Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ សាលាជាប់ស្តង់ដា នឹងទទួលពានរង្វាន់សាលាគំរូ ពីសម្តេចមហាបវរធិបតី

បានផុស

នៅ

នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា សាលាដែលជាប់ស្តង់ដា នឹងទទួលបានពានរង្វាន់ជាសាលាគំរូពីសម្តេចមហាបវរធិបតី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជក់នេះ ធ្វើឡើងក្នុងឱកាស លោករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធី សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៅវិទ្យាល័យពាមជីកង និងវិទ្យាល័យកងតាណឹង ក្នុងស្រុកកងមាស ខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ក្រុមការងារចុះជួយស្រុកកងមាសជាច្រើនរូបទៀត។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងនូវអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យក ការអភិវឌ្ឍធនធានមនុស្ស ជាការងារអាទិភាពត្រូវវិនិយោគ ក្នុងដំណាក់កាលទី១ នៃសាស្ត្របញ្ចកោណ ដែលនេះជាភារកិច្ចចម្បងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានដាក់ចេញនូវ ស្តង់ដាសាលាគំរូ ចំនួន ៥ ដែល ផ្តោតលើ ទី១. លទ្ធផលសិក្សារបស់សិស្ស ទី២. ការបង្រៀននិងរៀន ទី៣. ការចូលរួមរបស់សហគមន៍ ទី៤. ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន ទី៥. គណនេយ្យភាពរបស់សាលារៀន។

សាលារៀនទូទាំងប្រទេសនឹងត្រូវប្រឹងប្រែងប្រកួតប្រជែងគ្នាអនុវត្តឱ្យសម្រេចបានតាមស្តង់ដា ហើយសាលាដែលជាប់ស្តង់ដា នឹងទទួលបានពានរង្វាន់ជាសាលាគំរូពីសម្តេចមហាបវរធិបតី ដែលនឹងត្រូវប្រកាសនៅក្នុងសន្និបាតអប់រំថ្នាក់ជាតិនៅខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាមួយនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំបំពេញ តួនាទីភារកិច្ចលះបង់ទាំងកម្លាំងកាយចិត្ត រហូតសម្រេចបានលទ្ធផលជាទីមោទនៈ និងសូមឱ្យបន្តស្មារតីសហការគ្នាដើម្បីលើកកម្ពស់វិស័យអប់រំវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនជានិរន្ត។

ក្រោយពីការសំណេះសំណាល បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បាន ផ្តល់ជូនសម្ភារសិក្សា ដល់សិស្សជ័យលាភីដែលបានប្រឡងជាប់និទ្ទេស A ទាំង ៧រូប សម័យប្រឡងឆ្នាំ២០២២-២០២៣ ក្នុងម្នាក់ទទួលបានកង់អាគុយចំនួនមួយគ្រឿង ដើម្បីជាការលើកទឹកចិត្តជំរុញឱ្យសិស្សានុសិស្សបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត និងបានប្រគល់នូវសម្ភារសិក្សា មួយចំនួនដល់ស្រុក ទាំង១០ ក្នុងខេត្តកំពង់ចាម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម