ព័ត៌មានជាតិ
ឥស្សរជន៣រូបនេះ ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច
ក្រោយការបង្កើតជាផ្លូវការនូវរាជរដ្ឋាភិបាល នីតិកាលទី៧ នាខែសីហា ឆ្នាំ២០២៣ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានប្ដូររដ្ឋមន្ត្រីថ្មីសម្រាប់ការដឹកនាំ ដោយលោក ហួត ហាក់ មកជំនួសកៅអីរបស់សម្ដេច ម៉ែន សំអន។ ស្របពេលគ្នានេះ ក្រសួង ក៏ត្រូវបានប្ដូរឈ្មោះទៅជា «ក្រសួងអធិការកិច្ច» វិញដែរ។ មុនប្ដូរទៅជាក្រសួងអធិការកិច្ច តើក្រសួងនេះមានប្រវត្តិបែបណា ហើយឥស្សរជនរូបណាខ្លះធ្លាប់បានធ្វើជារដ្ឋមន្ត្រី?

បើតាមរយៈបទបង្ហាញរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មែនទែនទៅស្ថាប័នអធិការកិច្ចកម្ពុជា មានតាំង ពីឆ្នាំ១៩៥៣ ពោល គឺនៅក្រោយពេលដែលកម្ពុជា ទទួលបានឯករាជ្យពីបារាំង។ ដំបូងឡើយ ស្ថាប័នអធិការកិច្ចនេះ ត្រូវបានប្រគល់ឱ្យយន្តការថ្នាក់ជាតិមួយ មានឈ្មោះថា គណៈកម្មការជាតិសម្រាប់ការបោសសំអាតទូទៅ ដែលមានតួនាទីដ៏សំខាន់ក្នុងការត្រួតពិនិត្យសំណុំរឿងមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងភ្នាក់ងារអង្គការសាធារណៈនានា។
ប៉ុន្តែក្នុងរយៈពេលនៃសម័យប្រល័យពូជសាសន៍ ប៉ុល ពត នាឆ្នាំ១៩៧០ គឺមិនមានទេស្ថាប័នអធិការកិច្ចនេះ ទើបតែនៅក្រោយថ្ងៃជ័យជម្នះ ៧មករា រដ្ឋាភិបាលសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានបង្កើតឱ្យមានឡើងនូវស្ថាប័នអធិការកិច្ចនេះ ដែលមានកម្រិតជាក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ ពីឆ្នាំ១៩៨១ ហើយដល់ឆ្នាំ១៩៨៧ បានប្ដូរឈ្មោះមកត្រឹមក្រសួងត្រួតពិនិត្យ។

ក្រោយការបោះឆ្នោតជាតិ នីតិកាលទី១ ឆ្នាំ១៩៩៣ ក្រសួងត្រួតពិនិត្យនេះ ត្រូវបានកែប្រែមកត្រឹមជាអគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាល ហើយរហូតដល់ឆ្នាំ១៩៩៩ ស្ថិតក្នុងនីតិកាលទី២ នៃរដ្ឋសភា រាជរដ្ឋាភិបាល ក៏បានសម្រេចរួមបញ្ចូលស្ថាប័នរដ្ឋចំនួនពីរ គឺអគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការដ្ឋានទំនាក់ទំនងសភា ឱ្យ ទៅជាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
ចំណេរតមកដល់នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពឱ្យមានការកែប្រែ និងផ្លាស់ប្ដូរឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា ក្រសួងអធិការកិច្ច។ ការប្ដូរឈ្មោះនេះ ក្នុងគោលដៅឆ្លើយតបតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងយុទ្ធសាស្ត្របញ្ចកោណ ដែលស្នូលនៃយុទ្ធសាស្ត្រនេះ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ដូច្នេះ ការប្ដូរឈ្មោះទៅជាក្រសួងអធិការកិច្ច នៅពេលនេះ គឺដើម្បីជំរុញ និងលើកកម្ពស់វិស័យអធិការកិច្ចឱ្យកាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងការងារអធិការកិច្ចលើគ្រប់វិស័យនៅកម្ពុជា សំដៅបង្ការ ទប់ស្កាត់ កែលម្អ និងមានវិធានការ ប្រឆាំងនឹងអំពីពុករលួយ និងបាតុភាពអសកម្មនានា។ បេសកកម្មចម្បងសំខាន់ៗចំនួន៣ របស់ក្រសួងអធិការកិច្ច គឺទី១) ការធ្វើអធិការកិច្ចនៅគ្រប់វិស័យ សំដៅប្រឆាំងអំពើពុករលួយ និងបាតុភាពអសកម្មនានា ទី២) ការតាមដានត្រួតពិនិត្យរាល់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងទី៣) ទទួលពាក្យបណ្ដឹង អង្កេត និងបោសសម្អាត។

ស្ថិតក្នុងនីតិកាលទី៧នេះ ក្រសួអធិការកិច្ច ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីមួយរូប គឺលោក ហួត ហាក់ ដែលជាឈាមថ្មី ជាអ្នកបន្តវេនដ៏មានចំណេះដឹង និងបទពិសោធន៍ ដោយលោក បានបំពេញការងារនៅក្រសួងមួយនេះជាង ៣០ឆ្នាំឯណោះ ចាប់តាំងពីតួនាទីជាមន្ត្រីរាជការធម្មតា ហើយទទួលបានតួនាទីតាមលំដាប់លំដោយ រហូតទទួលបានតំណែងជារដ្ឋមន្ត្រីពេលនេះ។ ក្រៅពីលោក ហួត ហាក់ ដែលជារដ្ឋមន្ត្រីបច្ចុប្បន្ន ក្រសួងអធិការកិច្ច (អតីតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច) មានឥស្សរជនចំនួន៣រូបទៀត ធ្លាប់បានកាន់តំណែងជារដ្ឋមន្រ្តីនៃក្រសួងនេះ។
សម្ដេច ម៉ែន សំអន ធ្លាប់ធ្វើជារដ្ឋមន្ត្រីចំនួនពីរលើក គឺលើកទី១ នៅចន្លោះឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ ដែលកាលណោះសម្ដេច ម៉ែន សំអន មានឋានៈជាទេសរដ្ឋមន្ត្រី និងលើកទី២ នៅចន្លោះឆ្នាំ២០១១ ដល់ខែសីហា ឆ្នាំ២០២៣ ដែលមានឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ បច្ចុប្បន្ន សម្ដេច ម៉ែន សំអន មានតួនាទីជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា។

ឥស្សរជនស្ត្រីទី២ ដែលធ្លាប់កាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចដែរនោះ គឺលោកស្រី សោម គឹមសួគ៌ ដោយលោកស្រី សោម គឹមសួគ៌ បានធ្វើជារដ្ឋមន្ត្រីក្រសួងនេះ នៅចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សព្វថ្ងៃ លោកស្រី សោម គឹមសួគ៌ កំពុងកាន់តំណែងជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។

ដោយឡែក ឥស្សរជនដំបូងគេដែលកាន់ជារដ្ឋមន្ត្រី ក្រោយការបង្កើតឡើងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនីតិកាលទី២ នៃរដ្ឋសភា គឺលោក ឃុន ហាំង ដែលលោក បានដឹកនាំក្រសួងនេះ ចាប់ពីឆ្នាំ១៩៩៩ ដល់២០០៤។ បច្ចុប្បន្ន លោក ឃុន ហាំង មានតួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ឋានៈស្មើឧបនាយករដ្ឋមន្រ្តី៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ