សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក ម៉ៃឃែល តាន់ កេងស៊ុង (Michael Tan keng Siong ) ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជាចូលជួបសំដែងការគួរសមនិងជម្រាបលានៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖ លោក ម៉ៃឃែល តាន់ កេងស៊ុង បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថាក្នុងបេសកកម្មនៅកម្ពុជា លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជានៅតាមស្ថាប័ន និង ជាមួយប្រជាជនកម្ពុជាយ៉ាងល្អធ្វើឲ្យបេសកកម្មការ ទូតរបស់លោកនៅកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នោះ គឺនាំមកនូវទំហំពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងខ្ពស់មួយកម្រិតថែមទៀត ។
លោក ម៉ៃឃែល តាន់ បានបន្តក្នុងបេសកកម្មរបស់លោកនៅកម្ពុជាក៏ចំពេលកូវីដ១៩ បានរាតត្បាតពិភពលោកក៏ដូចជាកម្ពុជា។ លោកបានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន កម្ពុជាគឺជាប្រទេស ដែលមានសុវត្ថិភាពបំផុតក្នុងការរស់នៅផុតពីការឆ្លងកូវីដ១៩ ។ លោកក៏បានជម្រាបជូនសម្តេចផងដែរថាលោកពិតជាមានមោទនភាពណាស់ ដែលរដ្ឋាភិបាលសឹង្ហបុរីបានអនុញ្ញាតឲ្យលោករៀបចំនូវពិធីអបអរខួបលើកទី ៥៥ នៃចំណងការទូតតាមរយៈការរៀបចំព្រឹត្តិការណ៍បង្ហាញគំនូរលើជញ្ជាំងសិល្បៈ ម្ហូបអាហារ តន្ត្រី និងវប្ប ធម៌របស់ប្រទេសទាំងពីរកាលពីចុងខែកុម្ភៈឆ្នាំ២០២០កន្លងទៅដោយបានបង្ហាញឲ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំនិងស៊ីជម្រៅរវាងប្រជាជននិងប្រទេសទាំងពីរ។ ដោយយល់ឃើញថា កម្ពុជាជាប្រទេសដែលមានសុវត្ថិភាពនិងមានការឆ្លងកាត់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការរៀបចំនោះ គឺបានប្រព្រឹត្តទៅបានជោគជ័យដោយអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាយើងពាក់ព័ន្ធនឹងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។
លោក ម៉ៃឃែល តាន់ ក៏បានបន្ថែមទៀតដែរថា៖ លោកមានជំនឿជាក់ថាកម្ពុជានិងសិង្ហបុរីនឹងអាចមានទំនាក់ទំនងកាន់តែល្អប្រសើរឡើងថែមទៀតនិងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមួយកម្រិតថែមទៀតហើយទាំងនេះ អាចធ្វើទៅបាន គឺដោយមានការគាំទ្រក្នុងការសម្របសម្រួលនិងការកិច្ចសហការល្អប្រសើររវាងរាជរដ្ឋាភិបាលនិងរដ្ឋាភិបាលរវាងស្ថាប័ននិងស្ថាប័នជាពិសេសរវាងមន្ត្រីរាជការ និងមន្ត្រីរាជការ, ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ដែលបានជួយគាំទ្រកម្ពុជារយៈពេលកន្លងមកហើយ ក៏បានយល់ស្របជាមួយនឹងការលើកឡើងការវាយតម្លៃអំពីទំនាក់ទំនងរវាងប្រទេសទាំងពីររបស់លោក ម៉ៃឃែល តាន់ ។ សម្ដេចបានអំណរគុណចំពោះលោក ម៉ៃឃែល តាន់ ដែលបានប្រឹងប្រែងអស់ពីសមត្ថភាពពង្រីកពង្រឹង និងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងបេសកកម្មកាទូតរយៈពេល៤ឆ្នាំកន្លះនៅព្រះរាជាណាចក្រកម្ពុជានេះ។ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សម្ដេចបានជម្រាបជូន លោក ម៉ៃឃែល តាន់ នូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានមានយុទ្ធសាស្ត្រប្រយុទ្ធនឹងជំងឺកូវីដ១៩តាមរយៈ សមរភូមិបីទី១ គឺធ្វើយ៉ាងណាប្រយុទ្ធទប់ស្កាត់កុំឲ្យការនាំចូលជំងឺនេះមកពីប្រទេសក្រៅរបស់កម្ពុជា , សមរភូមិទី២ គឺធ្វើយ៉ាងណាគ្រប់គ្រងការរីករាលដាលជំងឺកូវី១៩នេះទៅ កាន់សហគមន៍ និងសមរភូមិទី៣ ព្យាបាលអ្នកជំងឺបានឆ្លងជំងឺនេះហើយអាចជាសះស្បើយបាន ដោយមិនមានអ្នកស្លាប់៕
អត្ថបទ៖ ណារី