ព័ត៌មានជាតិ
កែច្នៃដើមត្នោតជារបស់របរប្រើប្រាស់ដោយជនពិការ មានតម្រូវការទីផ្សារខ្ពស់ឈានទៅលក់ដល់ក្រៅប្រទេស
ម្ចាស់ «សិប្បកម្ម សាន ពៅ» ផលិតនិងកែច្នៃរបស់របរប្រើប្រាស់រួមទាំងគ្រឿងសង្ហារិមគ្រប់ប្រភេទនិងវត្ថុអនុស្សាវរីយ៍ចេញពីដើមត្នោតខ្មែរបានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះសិប្បកម្មកែច្នៃរបស់លោក មានសន្ទុះនៃការគាំទ្រនៅលើទីផ្សារខ្ពស់ទាំងក្នុងស្រុកនិងថែមវាយលុកចូលដល់ទីផ្សារក្រៅប្រទេស។

លោក សាន ពៅ បានបញ្ជាក់មកកាន់ «កម្ពុជាថ្មី» ថា ទីផ្សារទាំង ២៥ ខេត្តក្រុងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តសុទ្ធតែមានដាក់តាំងលក់នូវផលិតផលដែលកែច្នៃចេញពីដើមត្នោផលិតនិងកែច្នៃចេញពីសិប្បកម្មរបស់លោក។ មិនតែប៉ុណ្ណោះ ខាងទីផ្សារក្រៅប្រទេសវិញ បើទោះបីជាលោកមិនមែនជាអ្នកនាំចេញដោយផ្ទាល់ ប៉ុន្តែអ្នកដែលបានទិញបន្តពីលោក បាននាំចេញទៅកាន់ទីផ្សារជាច្រើនដូចជា អាមេរិក អូស្ត្រាលី និងបារាំង។
ដោយឡែកទីផ្សារប្រទេសវៀតណាមនិងប្រទេសថៃវិញ លោកនាំចេញផ្ទាល់ដោយមានបិតស្លាកសញ្ញាសម្គាល់ត្រឹមត្រូវចុះដោយក្រសួងពាណិជ្ជកម្ម។

យ៉ាងណាមិញ ទម្រាំទទួលបានទីផ្សារខ្ពស់ដូចពេលបច្ចុប្បន្ននេះ លោក សាន ពៅ បានឲ្យដឹងថា មិនងាយស្រួលនោះទេជួបផលពិបាកខ្លាំង ដោយលោកបានតស៊ូតាំងពីបាតដៃទទេ គ្មានអ្វីគ្រប់យ៉ាងរហូតបានដាក់លក់នៅលើទីផ្សារ។
«ទម្រាំបានប៉ុណ្ណេះ ខ្ញុំខំណាស់ ខ្ញុំផ្សាយតាមវិទ្យុផង ទូរទស្សន៍ផង និងជួលស្តង់គេលក់តាមការតាំងពិព័រណ៍នានាផង ដើម្បីឲ្យគេបានស្គាល់ច្រើនផលិតផលដែលជាស្នាដៃរបស់ខ្មែរ ហើយនៅមុនជំនាន់កូវីដ១៩ ខ្ញុំជួលស្តង់គេលក់ ក្នុងមួយស្តង់ ៥០ ដុល្លារ ដូច្នេះមួយកន្លែងគឺតម្លៃរហូតដល់ ៣៥០ដុល្លារ»។
លើសពីនេះទៀត ម្ចាស់សិប្បកម្មរូបនេះ បានបន្ថែមថា មូលហេតុមួយទៀតដែលធ្វើឲ្យសិប្បកម្មរបស់លោក ចេះតែមានការទទួលទិញច្រើន និងទីផ្សារខ្ពស់ ក៏ដោយសារតែនៅក្នុងសិប្បកម្មរបស់លោកមានទទួលជនពិការដូចជាពិការដៃ ជើង ភ្នែកឲ្យមកធ្វើការជាមួយ ដោយក្នុងមួយខែផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ពួកគាត់ចាប់ពី ១៥០ដុល្លារឡើងទៅ និងប្រាក់ម៉ោង ១ ម៉ោង ១ ដុល្លារផ្សេង ព្រមទាំងថ្លៃទឹក ភ្លើង កន្លែងស្នាក់នៅ ម្ហូបអាហារ។ ដូច្នេះត្រង់នេះហើយទើបផលិតផលកែច្នៃរបស់លោក តែងមានការអាណិតស្រលាញ់ ពីសំណាក់មហាជន និងអ្នកនៅក្នុងភូមិស្រុក និងជនបរទេស។

បន្ថែមពីនេះ ម្ចាស់សិប្បកម្មរូបនេះបានបន្តថា កាលពីមុនរាតត្បាតជំងឺកូវីដ ១៩ លោកអាចលក់ចេញបានក្នុងមួយថ្ងៃចន្លោះពី ៣ ពាន់ ទៅ ៤ ពាន់ដុល្លារ ប៉ុន្តែបច្ចុប្បន្នមានការធ្លាក់ចុះមកនៅត្រឹម ២ ទៅ ៣ លានរៀល ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ព្រោះតែនៅក្នុងសិប្បកម្មរបស់លោកមានការថយចុះចំនួនបុគ្គលិក។

«សិប្បកម្ម សាន ពៅ» មានផលិតរបស់របរជាច្រើនប្រភេទដែលសុទ្ធសឹងតែបានកែច្នៃចេញពីដើមត្នោតសុទ្ធសាធមិនត្រឹមតែរបស់របរប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ដូចជា តុ ទូ សាឡុង កៅអី គ្រែ គ្រឿងសង្ហារិម ការ៉ូ បង្កាន់ដៃ ស្លាបព្រា វែក ចាន ចង្កើះ និងរបស់របរជាច្រើនមុខទៀតដែលសុទ្ធសឹងតែអាចរកបាននៅក្នុងសិប្បកម្មរបស់លោក៕





-
សន្តិសុខសង្គម៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់