ព័ត៌មានជាតិ
អ្នកជំនាញ ណែនាំឱ្យយុវជនកំណត់គោលដៅឆ្នាំថ្មីឱ្យបានច្បាស់ ដើម្បីភាពជោគជ័យក្នុងជីវិត
លោកបណ្ឌិត ឈត ប៊ុនថង ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅរាជបណ្ឌិត្យសភាកម្ពុជា និងសាស្ត្រាចារ្យ យូ សុភា អ្នកនិពន្ធដ៏ល្បីនៅកម្ពុជា លើកឡើងដូចគ្នាថា យុវជនគួររៀបចំផែនការ និងកំណត់គោលដៅសម្រាប់ជីវិតឱ្យបានច្បាស់លាស់ក្នុងឆ្នាំថ្មី ដើម្បីភាពជោគជ័យក្នុងជីវិត។

ការលើកឡើងរបស់អ្នកជំនាញទាំង២រូប ស្របពេលដែលឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងមានរឿងរ៉ាវជាច្រើនកើតឡើងក្នុងពិភពលោក ដែលធ្វើឱ្យស្ថានភាពមានការផ្លាស់ប្តូរដោយមិនអាចដឹងមុន ទាំងការសិក្សា ការរស់នៅប្រចាំថ្ងៃ និងអនាគត។ ជាពិសេស។ ជាពិសេឆ្នាំថ្មីនេះ គឺជាជំពូកថ្មីមួយសម្រាប់រៀបចំជីវិតឱ្យកាន់តែល្អប្រសើរជាងឆ្នាំមុនៗ ដូច្នេះ យុវជនចាំបាច់បំផុតក្នុងការដឹងពីស្ថានភាពពិភពលោក នយោបាយ សង្គម។ រឿងចាំបាច់ គឺការរៀបចំផែនការសម្រាប់ជីវិតរស់នៅឱ្យបានល្អ ដើម្បីជីវិតក្នុងឆ្នាំថ្មីមានភាពរលូនជាងមុន។

លោកបណ្ឌិត ឈត ប៊ុនថង ថា ក្រៅពីតាមដានស្ថានការណ៍ពិភពលោក និងនយោបាយហើយ គោលដៅសម្រាប់ឆ្នាំថ្មី មានទាំងការសិក្សា ការរស់នៅ ការប្រកួតប្រជែង និងផែនការសម្រាប់អនាគត ពោល គឺយុវជនកំណត់ថា ខ្លួនចង់ក្លាយជាមនុស្សពូកែ និងអ្នកជំនាញបានកម្រិតណា និងមានការកំណត់ឱ្យបានច្បាស់លាស់ ដើម្បីឱ្យមានភាពជោគជ័យ ជាជាងការធ្វើអ្វីមួយដោយភាពចៃដន្យ។ សម្រាប់សិស្សដែលទើបបញ្ចប់ថ្នាក់ទី១២ ដែលត្រូវជ្រើរើសជំនាញសិក្សាក្នុងកម្រិតឧត្តមសិក្សា ត្រូវសួរខ្លួនឯងឱ្យបានច្បាស់ថា ហេតុអ្វីទើបជ្រើរើសជំនាញនោះ? ជាមួយគ្នានេះ យុវជនគួរខិតខំពង្រឹងភាសាបរទេសឱ្យបានខ្លាំង បន្ទាប់ពីភាសាជាតិ ដើម្បីអាចមានឱកាសប្រឡូក និងសិក្សាជាមួយប្រទេសជឿនលឿនបាន។ ចំណែក រឿងបច្ចេកវិទ្យាក៏ដូចគ្នា ដើម្បីអាចប្រឡូកជាមួយបរទេសបាន យុវជន ក៏គួរតែប្រាកដថា ខ្លួនចេះបច្ចេកវិទ្យាច្បាស់លាស់ស្របជាមួយនឹងសម័យឌីជីថលផងដែរ។

បច្ចុប្បន្ន ជាសម័យទំនើប មានសម្ភារៈទំនើបៗសម្រាប់ប្រើប្រាស់ ប៉ុន្តែ យុវជនក៏មិនគួរហក់លោត ប្រើប្រាស់សម្ភារៈនិយមខ្លាំងហួសពីសមត្ថភាពរបស់ខ្លួនដែរ ពោល គឺធ្វើអ្វីមួយត្រូវគិតពីចំណូលចំណាយ និងធនធាន ដែលជារឿងមួយត្រូវគិតគួរសម្រាប់ឆ្នាំថ្មីនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ឈត ប៊ុនថង។
ចំពោះការរស់នៅប្រចាំថ្ងៃវិញ លោក ឈត ប៊ុនថង ស្នើឱ្យបុគ្គលគ្រប់រូបចៀសឆ្ងាយពីគ្រឿងញៀន និងត្រៀមខ្លួនឱ្យល្អ កុំឱ្យធ្លាក់ក្នុងការអូសទាញរបស់ជនខិលខូចមួយចំនួនតាមបណ្តាញសង្គមជាដើម។ បន្ថែមពីនេះ សង្គមបច្ចុប្បន្ន ជាសម័យមានការប្រកួតប្រជែង មនុស្សគ្រប់គ្នា ក៏គួរតែត្រៀមខ្លួនសម្រាប់ការប្រកួតធ្វើអាជីវកម្មតាមផ្លូវត្រឹមត្រូវ។ មួយទៀត គឺរួមគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។
រីឯ លោក យូ សុភា ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធល្បីល្បាញមួយរូប ក៏បានលើកឡើងថា ក្នុងឱកាសឆ្នាំថ្មីនេះ យុវជនគ្រប់រូប ត្រូវតែធ្វើជាយុវជនល្អ និងប្រព្រឹត្តអំពើណាដែលមានប្រយោជន៍សម្រាប់ជាតិ លះបង់ឱ្យអស់នូវអំពើណាដែលធ្វើឱ្យខូចខាត និងប៉ះពាល់ដល់វប្បធម៌ជាតិ។ ចំពោះចិត្តគំនិតវិញ ត្រូវលះបង់ចោលឱ្យអស់នូវគំនិតមិនល្អ និងបែរមកគិតតែរឿងវិជ្ជមាន និងមានប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គម។ ចំណែកសិស្ស និស្សិតណាដែលមិនសូវខិតខំរៀនសូត្រក្នុងឆ្នាំចាស់ គួរផ្លាស់ប្តូរឥរិយាបថទាំងនេះចេញឱ្យអស់ និងខិតខំប្រឹងប្រែងរៀនសូត្រសម្រាប់ឆ្នាំថ្មីនេះ និងចាប់យកចំណេះជំនាញឱ្យបានល្អ។

លោកបន្តថា សម្រាប់ថ្ងៃអនាគត យុវជនត្រូវកំណត់គោលដៅឱ្យបានល្អ ប្រសិនចង់ក្លាយជាអ្វីមួយត្រូវខិតខំ ប្រឹងប្រែងឱ្យបានខ្លាំង ដាក់គោលដៅឱ្យចំ និងប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនសម្រាប់ភាពជោគជ័យរបស់គោលដៅខ្លួន។ លោក យូ សុភា បានផ្តាំផ្ញើទៅកាន់យុវជនដែលជាសរសរទ្រូងរបស់ប្រទេសជាតិ ឱ្យមានឥរិយាបថល្អ ចេះគោរពចាស់ទុំ ចៀសវាងអំពើអបាយមុខទាំងឡាយ មិនត្រូវប្រើប្រាស់សម្តី ភាសាអសុរោះ ប្រើប្រាស់ហិង្សា និងធ្វើឱ្យអ្នកដទៃឈ្លោះគ្នា។ បន្ថែមពីនេះ ត្រូវរៀបឥរិយាបថឱ្យបានត្រឹមត្រូវនៅលើបណ្តាញសង្គម។ យុវជន ត្រូវមានចិត្តគំនិតល្អ ចេះចែករំលែកជាមួយអ្នកដទៃនូវរឿងរ៉ាវដែលជាប្រយោជន៍សម្រាប់សង្គមជាតិ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី