ព័ត៌មានជាតិ
អ្នកជំនាញ បង្ហើបពីដំណើរការវិវត្តន៍ថ្មីនៃវិស័យចលនទ្រព្យក្នុងឆ្នាំ ២០២៤
អ្នកជំនាញ មានសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យ នៅក្នុងឆ្នាំ ២០២៤នេះ អាចនឹងមានកំណើនលើសពីឆ្នាំ ២០២៣ តិចតួច ហើយក៏ជាឱកាសដ៏ល្អសម្រាប់អ្នកទិញទុកចំណេញរយៈពេលវែង និងអ្នកមានលុយសុទ្ធក្នុងដៃ ឬអ្នកមានរំហូរសាច់ប្រាក់ពីអាជីវកម្មរឹងមាំ។
លោក ហាក់ គឹមថុង ប្រធានក្រុមហ៊ុន Viniyuk Brokerage Solution បានលើកឡើងថា ឆ្នាំនេះ នៅតែមិនមែនជាឆ្នាំដែលទិញអចលនទ្រព្យបានចំណេញភ្លាមៗ ដូចមុនជំនាន់កូវីដនោះទេ ពោលគឺទាមទារឱ្យអ្នកវិនិយោគត្រូវមានស្ថានភាពហិរញ្ញវត្ថុល្អ និងអាចទិញទុករយៈពេលយូរ ដើម្បីទទួលបានផលចំណេញ។ លោកបានបន្តដូច្នេះថា« ប្រជាជនយើងគួរតែស៊ាំនឹងស្ថានភាពនេះ ព្រោះការវិនិយោគអចលនវត្ថុដែលសុវត្ថិភាព គឺជាការវិនិយោគដែលផ្អែកលើកំណើនសេដ្ឋកិច្ចរឹងមាំ និងទន្ទឹងចាំយកផលក្នុងរយៈពេលយូរ (៣ ទៅ ៥ឆ្នាំ) ជាជាងទីផ្សារដែលគេក្រឡុកតម្លៃ»។
លោក ហាក់ គឹមថុង បានបន្ថែមទៀតថា ទីផ្សារទិញលក់ដីមានសន្ទុះល្អជាងទិញលក់ផ្ទះ។ ទោះយ៉ាងណាលោកថា ទីផ្សារផ្ទះសម្រាប់រស់នៅ នៅតែមាន តែមិនមែនទិញដើម្បីទុកចំណេញនោះទេ។ លោកពន្យល់ថា អ្នកទិញគឺភាគច្រើនទិញដើម្បីបំពេញតម្រូវការរស់នៅ និងភាពចាំបាច់ប្រើប្រាស់ ហើយអតិថិជននឹងគិតល្អិតល្អន់មុននឹងសម្រេចចិត្តទិញ ពោលគឺគិតលើគុណភាព គិតលើបរិយាកាសរស់នៅ និងផាសុកភាព។ ម្ចាស់គម្រោងបុរីដែលអាចផ្តល់ទំនុកចិត្ត គុណភាពសំណង់ និងការរស់នៅ គឺមានអាទិភាពខ្ពស់។
បើតាមលោក គឹមថុង ទីផ្សារនឹងល្អប្រសើរជាងបច្ចុប្បន្ន ប្រសិនបើរាជរដ្ឋាភិបាលលូកដៃចូលជួយគាំទ្រ ជាពិសេសជួយជំរុញវិស័យធនាគារ និងបង្កើតគោលនយោបាយការពារអតិថិជនបន្ថែម។ លោកបានសង្កត់ធ្ងន់ថា ការបញ្ចុះអាត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិច អាចនឹងជះឥទ្ធិពលវិជ្ជមានលើទីផ្សារហិរញ្ញវត្ថុ និងវិនិយោគ ដែលនឹងជួយទីផ្សារអចលនវត្ថុផងដែរ គ្រាន់តែត្រូវរង់ចាំយ៉ាងហោចណាស់ដល់ពាក់កណ្តាលឆ្នាំ ២០២៤។ ទន្ទឹមនឹងនេះ ភូមិសាស្ត្រនយោបាយ និងវិបត្តិសង្គ្រាមដែលអាចកើតឡើងជាយថាហេតុក៏អាចជះឥទ្ធិពលអវិជ្ជមានលើទីផ្សារផងដែរ។
លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងដែរថា បើទោះជាពេលនេះ ស្ថានភាពវិស័យអចលនទ្រព្យមានដំណើការមិនទាន់ប្រសើរយ៉ាងណាក្តី តែមានអ្នកវិនិយោគជាច្រើន បាននិងកំពុងបន្តទិញអចលនទ្រព្យ នោះក៏ព្រោះតែគេធ្លាប់បានចំណេញយ៉ាងច្រើនពីអចលនទ្រព្យនេះ។
លោកឧកញ៉ា មានទស្សនៈយល់ឃើញថា អ្នកវិនិយោគអចលនទ្រព្យនៅពេលនេះ នឹងទទួលបានផលចំណេញជាទីគាប់ចិត្តនៅពេលមិនលើសពីរយៈពេល៧ឆ្នាំក្រោយនោះទេ។
បើទោះជាក្នុងវិបត្តិកូវីដ-១៩ លោកបានខាតបង់ប្រាក់ប្រមាណ ១,១លានដុល្លារក្តី ក៏លោកឧកញ៉ា សំ សុខនឿន នៅតែបន្តវិនិយោគទិញដីធ្លីនៅតំបន់ជាយក្រុងយ៉ាងច្រើន ដើម្បីទុកចំណេញនៅពេលក្រោយ។
ជាមួយគ្នានេះ លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា មើលឃើញថា វិស័យអចលនទ្រព្យក្នុងឆ្នាំនេះ មានភាពប្រសើរតិចតួចប៉ុណ្ណោះ។ ស្ថានភាពអចលនទ្រព្យបច្ចុប្បន្ន ត្រូវរង់ចាំពេលវេលា ជាពិសេសផ្នែកផ្ទះល្វែង វិឡា ខុនដូ អគារពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប គឺត្រូវការពេល ១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ ដើម្បីស្រូបទាញទីផ្សារយកទៅប្រើប្រាស់ ពោលគឺអាស្រ័យលើស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចកម្ពុជា និងសមត្ថភាពអ្នកពាក់ព័ន្ធ រួមមាន ពលរដ្ឋ អាជីវករ សហគ្រិន និងពាណិជ្ជកម្មធុនតូច មធ្យម ជាដើម។ ទោះយ៉ាងណាលោកថា នៅមានការខ្វះខាតទិន្នន័យក្នុងការព្យាករណ៍វិស័យអចលនទ្រព្យឱ្យបានច្បាស់លាស់ នាពេលនេះ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញអំពីបញ្ហាប្រឈមដែលបានកើតឡើងនៅក្នុងវិស័យអចលនទ្រព្យ មានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដែលបង្កឱ្យមានហានិភ័យដល់ប្រជាពលរដ្ឋអ្នកទិញ។ ការផ្គត់ផ្គង់លើសតម្រូវការ ការអភិវឌ្ឍគម្រោងច្រើនជាងតម្រូវការអ្នកទិញ (ទិញទុកលក់យកចំណេញ)ក៏ជាបញ្ហាផងដែរ។ លើសពីនេះទៀត លោកមើលឃើញថា ការអភិវឌ្ឍដីឡូតិ៍ កែប្រែពីដីកសិកម្ម ទៅដីលំនៅឋាន ដែលមិនមានការត្រួតពិនិត្យច្បាស់លាស់ នាំឱ្យអ្នកទិញពិបាកនឹងរកផលចំណេញមកវិញ។ ជាមួយគ្នានេះ វិបត្តិរំហូរសាច់ប្រាក់បរទេសបានធ្វើឱ្យចរន្តនៃការទិញលក់មានការថមថយ។
សម្រាប់ជាដំណោះស្រាយស្តារវិស័យអចលនទ្រព្យ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា រាជរដ្ឋាភិបាល ត្រូវបង្កើតគោលនយោបាយដីធ្លី និងនគរូបនីយកម្មមួយ ឱ្យបានច្បាស់លាស់ ដែលនឹងក្លាយជាបន្ទាត់ ក្នុងការអនុវត្តរួមរបស់គ្រប់ក្រសួងស្ថាប័នអាជ្ញាធរ ងាយនឹងធ្វើការងារជាប្រព័ន្ធ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលត្រូវអន្តរាគមន៍ប្រមូលនូវព័ត៌មានទាំងអស់ ដែលប្រជាពលរដ្ឋជួបវិបត្តិ ដើម្បីរកដំណោះស្រាយមួយសមរម្យ សម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកទិញ ធ្វើយ៉ាងណាកុំឱ្យមានវិបត្តិសង្គមកើតឡើងតទៅទៀត៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់