ព័ត៌មានជាតិ
ទិវាជ័យជម្នះ ៧មករា ឆ្នាំនេះ នឹងប្រារព្ធឡើងដោយប្រើនិមិត្តសញ្ញាថ្មី រូបសម្ដេច ហេង សំរិន សម្ដេច ហ៊ុន សែន សម្ដេច ហ៊ុន ម៉ាណែត
ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាទិវាមហាជ័យជម្នះដ៏មានអត្ថន័យជាទីបំផុតរបស់ប្រជាជនកម្ពុជា ដែលបានយកឈ្នះលើ បនប្រល័យពូជសាសន៍ ប៉ុល ពត។ មិនខុសពីបណ្ដាឆ្នាំមុនៗ ដើម្បីជាការរំលឹកដល់ទិវាជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាមិទិញនៅទីក្រុងរណបកោះពេជ្រ ហើយជាការវិវត្តថ្មីមួយនាឆ្នាំ២០២៤នេះ ដែលជាខួបលើកទី៤៥ គឺរូបរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រូបានដាក់បញ្ចូលនៅលើនិមិត្តសញ្ញា (Logo) ទន្ទឹមនឹងសម្ដេចចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន។

ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃដែលប្រជាជនកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ហើយរាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃ៧មករា ជាទិវាជ័យជម្នះ ដែលបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ព្រមទាំងអនុញ្ញាតឱ្យមន្ត្រីរាជការ និយោជិត កម្មករទាំងអស់នៅកម្ពុជា បានឈប់សម្រាកចំនួន១ថ្ងៃ ក្នុងឱកាសទិវានេះ។ ៧មករា ១៩៧៩ ជាពេលវេលាដែលកម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មី គឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិ ហើយប្រជាជនកម្ពុជាបានប្រសិទ្ធនាមថ្ងៃ៧មករា ឆ្នាំ១៩៧៩ ថា ជាថ្ងៃកំណើតទី២ របស់ខ្លួន ហើយកំណត់នូវគោលជំហរយ៉ាងច្បាស់ថា «បើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ ប្រជាជនកម្ពុជានឹងគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ»។
ទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថៃ្ងបុណ្យជាតិដ៏ធំមួយ ត្រូវរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបាន ពលីជីវិត ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក។

ដោយមើលឃើញការធ្វើទារុណកម្ម ការឈឺចាប់ និរាស្តព្រាត់ប្រាស់របស់ប្រជាជនខ្មែរ និងគ្រោះថ្នាក់របស់ប្រទេសជាតិ សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះគេហៅថាសមមិត្ត ហ៊ុន សែន បានសម្រេចចិត្តចាកចេញពីកម្ពុជា ទាំងក្តីអាឡោះអាល័យ ទឹកភ្នែក និងចាកចោលភរិយាជាទីស្រឡាញ់ គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កំពុងពរពោះកូនក្នុងផ្ទៃ៥ខែ គឺសម្ដេច ហ៊ុន ម៉ាណែត ដែលកំពុងធ្វើជានាយករដ្ឋមន្ត្រីសព្វថ្ងៃនេះ។ ការចាកចេញក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតនេះស្ទើរតែមិនមានសង្ឃឹមដោយសម្ដេចតេជោ ហ៊ុន សែន បានផ្តើមចេញពីការយកអាយុជីវិតធ្វើជាដើមទុន ដើម្បីជាតិ និងប្រជាជនកម្ពុជា ប៉ុន្តែជាលទ្ធផលនៃបេសកកម្មរំដោះជាតិនេះ ក៏ទទួលបានជោគជ័យលើរបបដ៏ឃោឃៅនេះ ដោយបានផ្ដល់ឡើងវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ជាពិសេសសិទ្ធិរស់រានមានជីវិត។
ប៉ុន្តែទោះបីជាប្រទេសកម្ពុជា ត្រូវបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត យ៉ាងណាក៏ដោយ ក៏ក្រុមមេដឹកនាំខ្មែរក្រហម បានរត់ភៀសខ្លួនទៅជាយដែនខ្មែរ-ថៃ ដោយបង្កើតជាតំបន់តស៊ូប្រដាប់អាវុធ រួមទាំងចលនាតស៊ូខ្មែរដទៃទៀតដែលធ្វើឱ្យប្រទេសកម្ពុជា នាសម័យនោះស្ថិតក្នុងដំណាក់កាលសង្គ្រាមផង និងកសាងផង។

ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគិតពីឧត្តមប្រយោជន៍ជាតិជាធំ សម្ដេច តេជោ ហ៊ុន សែន បានចាប់ផ្តើមចរចាស្វែងរកសន្តិភាពជាមួយតួអង្គសំខាន់ៗគ្រប់ភាគី រួមទាំងក្រុមខ្មែរក្រហម រហូតទទួលបានជោគជ័យដ៏ធំធេង តាមរយៈនយោបាយឈ្នះ-ឈ្នះ ដោយបានរំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ដែលមានអាយុជាងកន្លះសតវត្សរ៍ នាំយកសុខសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពជាតិ និងឯកភាពទឹកដីជូនជាតិ និងប្រជាជនកម្ពុជាទាំងស្រុង។
ឈរលើមូលដ្ឋាននៃការពង្រីកជ័យជម្នះ ៧មករា ឆ្ពោះទៅមុខឥតឈប់ឈរ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជាតំណាងស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជា សម្រេចបានស្នាដៃធំៗជាប្រវត្តិសាស្ត្រចំនួន៤គឺ៖ ទី១) បានរំដោះប្រជាជនកម្ពុជាពីរបប ប៉ុល ពត ដ៏សែនមហាឃោឃៅ យង់ឃ្នង និងទប់ស្កាត់របបនេះមិនឱ្យវិលត្រឡប់មកកម្ពជាជាលើកថ្មីទៀត ទី២) បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពទាំងអស់ ដែលសិទ្ធិសេរីភាពទាំងនោះត្រូវបានបន ប៉ុល ពត ទី៣) បានស្តារ និងកសាងខឿនសេដ្ឋកិច្ចជាតិឱ្យមានស្ថិរភាពជាបណ្តើរៗតាំងពីពេលនោះមក និងទី៤) បានធ្វើជាកម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងជាកម្លាំងមិនអាចខ្វះបានក្នុងការអនុវត្តកិច្ចព្រមព្រៀងទីកុ្រងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

ដូច្នេះ បើគ្មានថ្ងៃ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោ និងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ។ ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុន ដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូល គឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
រយៈពេល៤៥ឆ្នាំនេះ ផ្តើមចេញពីជ័យជម្នះ ៧មករា ប្រជាជនកម្ពុជា បានសម្រេចផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលប្រទេសនៅលើពិភពលោកទាំងមូល នឹកស្មានមិនដល់ថា កម្ពុជា បានប្រែក្លាយពីវាលពិឃាដនៃរបបប្រល័យពូជសាសន៍ ពីសង្រ្គាមស៊ីវិល រ៉ាំរ៉ៃរាប់ទស្សវត្សរ៍ ការបាក់បែកជាតិ បែងចែកទឹកដីដែលមានតំបន់ត្រួតត្រាច្រើន បានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍតាំងពីបាតដៃទទេរហូត ដល់មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច កើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ រហូតមកដល់ពេលនេះ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ