Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤ ក្រសួងអប់រំ ផ្ដល់ស្បៀងអាហារជូនសាលាជាង ១ ពាន់សាលា ដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់សិស្ស

បានផុស

នៅ

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ ២០២៤ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា ផ្ដល់​ស្បៀងអាហារ​ដល់​សាលារៀន​ជាង ១ ពាន់​សាលា ដែល​មាន​សិស្ស​ជិត ២៧ ម៉ឺន​នាក់ នៅ​តាម​បណ្ដា​ខេត្ត​ចំនួន ១០ ដើម្បី​លើក​កម្ពស់​អាហារូបត្ថម្ភ​ដល់​សិស្ស​ឲ្យ​ទទួល​បាន​សុខភាព​ល្អ កម្លាំង​មាំមួន មាន​បញ្ញា​ស្មារតី​ល្អ និង​មក​រៀន​ទៀងទាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ៩ មករា នេះ​ថា ក្នុង​ឆ្នាំ ២០២៤ ក្រសួង​អប់រំ បន្ត​អនុវត្ត​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​ជូន​សិស្ស​ប្រមាណ​ជិត ២៧ ម៉ឺន​នាក់ ក្នុង​សាលារៀន​ចំនួន ១ ១១៤ នៅ​ខេត្ត​កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ សៀមរាប និង​ស្ទឹងត្រែង។

លោកស្រី​បាន​បន្ត​ថា ក្នុង​ចំណោម​សាលា​គោលដៅ ១ ១១៤ សាលា ក្នុង​នោះ​សាលារៀន​គោលដៅ​ដែល​ប្រើប្រាស់​ថវិកា​រដ្ឋ​គិត​ត្រឹម​ឆ្នាំ ២០២៤ មាន ៥៥៣ សាលា និង​សាលារៀន​ប្រើប្រាស់​ថវិកា​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​មាន ៥៦១ សាលា។

បើ​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា ការ​ផ្ដល់​ស្បៀងអាហារ​នេះ​គឺ​តម្រូវ​ឲ្យ​សាលា​នីមួយៗ ដែល​ទទួល​បាន​ថវិកា និង​អង្ករ ពី ក្រសួង​អប់រំ ត្រូវ​រៀបចំ​កន្លែង​ចុងភៅ​ធ្វើ​ម្ហូប​សម្រាប់​ឲ្យ​សិស្ស​បរិភោគ​ជា​រៀងរាល់​ព្រឹក ដើម្បី​ពួកគេ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​មក​រៀន​ទៀងទាត់។

ជាង​នេះ​ទៅ​ទៀត ការ​ផ្ដល់​អាហារ​តាម​សាលា​នេះ ក៏​តម្រូវ​ឲ្យ​សាលារៀន​នីមួយៗ ត្រូវ​ទិញ​កសិផល​តាម​សហគមន៍​ផ្ទាល់​តែម្ដង​ដូចជា ៖ អង្ករ បន្លែ ត្រី សាច់ គ្រឿងផ្សំ​ទាំងអស់ ដែល​នឹង​ជួយ​ធ្វើ​ឲ្យ​កម្រិត​អាហារូបត្ថម្ភ​ច្រើនជាង​មុន និង​ឆ្ងាញ់​ជាង​មុន ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ខណៈ​កាលពីមុន​សាលា​ត្រូវ​ទិញ​ពី​ខាងក្រៅ។

គួរ​បញ្ជាក់​ថា តាមរយៈ​ការ​អនុវត្ត​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​នេះ បាន​ជួយ​បង្កើន​អត្រា​ចុះឈ្មោះ​ចូល​រៀន​របស់​សិស្ស និង​កាត់បន្ថយ​អត្រា​បោះបង់ចោល​ការសិក្សា​សិស្ស​ផង​ដែរ។ ក្រសួង​អប់រំ នឹង​បន្ត​សហការ​ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក និង​ដៃគូ​អភិវឌ្ឍន៍​នានា​អនុវត្ត​កម្មវិធី​នេះ​បន្ថែម​ទៀត ដើម្បី​ឲ្យ​សិស្សានុសិស្ស​មាន​ឱកាស​ចូល​រៀន​បាន​ពេញលេញ កាត់បន្ថយ​ការ​បោះបង់​ការ​សិក្សា និង​ទទួល​បាន​នូវ​សុខភាព​ល្អ ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន​បាន​ល្អ​ប្រសើរ​ផង​ដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម