ព័ត៌មានជាតិ
ភាពស្និទ្ធស្នាលរវាងក្រសួងការងារ និងបណ្តាសហជីពគ្រប់និន្នាការ គឺជាសញ្ញាណនៃសុខដុមនីយកម្មលើវិស័យការងារនៅកម្ពុជា
ក្រុមអ្នកវិភាគមើលឃើញថា ភាពស្និទ្ធស្នាលរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយបណ្តាសហជីពគ្រប់និន្នាការនៅក្នុងស្រុក ជាសញ្ញាណនៃការធ្វើឱ្យមានការដោះស្រាយបញ្ហារួមលើវិស័យការងារ កម្មករនិយោជិត ជៀសជាងវាយប្រហារគ្នាតាមរយៈរបាយការណ៍ និងសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដោយប្រយោល និងផ្ទាល់ ដល់ភាពសុខដុមនីយកម្មក្នុងវិស័យការងារនៅកម្ពុជា។
ការលើកឡើងបែបនេះ បន្ទាប់ពីត្រូវបានគេមើលឃើញថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងមានជំនួបជារើយៗជាមួយបណ្តាសហជីពគ្រប់និន្នការនៅកម្ពុជា ដើម្បីជជែក ពិភាក្សាការងារ ដាក់បញ្ហានៅលើតុរកដំណោះស្រាយរួមមួយ។

មិនមែនលើកទី១ទេ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបជាមួយបណ្តាលមេដឹកនាំសហជីព ដូចកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បានជួបជាមួយបណ្តាសហជីពធំៗដូចជា លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ ឬ C-CAWDU) លោក គង់ អាទិត្យ និងលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា និងបណ្តាសហជីពក្នុងស្រុកដ៏ទៃទៀត។ នេះបើតាមក្រសួងការងារចេញផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។
ប្រការនេះហើយទើប លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការខិតជិតរកគ្នារវាងភាគីសហជីព និងរាជរដ្ឋាភិបាលគឺជាសញ្ញាណមួយល្អណាស់ ពីព្រោះគ្មានអ្វីល្អជាងការដាក់បញ្ហានៅលើតុមូលហើយជជែករកតំណោះស្រាយនោះទេ ជាពិសេសនោះគឺភាគីទាំងពីរមានគោលបំណងក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិតដូចគ្នា ។

លោកបណ្ឌិតបន្ថែមថា «ការធ្វើបែបនេះគួរតែធ្វើបែបនេះតាំងតែពីដើម ក៏ប៉ុន្តែរឿងហួសឱ្យវាហួសទៅចុះ សំខាន់បច្ចុប្បន្នយើងគួរមានយន្តការបែបនេះក្នុងការដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលរដ្ឋកម្ពុជា។ ការដាក់ក្បាលមេក្រូ ការប្រើវិធីហិង្សា ការចេញរបាយការណ៍ទៅក្រៅហួសហេតុ មិនមែនជាដំណោះស្រាយល្អនោះទេ»។
លោកបណ្ឌិត យ៉ង់ ពៅ បានជំរុញឱ្យទាំងសហជីព និងរដ្ឋាភិបាលដែលសុទ្ធតែជាអ្នកការពារប្រយោជន៍ជូនកម្មករដូចគ្នា អាចធ្វើការជាមួយគ្នាបានដោយរលូន និងបង្កើតឱ្យមានយន្តការធ្វើការជាមួយគ្នាជៀសជាងការប្រើវេទិកាផ្សេងៗក្នុងការវាយប្រហារគ្នាដែលសុទ្ធតែជះឥទ្ធិពល និងលទ្ធផលមិនល្អដល់វិស័យការងារនិយាយដាច់ដោយឡែក និងសង្គមជាតិនិយាយជារួម។
ដោយឡែកលោក បណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ថាការខិតជិតរកគ្នារវាងសហជីពជាមួយរាជរដ្ឋាភិបាលនេះគឺជារឿងមួយល្អសម្រាប់និរន្តរភាពវិស័យការងារនៅកម្ពុជា ដែលសហជីព និងរាជរដ្ឋាភិបាលតែងមានភាពចម្រូងចម្រាស់រវាងគ្នា និងគ្នានាពេលកន្លងមក។
លោកបណ្ឌិតបន្ថែមថា ការធ្វើបែបនេះជារឿងត្រឹមត្រូវ និងមានយន្តការដោះស្រាយបញ្ហារួម ជៀសជាងធ្វើសកម្មភាពប្រឆាំងគ្នាដែលនាំឱ្យខូចខាតប្រយោជន៍ជាតិជារួម ជាពិសេសប៉ះពាល់ដល់កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមបណ្តារោងចក្រ ឧស្សាហកម្ម ដែលការងារនេះជាចំណូលបង្គោលសម្រាប់គ្រួសាររបស់ពួកគេ។
លោកបណ្ឌិតបានថ្លែងថា «ជាពិសេសនៅក្នុងស្ថានការសេដ្ឋកិច្ចកំពុងមានបញ្ហាដូចពេលបច្ចុប្បន្ននេះ ការចេញរបាយការណ៍របស់(សហជីព)ទៅខាងក្រៅ ត្រូវមានការប្រយ័ត្នប្រយែងដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិ និងអ្នកវិនិយោគ។ ក្នុងន័យនេះគឺជាតិរបស់យើងខូចខាត ហើយយើងខាតទាំងអស់គ្នា»។
ការលើកឡើងដូចនេះដោយសារលោកបណ្ឌិត បានមើលឃើញថា សហជីពមួយចំនួននៅកម្ពុជា តែងតែធ្វើរបាយការណ៍រិះគន់ពីស្ថានភាពកម្មករនៅកម្ពុជាដែលមិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដ។ បើតាមលោកបណ្ឌិត សហជីពគួរតែអនុវត្តស្មារតីស្តីពច្បាប់ស្តីពីសហជីពដែលបានចែងឱ្យសហជីពជំរុញឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកក្នុងការអភិវឌ្ឍការងារសមរម្យ បង្កើនផលិតភាព និងការវិនិយោគ បន្ថែមលើកិច្ចការពារសិទ្ធិកម្មករ។

លោកបញ្ជាក់ថា «បើមិនប្រយ័ត្នប្រយែងនោះទេ នោះគឺវាយឆ្នាំងបាយធំហើយ ប៉ះពាល់ការវិនិយោគ។ ក្នុងលក្ខខណ្ឌនេះបណ្តាប្រទេសខាងក្រៅគេមានសណ្តាប់ធ្នាប់ជាងយើង នោះអ្នករកស៊ីគេរត់ទៅបណ្តាប្រទេសទាំងនោះហើយពីព្រោះប្រទេសទាំងនោះគេមានស្ថារភាពលើការគ្រប់គ្រងកម្មករហើយគេមានសុវត្ថិភាពជាង»។
ដោយឡែកលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងក្នុងជំនួបរវាង សហភាព និងសហព័ន្ធសហជីពចំនូន២០៥នៅទូទាំងប្រទេស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា សហជីព គឺជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិនិងការពារអត្ថប្រយោជន៍របស់កម្មករនិយោជិត ហើយតម្រូវឱ្យសហជីពទាំងអស់ត្រូវពង្រឹងគុណវុឌ្ឍសមត្ថភាពដើម្បីចូលរួមកសាងបរិយកាសអាជីវកម្មមួយដែលមានភាពសុខដុម និងប្រកបដោយភាពទាក់ទាញក្នុងការរក្សាប្រយោជន៍ជូនដល់កម្មករនិយោជិតឱ្យបានយូរអង្វែង៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ