Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូត៖ ការពង្រឹងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ជាការបន្តថែរក្សាសុខសន្តិភាពបច្ចុប្បន្ន និងទៅអនាគត

បានផុស

នៅ

លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ការពង្រឹងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ ជាការបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន និងទៅអនាគត។ លោកស្រី បានលើកឡើងបែបនេះ ក្នុងកម្មវិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ដែលរៀបចំឡើងដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ កាលពីថ្ងៃទី៦ និងទី៧ ខែមករា ឆ្នាំ២០២៤ ដែលមានទីតាំងនៅ តំបន់ស៊ូវ៉ុន និងប៊ូសាន សាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ជ្រឹង បុទុមរង្សី បានចែករំលែកទៅកាន់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមកម្មវិធីអំពីគុណូបការៈ និងការតស៊ូរបស់វីរជន និងវីរនារី ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីសម្រេចបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនដល់ប្រជាជនខ្មែរគ្រប់រូប មិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះឡើយ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់អនុវត្តគោលនយោបាយថ្មីៗជាបន្តបន្ទាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គម តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់វិស័យ ការបង្កើនកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ ការពង្រឹងសេវាសាធារណៈ និងកិច្ចគាំពារសង្គម។ល។

បន្ថែមពីនេះ លោកស្រី បានបញ្ជាក់ពីការបន្តយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋខ្មែរនៅកូរ៉េ ជាក់ស្តែង គឺការអនុញ្ញាតរៀបចំធ្វើលិខិតឆ្លងដែនថ្មីនៅកូរ៉េ ដែលនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី១០ ខែមករា នេះតទៅ។ លោកស្រីថា នេះ ជាកាដូឆ្នាំថ្មីដ៏ធំមួយដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានត្រៀមទុកសម្រាប់ជូនដល់ប្រជាពលរដ្ឋនៅក្រៅប្រទេស។

គួរជម្រាបថា ស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ ក៏បានចាត់តាំងមន្រ្តីអមស្ថានទូតចូលរួមរៀបចំកម្មវិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ជាមួយសមាគមខ្មែរនៅតាមតំបន់ផ្សេងៗទៀត កាលពីថ្ងៃទី៦ រហូតដល់ថ្ងៃទី៧ ខែមករា រួមមាន ថេគូ ក្វាងជូ ជេជូ និងគូមី ដែលមានសមាជិកចូលរួមសរុបទាំងអស់ប្រមាណ ៤០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម