Connect with us

ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ មាន «ថ្ងៃ៧ មករា» ទើបកម្ពុជា មានសុខ សន្តិភាព ការអភិវឌ្ឍ និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ!

បានផុស

នៅ

ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩-ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ គឺមានរយៈពេល៤៥ឆ្នាំគត់ដែលប្រជាពលរដ្ឋកម្ពុជា បានរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម។ នៅឆ្នាំនេះ អាចថា ជាឆ្នាំពិសេសនៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំនៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយហេតុថា កម្ពុជា មាននាយករដ្ឋមន្រ្តីថ្មី វ័យក្មេង និងពោរពេញដោយថាមពល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ អ្វីរឹតតែពិសេសទៀតនោះ គឺនៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងប្រារព្ធអបអរថ្ងៃជ័យជម្នះ​ ៧មករា ដោយការប្រើប្រាស់Logoថ្មី ដែលមានរូបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយាយពីរបបខ្មែរក្រហម ប្រជាពលរដ្ឋខ្មែរជាច្រើនទាំងអ្នកដែលបានឆ្លងកាត់ ក៏ដូចជាក្មេងៗជំនាន់ក្រោយ សុទ្ធតែនៅចងចាំមិនភ្លេច និងបានឈ្វេងយល់ដឹងយ៉ាងច្បាស់ពីភាពសាហាវឃោរឃៅនៃរបបនេះ ដែលបានធ្វើមកលើប្រជាពលរដ្ឋខ្លួនឯង។ របបខ្មៅងងឹតខ្មែរក្រហម គឺជារបបដែលគួរឱ្យស្អប់ខ្ពើម និងត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស និងបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំយកមេដឹកនាំកំពូលៗ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់មកកាត់ទោសទៅតាមច្បាប់ជាតិ និងអន្តរជាតិ។ ជាលទ្ធផល មេដឹកនាំកំពូលនៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវជាន់ខ្ពស់ដទៃទៀត បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ និងកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារអស់មួយជីវិតទៅតាមទង្វើដែលពួកគេបានសាងមកលើប្រជាពលរដ្ឋខ្មែរ។

គិតមកដល់ពេលនេះ ពោល គឺចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ មក កម្ពុជា បានប្រែក្លាយទៅជាប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានមុខមានមាត់នៅលើឆាកអន្តរជាតិ។ ចំណែក ប្រជាពលរដ្ឋកម្ពុជាវិញ បាន និងកំពុងរស់នៅក្នុងសុខសន្តិភាព សេរីភាពគ្រប់បែបយ៉ាង និងរស់នៅក្នុងជីវភាពធូរធារ និងសមរម្យ មិនចាញ់ប្រទេសផ្សេងៗនៅក្នុងតំបន់ និងពិភពលោកឡើយ។ នេះ គឺខុសគ្នាស្រឡះកាលពីមុន៤៥ឆ្នាំមុន ដែលប្រជាពលរដ្ឋកម្ពុជា រស់នៅសឹងថា ដូចសត្វធាតុ ឬរស់នៅវេទនាជាងសត្វធាតុទៅទៀត ក៏អាចថាបាន។ អាចនិយាយបានថា មាន «ថ្ងៃ៧ មករា» ទើបកម្ពុជា មានសុខ សន្តិភាព ការអភិវឌ្ឍ និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។

ថ្ងៃ៧ មករា ១៩៧៩ ត្រូវបានមហាជនកម្ពុជាចាត់ទុកថា គឺជាថ្ងៃកំណើតទី២ដែលប្រជាពលរដ្ឋខ្មែរបានរួចរស់ជីវិតពីចង្កូមមច្ចរាជខ្មែរក្រហម ក្រោមការដឹកនាំដោយ ប៉ុល ពត អៀង សារី ខៀវ សំផន និងនួន ជា។ គណបក្សប្រជាជនកម្ពុជា និងកងទ័ពវៀតណាម គឺជាតួអង្គសំខាន់ដែលនាំជ័យជន្នះ និងកំណើតទី២នេះ មកជូនប្រជាជាតិកម្ពុជា។ ថ្ងៃជ័យជម្នះ ៧ មករា នាំឲ្យកម្ពុជាសម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួ៤គឺ ទី១. បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបអន្យតិរ្ថិយនេះ មិនឲ្យវិលត្រឡប់មកកម្ពុជាជាលើកទី២។ ទី២. គឺបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបាន ប៉ុល ពត កម្ចាត់បង់ក្នុងរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ។ ទី៣ គឺបានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិ ឲ្យមានស្ថេរភាពជាបណ្តើរៗតាំងពីពេលនោះមក និងទី៤. គឺបានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបាន ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១។

ជាសច្ចៈភាពប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន គឺថាការទទួលបានជ័យជម្នះលើរបបខ្មែរក្រហម មានការរួមចំណែកយ៉ាងសំខាន់ពីសំណាក់កងទ័ពវៀតណាម។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងកងទ័ពវៀតណាម បានបើកការវាយលុកកម្ទេចកងទ័ពខ្មែរក្រហមនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៧៨។ កាលណោះ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា មានកងទ័ពតែប្រមាណ ២ម៉ឺននាក់ប៉ុណ្ណោះ ខណៈវៀតណាមវិញ មានកងទ័ពដល់ទៅប្រមាណ១០ ម៉ឺននាក់ ដោយរួមមាន ទាំងកងរថក្រោះ និងយន្តហោះចម្បាំង។ ក្នុងអំឡុងពេលប្រតិបត្តិការយោធានៅកម្ពុជា កងទ័ពវៀតណាម បានជួយផ្តល់ម្ហូបអាហារដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែស្រកឃ្លាន ផ្តល់ថ្នាំសង្កូវ ជួយព្យាបាលជំងឺ និងផ្តល់ជំនួយផ្សេងៗទៀតដល់ពួកគេ។ ក្រោយវាយផ្តួលរំលំរបបខ្មែរក្រហមបានជោគជ័យនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាម ក៏បានជួយរៀបចំកងកម្លាំងកម្ពុជា ដើម្បីទប់ទល់នឹងកងកម្លាំងខ្មែរក្រហមដែលសេសសល់ និងបានផ្តល់ជំនាញការវៀតណាមជាច្រើននាក់ ដើម្បីជួយរៀបចំរដ្ឋាភិបាលថ្មី ដឹកនាំ និងគ្រប់គ្រងប្រទេសកម្ពុជា មុនដកកងទ័ពចាកចេញពីប្រទេសកម្ពុជាទាំងស្រុងនៅក្នុងឆ្នាំ១៩៨៩។

មកដល់ពេលនេះ កម្ពុជា មានសន្តិភាពពេញលេញ ឯវៀតណាម ក៏ដូចគ្នា។ ក្នុងពេលកំពុងមានសន្តិភាពពេញលេញនេះ រដ្ឋាភិបាលកម្ពុជា និងវៀតណាម បាន និងកំពុងរក្សាបាននូវទំនាក់ទំនងយ៉ាងល្អជាមួយគ្នាស្ទើរគ្រប់វិស័យទាំងអស់។ គិតត្រឹមឆ្នាំ២០២៤នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងទ្វេភាគីរយៈពេល៥៧ឆ្នាំហើយ។ កម្ពុជា និងវៀតណាម បានចាត់ទុកគ្នាទៅវិញទៅមកថា ជាអ្នកជិតខាង​ល្អ​ មិត្តភាព​ប្រពៃ​ណី​ កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​ជ្រុងជ្រោយ​ និង​និរន្តរភាព​យូរអង្វែង​។ ភាគី​ទាំងពីរ​ បាន​រក្សា ​និង​លើក​កម្ពស់​ប្រសិទ្ធ​ភាព​នៃ​យន្តការ​សហប្រតិបត្តិកា​ររវាង​ប្រទេស​ទាំងពីរ​តាមរយៈបក្ស ​រដ្ឋាភិបាល និងរដ្ឋសភា ពង្រឹង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​កិច្ចប្រជុំ ​និង​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​គ្រប់​លំដាប់ថ្នាក់​។

នៅពេលនេះ កម្ពុជា មាននាយករដ្ឋមន្រ្តីថ្មី គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសវៀតណាម និងបានជួបពិភាក្សាការងារជាមួយ​ប្រធានរដ្ឋវៀតណាម ថ្នាក់ដឹកនាំកំពូលៗនៃរដ្ឋាភិបាល រដ្ឋសភា និងថ្នាក់ដឹកនាំកំពូលៗនៃគណបក្សកុំម្មុយនីសវៀតណាម ដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីវៀតណាម បានសម្តែងនូវការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី នាវាកម្ពុជា នឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន។

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេស វិស័យនយោបាយ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ សុខាភិបាល អប់រំ ការតភ្ជាប់ ការពារជាតិ សន្តិសុខ ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន។ សមភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ផងដែរអំពីកិច្ចការតំបន់ និងសាកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ាន និងអនុតំបន់មេគង្គ ជាដើម៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៤ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣១ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣៥ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥២ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម