ចការចាំបាច់បំផុត ដោយលោក សង្កត់ធ្ងន់ថា នៅពេលមន្ដ្រីនគរបាលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបហើយនោះ គឺអាចពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យយល់អំពីកលល្បិចនៃការបោក បញ្ឆោតរបស់ក្រុមឧក្រិដ្ឋជន។ លោក បន្តថា នៅពេលសមត្ថកិច្ចគ្រប់គ្រងបទល្មើសនេះបាន នោះនឹងអាចឈានទៅការបង្ក្រាបបទល្មើសផ្សេងទៀត ដែលមានការពាក់ព័ន្ធបានដោយជោគជ័យ។

ជាមួយការបណ្ដុះបណ្ដាល និងការពង្រឹងសមត្ថភាពរបស់មន្ត្រី អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានសម្រេចបង្កើតក្រុមការងាររាជរដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្រុមការងារនេះ មានតួនាទីសហការរៀបចំអនុវត្ត និងផ្សព្វផ្សាយពាក់ព័ន្ធការងារឌីជីថលថ្នាក់ជាតិ និងអន្ដរជាតិ កសាងផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព គ្រប់គ្រង តាមដាន ធ្វើបច្ចុប្បន្នភាពការងារ និងជាសេនាធិការលើការងារគ្រប់គ្រងឌីជីថលរបស់អគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ