ព័ត៌មានជាតិ
វិចារណកថា ៖ ស្មារតី ៧មករា ស្ថិតនៅជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា
កាលពី ៤៥ឆ្នាំមុន នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ កម្លាំងមហាសាមគ្គីជាតិនៃប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ បើកឡើងនូវទំព័រសករាជថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា ។ មហាជ័យជម្នះនេះ បានក្លាយជាទិវានៃការចងចាំ និងការគោរពដឹងគុណសម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ជំនាន់។ ថ្ងៃនេះ ប្រជាជនកម្ពុជាមានក្តីសប្បាយរីករាយយ៉ាងក្រៃលែងប្រកបដោយមោទភាព ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា ក្នុងបរិយាកាសដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងដំណាក់កាលនៃការបោះជំហានទៅមុខ ប្រកបដោយភាពក្លៀវក្លា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ ទិវានេះ ក៏បានប្រារព្ធឡើងក្នុងពេលដែលគណបក្សប្រជាជនកម្ពុជាទើបតែបញ្ចប់ដោយជោគជ័យ នូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នោះ គឺមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៩-១០ ធ្នូ ឆ្នាំ២០២៣។
៤៥ឆ្នាំ បានកន្លងផុតទៅ គឺជារយៈពេលវែងបង្គួរមួយនៃប្រវត្តិសាស្ត្រកម្ពុជា ប៉ុន្តែនៅក្នុងដំណាក់កាលនេះ ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា (បច្ចុប្បន្នគណបក្សប្រជាជនកម្ពុជា) និងអតីតរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បន្ទាប់មកជារដ្ឋកម្ពុជារហូតមកបច្ចុប្បន្ន ជាព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសក៏ដឹកនាំដ៏ឆ្នើមបានធ្វើឲ្យមាតុភូមិកម្ពុជា ត្រូវបានសង្គ្រោះចេញផុតពីរបបប្រល័យពូជសាសន៍ ឆ្លងកាត់នូវការលំបាកសព្វបែបយ៉ាង ដែលជាផលវិបាកនៃរបបដ៏យង់ឃ្នងនោះ ឆ្ពោះមកកាន់ដំណាក់កាលនៃសុខសន្តិភាព ការបង្រួបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន។
ក្នុងរយៈពេល ៤៥ឆ្នាំ អ្វីៗបានផ្លាស់ប្តូរដោយស្មានមិនដល់ នោះ គឺជា ៤៥ឆ្នាំ នៃដំណើរកម្ពុជាដែលត្រូវបានសង្គ្រោះចេញពីរបបប្រល័យពូជសាសន៍ ឆ្លងកាត់ការលំបាកស្មុគស្មាញឆ្ពោះមកកាន់ការឯកភាព សាមគ្គីភាព ការបង្រួបង្រួមជាតិ ក្រោមម្លប់នៃសុខសន្តិភាព ដែលទទួលបានពីនយោបាយឈ្នះឈ្នះ។ ប្រទេសជាតិក៏មានការអភិវឌ្ឍជាលំដាប់រហូតមកដល់បច្ចុប្បន្ន ដោយប្រែក្លាយពីប្រទេសដែលអន់ថយ ក្រីក្រ ក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងបានឆ្លងកាត់ដោយជោគជ័យពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងកំពុងប្រឹងប្រែងដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
ជាមួយនឹងការរស់ឡើងវិញដ៏អស្ចារ្យនេះ យើងមិនភ្លេចរំឭកនូវមេរៀនជាប្រវត្តិសាស្ត្រ ពីអតីតកាលដ៏ជូរចត់នោះគឺ រដ្ឋប្រហារ ថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ បានរុញច្រានប្រទេសយើងឲ្យធ្លាក់ទៅក្នុងភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ។ សង្គមជាតិទាំងមូលត្រូវទទួលរងនូវភាពក្រឡាប់ចាក់ ដែលគ្មានអ្នកណាអាចគិតស្មានដល់ ។ មាតុភូមិកម្ពុជាដ៏អភ័ព្វរបស់យើងបានប្រែក្លាយទៅជាគុកឥតជញ្ចាំង ជាវាលពិឃាត ជោគជាំដោយឈាម និងទឹកភ្នែករបស់ប្រជាជន ។ ជោគវាសនារបស់ប្រជាជនកម្ពុជា ប្រឈមមុខនឹងការវិនាសសាបសូន្យពីលើពិភពលោក។
ផ្តើមចេញពីមូលហេតុនេះ អ្នកស្នេហាជាតិកម្ពុជាដែលសេសសល់ពីការកាប់សម្លាប់បានក្រោកឈរឡើងពូតដៃសាមគ្គីគ្នា ឆ្ពោះទៅរកការសង្គ្រោះជាតិ ។ នៅថ្ងៃ ២០ ខែ មិថុនា ឆ្នាំ១៩៧៧ សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះជាមេបញ្ជាការទ័ពមួយរូបបានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាមជាមួយមិត្តរួមអាវុធមួយចំនួន ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើង។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ កងទ័ព និងប្រជាជននៅភូមិភាគបូព៌ាបានក្រោកឈរប្រឆាំងនឹងរបប ប៉ុល ពត ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម ព្រមជាមួយនឹងចលនាតស៊ូដែលមានរួចមកហើយនៅខេត្តកោះកុង នៅភូមិភាគឦសាន និងចលនាប្រឆាំង ប៉ុល ពត ផ្សេងៗទៀត ។ ការរួបរួមនៃចលនាទាំងនេះបានឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជាអង្គការចាត់តាំងនយោ បាយតែមួយគត់តំណាងឱ្យឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនកម្ពុជា ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពេញទំហឹងពីសំណាក់ប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងពីកម្លាំងស្នេហាសន្តិភាព និងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ជ័យជម្នះ ៧ មករា បានសង្គ្រោះទាន់ពេលវេលានូវអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលនៅរង់ចាំតែសេចក្តីស្លាប់ បានធ្វើឱ្យរាល់តម្លៃ ទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួន ហើយបានស្រកស្រុតស្ទើររលាយសាបសូន្យបាត់អស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត គ្រានោះ រស់ឡើងមកវិញ បានបិទទំព័រដ៏ខ្មៅងងឹតបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺ សករាជនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជូនដល់ប្រជាជាតិដ៏កម្សត់នៃយើង បានផ្តល់ជូនប្រជាជនកម្ពុជានូវសិទ្ធិសេរីភាពគ្រប់យ៉ាង ក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។
ជ័យជម្នះ ៧ មករា ១៩៧៩ ក៏បានរួមវិភាគទានដ៏សកម្ម ដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ផងដែរ ។ ប្រជាជនកម្ពុជាបានប្រសិទ្ធនាមថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន បើគ្មានជ័យជម្នះ ៧ មករា ក៏យើងគ្មានអ្វីៗនៅថ្ងៃនេះដែរ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬ កម្លាំងណាអាចមកបំភ្លៃ ឬ បំផ្លាញបានឡើយ ។ ស្មារតី ៧មករា ស្ថិតនៅជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា។ ស្មារតី ៧មករា គឺជាកម្លាំងយ៉ាងធំធេង ដែលធ្វើឲ្យយើងយកឈ្នះបានលើគ្រប់ឧបសគ្គ និងការលំបាកសព្វយ៉ាង ក្នុងដំណើរការកសាង និងការការពារមាតុភូមិកម្ពុជា។ ស្មារតី ៧មករា គឺ: សាមគ្គីភាព វីរភាព និងជ័យជម្នះ។
ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ឆ្នាំ នៃមហាជ័យជម្នះ ៧ មករា ប្រជាជនកម្ពុជាទូទាំងប្រទេសខិតខំអនុវត្តឲ្យបាននូវរាល់បណ្តាភារកិច្ចសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានោះ គឺប្តូរផ្តាច់ការពារឲ្យបានដាច់ខាត ឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពារឲ្យបានសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងធានានូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាជន ផ្អែកលើរដ្ឋធម្មនុញ្ញ និងបទបញ្ញត្តិច្បាប់ជាធរមាន។ អនុវត្តឲ្យបានជោគជ័យគោលនយោបាយការបរទេស ដោយប្តេជ្ញាបន្តការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា បន្តរួមចំណែកកាន់តែសំខាន់ក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព លើពិភពលោក។ បន្តថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីធានាបានចីរភាពនៃកំណើនប្រកបដោយបរិយាប័ន្ន តាមរយៈម្ខាងការគ្រប់គ្រង់អតិផរណាឱ្យស្ថិតក្នុងកម្រិតសមស្រប ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ការបង្កើនទុនបម្រុងរបស់ជាតិ និងការរក្សាលំនឹងជីវភាពប្រជាជន និងម្ខាងទៀត ការកែទម្រង់កាន់តែស៊ីជម្រៅ និងមុតស្រួច ពិសេសចំពោះបញ្ហាប្រឈមដែលមានចរិតជារចនាសម្ព័ន្ធ និងអន្តរស្ថាប័ន សំដៅលើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច បង្កើនផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ។ លើកកម្ពស់ការតាំងចិត្តខាងនយោបាយ ក្នុងចំណោមក្រសួង ស្ថាប័ននានា ដើម្បីជំរុញអនុវត្តដោយឆន្ទៈមុតស្រួច ស្រុះដៃគ្នា និងប្រកបដោយប្រសិទ្ធភាពឲ្យសម្រេចបានលទ្ធផលផ្លែផ្កា តាមការរំពឹងចង់បានរបស់ប្រជាជនជាម្ចាស់ឆ្នោត នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយដាក់ចេញនូវយុទ្ធសាស្ត្រកម្មវិធីផែនការសកម្មភាព និងយន្តការសម្របសម្រួលជំរុញការអនុវត្តព្រមទាំងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃដែលមានភាពប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងគ្របដណ្តប់លើគ្រប់ផ្នែក។
ពេលនេះ យើងកំពុងបោះជំហានចូលឆ្នាំថ្មី ឆ្នាំ២០២៤ ជាមួយក្តីសង្ឃឹមចំពោះជោគជ័យនៃដំណើរជាតិរបស់យើង ឆ្ពោះទៅមុខទៀត ។ ហេតុនេះប្រជាជនកម្ពុជាទូទាំងប្រទេសប្តេជ្ញាបន្តរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀត និងការពារឲ្យបានដាច់ខាតនូវសមិទ្ធផល ៧ មករា ជាប្រវត្តិសាស្ត្រ ដោយមិនអនុញ្ញាតឲ្យបុគ្គលណាមួយ ក្រុមណាមួយបំផ្លិចបំផ្លាញទៅវិញបានឡើយ។ ក្នុងស្មារតីនេះដែរ ប្រជាជនកម្ពុជាទូទាំងប្រទេសប្តេជ្ញាបន្តថែរក្សាការពារស្មារតី ៧ មករា នោះគឺ សាមគ្គីភាព វីរភាព និងជ័យជម្នះ ។ ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈ ទាំងក្នុងរយៈពេល ៤៥ឆ្នាំកន្លងមក និងក្នុងការបន្តដំណើរទៅមុខទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ