ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ ក្រសួងអធិការកិច្ច និង ACU មានទិសដៅរួមក្នុងការប្រឆាំងនឹងអំពើពុករលួយ
ក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មាន ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ លោករដ្ឋមន្ត្រីក្រសួងអធិការកិច្ច អះអាងថា ក្រសួងអធិការកិច្ច មានបេសកកម្មរួមមួយជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការបង្ការ ទប់ស្កាត់ និងលើកវិធានការ ដើម្បីប្រឆាំងនឹងការប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាការលុបបំបាត់បាតុភាពអសកម្មនានានៅក្នុងសង្គម។

បើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ត្រី ហួត ហាក់ ក្រសួងអធិការកិច្ច មានបេសកកម្មចម្បងសំខាន់ៗចំនួន៣ គឺទី១) ការធ្វើអធិការកិច្ចនៅគ្រប់វិស័យ សំដៅប្រឆាំងអំពើពុករលួយ និងបាតុភាពអសកម្មនានា ទី២) តាមដាន ត្រួតពិនិត្យរាល់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងទី៣) ក្រសួងអធិការកិច្ច មានតួនាទីទទួលពាក្យបណ្ដឹង អង្កេត និងបោសសម្អាត។ តាមរយៈបេសកកម្មនេះ លោក ហួត ហាក់ បានអះអាងដូច្នេះថា៖ «ទាំងក្រសួងអធិការកិច្ច ទាំងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអាជ្ញាធរជាតិសវនកម្ម គឺមានបេសកកម្មរួមគ្នាបង្ការ រួមគ្នាទប់ស្កាត់ រួមគ្នាលើកវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ប្រឆាំងជាមួយអំពើរំលោភអំណាច និងបាតុភាពអសកម្មនានា ដែលមាននៅក្នុងប្រទេសកម្ពុជា»។

លោករដ្ឋមន្ត្រី បានចាត់ទុកបេសកកម្មនេះ គឺបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនៅក្នុងអាណត្តិទី៧នេះ ដើម្បីសម្រេចឱ្យបានជោគជ័យកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សំដៅធានាបានអភិបាលកិច្ចល្អ។
តែយ៉ាងណាមិញ លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានគូសរំលេចនូវភាពខុសគ្នារវាងក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយ ដោយលោក បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ មានតួនាទីទទួលពាក្យបណ្ដឹងពីពលរដ្ឋ ហើយតាមដាន ត្រួតពិនិត្យ ស្រាវជ្រាវ និងលើកវិធានការនានា ដែលពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនទាំងអស់ ស្របតាមនីតិវិធីធរមាន ដែលមានចែងក្នុងច្បាប់ស្ដិពីការប្រឆាំងអំពើពុករលួយ ។ ប៉ុន្តែ រាល់ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ត្រូវររាយការណ៍ទៅកាន់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ខណៈក្រសួងអធិការកិច្ច គឺមានកាតព្វកិច្ចធ្វើរបាយការណ៍គោរពជូនសម្ដេចនាយករដ្ឋមន្ត្រី ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច។

ទាក់ទងនឹងអាជ្ញាធរជាតិសវនកម្ម ត្រូវបានលោករដ្ឋមន្ត្រី បញ្ជាក់ថា ជាស្ថាប័នជាតិ ដែលមិនស្ថិតនៅក្រោមដំបូលរបស់រាជរដ្ឋាភិបាលឡើយ ពោល គឺស្ថាប័នអាជ្ញាធរជាតិសវនកម្ម ស្ថិតនៅក្រោមរដ្ឋសភា ដែលរបាយការណ៍របស់ស្ថាប័ននេះ ត្រូវរាយការណ៍ទៅកាន់រដ្ឋសភា ហើយអាជ្ញាធរជាតិសវនកម្ម មិនមានភារកិច្ចក្នុងការលើកជាវិធានការណាមួយឡើយចំពោះបញ្ហា ឬបាតុភាពផ្សេងៗ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ