ព័ត៌មានជាតិ
ធនាគារពិភពលោកលើកកំណែទម្រង់ ៣ ចំណុចស្តារសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញ
ធនាគារពិភពលោកបានចេញរបាយការណ៍ស្រាវជ្រាវមួយពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ របាយការណ៍បានវិភាគនិងផ្តល់អនុសាសន៍មួយចំនួនខណៈក្នុងរបាយការណ៍បញ្ជាក់ថា ការធ្លាក់ល្បឿនសេដ្ឋកិច្ចគឺជាឱកាសសម្រាប់បង្កើនល្បឿនកំណែទម្រង់នៅកម្ពុជា។
ខណៈដែលសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តធ្លាក់ចុះ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចឆ្នាំនេះនឹងមានកំណើនក្នុងកម្រិត ៥,៤ ភាគរយ ដែលខ្ពស់ជាងគេក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏នៅតែទាបជាងច្រើននៅឡើយ បើប្រៀបទៅនឹងកំណើនប្រចាំឆ្នាំជាមធ្យម ៧,២ភាគរយ ដែលកម្ពុជាសម្រេចបានក្នុងមួយទសវត្សរ៍មុនការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ការធ្លាក់ចុះនេះ មួយផ្នែកធំគឺទាក់ទងជាមួយបរិយាកាសសកលដែលកំពុងជួបការលំបាកច្រើន។ ដោយសារការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ, បំណុលខ្ពស់ និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងទុកថា នឹងបន្តថយសន្ទុះនៅឆ្នាំក្រោយ ដែលជារយៈពេលបីឆ្នាំជាប់ៗគ្នា។
ស្ថានភាពដែលកំណើនសេដ្ឋកិច្ចមានសន្ទុះខ្សោយជាងមុន បានញ៉ាំងឱ្យមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់រក្សាកំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់ និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
គន្លឹះសំខាន់អាទិភាពជារបៀបវារៈនៃកំណែទម្រង់ដែលត្រូវអនុវត្តមានដូចជា៖
ទីមួយ ការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច មានសារៈសំខាន់ណាស់សម្រាប់ជំរុញផលិតភាពនិងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនៅកម្ពុជានៅតែមានកម្រិតខ្ពស់ ដែលជាឧបសគ្គដល់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ និងរារាំងដល់នវានុវត្តន៍ និងការងាកទៅរកសកម្មភាពសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន។
ដើម្បីជួយដល់ការវិនិយោគរបស់វិស័យឯកជន កម្ពុជាចាំបាច់ត្រូវពង្រឹងភាពព្យាករណ៍បានរបស់បរិស្ថានបទប្បញ្ញត្តិ និងពង្រីកលទ្ធភាពរកបានធនធានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រួលលក្ខខណ្ឌតម្រូវស្មុគស្មាញនិងតឹងរ៉ឹងសម្រាប់ការបើកធុរកិច្ច អមជាមួយនឹងការធ្វើឱ្យប្រសើរឡើងដល់ដំណើរការនៃក្របខណ្ឌក្ស័យធនផង វានឹងជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុននៅពេលបើករកស៊ី និងពេលបិទទៅវិញ។
ការសម្រួលនីតិវិធីឱ្យសាមញ្ញ និងការធ្វើឌីជីថលកម្មនៃសេវាធុរកិច្ច ជាពិសេសការចេញអាជ្ញាបណ្ណ និងការអនុញ្ញាតសម្រាប់អាជីវកម្ម នឹងជួយកាត់បន្ថយការចំណាយនានាដែលពាក់ព័ន្ធថ្លៃដើម។ ការប្រកួតប្រជែងកាន់តែច្រើននឹងជំរុញការកាត់បន្ថយការចំណាយ និងលើកកម្ពស់នវានុវត្តន៍ និងកំណើនផលិតភាព ដោយបង្វែរទិសនៃចំណែកទីផ្សារធុរកិច្ចឆ្ពោះទៅរកផលិតករដែលមានប្រសិទ្ធភាពខ្ពស់ជាង ហើយក៏ជួយលើកទឹកចិត្តក្រុមហ៊ុនឱ្យកាន់តែមានផលិតភាពឡើងដែរ។ ដើម្បីជួយដល់វិស័យទេសចរណ៍ ការកាត់បន្ថយថ្លៃដើម និងថ្លៃសេវានានា (ដូចជា ទិដ្ឋាការ ការស្នាក់នៅ អាហារ ថ្លៃដឹកជញ្ជូន និងថ្លៃសំបុត្រចូល) រួមទាំងការលុបបំបាត់ថ្លៃសេវាក្រៅផ្លូវការផង នឹងជួយទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកកម្ពុជាកាន់តែច្រើនឡើង។
ទីពីរ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូហ្ស៊ីស្ទិករបស់កម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។
កម្ពុជានៅតែមានការខ្វះច្រើននូវហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ សេវាហេដ្ឋារចនាសម្ព័ន្ធនៅតែមិនគ្រប់គ្រាន់ ហើយត្រូវប្រឹងយ៉ាងត្រដាបត្រដួស ដើម្បីបំពេញសេចក្តីត្រូវការដែលកំពុងកើនឡើងយ៉ាងលឿន។ វិស័យថាមពលត្រូវការការវិនិយោគខ្នាតធំថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពីរក្នុងពេលតែមួយគឺ៖ ការឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអគ្គិសនី (តាមការព្យាករ តម្រូវការអគ្គិសនីនឹងកើនឡើង ៤ ដង ពី ១២ ៤០០ហ្គីហ្កាវ៉ាត់ម៉ោង (GWh) នៅឆ្នាំ ២០២០ ទៅដល់ ៥៤ ៦០០ហ្គីហ្កាវ៉ាត់ម៉ោង នៅឆ្នាំ២០៤០) និងការបំពេញតាមការសន្យារបស់ប្រទេសក្នុងក្របខណ្ឌនៃការប្រែប្រួលអាកាសធាតុ។
ការវិនិយោគក៏ត្រូវការចាំបាច់ផងដែរ ដើម្បីកែលម្អឱ្យប្រសើរឡើងនូវសេវាជាមូលដ្ឋានក្នុងទីក្រុងមានដូចជា ប្រព័ន្ធទុយោទឹកស្អាត, អនាម័យ, ការគ្រប់គ្រងសំណល់រឹង, ទូរគមនាគមន៍ និងការដឹកជញ្ជូន និងការពង្រឹងផែនការរៀបចំក្រុង។ ជាងនេះទៅទៀត កង្វះបណ្តាញការតភ្ជាប់ក្នុងតំបន់ ក៏ជះឥទ្ធិពលមិនល្អទៅលើប្រសិទ្ធភាព និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្មឆ្លងដែនដែរ ហើយនេះជាបញ្ហាដែលចាំបាច់ត្រូវតែដោះស្រាយ។ ការវិនិយោគគឺចាំបាច់ដើម្បីដោះស្រាយគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ សម្រាប់ភ្ជាប់ការដឹកជញ្ជូនក្នុងស្រុក និងក្នុងតំបន់។ ការវិនិយោគទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្មតាមច្រករបៀងកើត-លិច ឆ្លងកាត់ប្រទេសថៃ កម្ពុជា និងវៀតណាម បន្ថែមពីលើផ្លូវច្រករបៀងតែមួយគត់ ដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសឡាវ។ តាមរយៈនេះ វាក៏នឹងធ្វើឱ្យប្រសើរឡើងផងដែរនូវការតភ្ជាប់ផ្លូវទឹកផ្ទៃក្នុងប្រទេសជាមួយវៀតណាម និងប្រតិបត្តិការផ្លូវដែក និងបណ្តាញភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាមួយប្រទេសថៃ។
ការកែលម្អការសម្របសម្រួលពាណិជ្ជកម្ម និងការអនុវត្តមុខងារផ្នែកឡូហ្ស៊ីស្ទិក ក៏មានសារៈសំខាន់ផងដែរ។ កិច្ចប្រឹងប្រែងគួរត្រូវបានធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងសេវាឡូហ្ស៊ីស្ទិក តាមរយៈការតាមដានត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកទ្វារពាណិជ្ជកម្មសំខាន់ៗ ដូចជាកំពង់ផែ និងច្រកព្រំដែន។
ទីបី កិច្ចការសំខាន់មួយទៀតដែលកម្ពុជាត្រូវបង្កើនលទ្ធផលនៃការរៀន ដើម្បីឆ្លើយតបទៅនឹងកង្វះជំនាញ, បង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពត្រៀមសម្រាប់អនាគត និងជំរុញកំណើនផលិតភាពរបស់ប្រទេស។ កំណើនផលិតភាពពលកម្មបានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងប្រាំឆ្នាំចុងក្រោយនេះ ហើយបណ្តាក្រុមហ៊ុនក៏បានរាយការណ៍ឱ្យដឹងដែរអំពីការកើនឡើងនៃកង្វះជំនាញ។ មានកុមារកម្ពុជាមិនច្រើនប៉ុន្មានទេដែលបានចុះឈ្មោះទទួលការអប់រំកូនក្មេង ដែលមានន័យថាជាការបាត់បង់ឱកាសសម្រាប់ការវិវឌ្ឍរបស់កុមារក្នុងវ័យដំបូង ហើយវាក៏ជាឧបសគ្គដល់ការវិលត្រឡប់របស់ម្តាយទៅធ្វើការដើម្បីរកប្រាក់ចំណូលដែរ។
សាលាកម្រិតបឋមសិក្សាកំពុងជួបប្រទះនូវការធ្លាក់ចុះលទ្ធផលនៃការសិក្សា បើទោះជាលទ្ធភាពចូលរៀនរបស់ក្មេងមានភាពប្រសើរជាងមុនក៏ដោយ។ សិស្សមានចំនួនមិនច្រើនទេដែលរៀនបានឡើងថ្នាក់ទៅកម្រិតអនុវិទ្យាល័យ ហើយអ្នកដែលបានឡើងទៅនោះច្រើនតែមានមូលដ្ឋានមិនគ្រប់គ្រាន់ ហើយឈប់រៀនក៏ច្រើនដែរ។ កូនសិស្សមកពីគ្រួសារក្រីក្រ រងផលប៉ះពាល់ក្នុងសមាមាត្រមួយខ្លាំងជាងគេ។
យោងតាមសូចនាករមូលធនមនុស្សរបស់ធនាគារពិភពលោក កុមារម្នាក់ដែលកើននៅកម្ពុជាក្នុងថ្ងៃនេះ ត្រូវបានគេរំពឹងថាអាចសម្រេចបានតែពាក់កណ្តាលនៃសក្តានុពលផលិតភាពការងារទេក្នុងមួយជីវិតរបស់ខ្លួន ប៉ុន្តែទាល់តែកុមារនោះទទួលបានការអប់រំ និងសេវាថែទាំងសុខភាព គ្រប់គ្រាន់ដែរ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺក្នុងចំណោមក្មេងអាយុ ១៥ឆ្នាំ នៅកម្ពុជា មានតែ ៣ ភាគរយ ប៉ុណ្ណោះ ដែលគេរំពឹងថាចេះត្រឹមតែកម្រិតគោលទេក្នុងមុខវិជ្ជាគណិតវិទ្យា, ២ ភាគរយ ក្នុងការអាន និង ១ភាគរយ ក្នុងវិជ្ជាវិទ្យាសាស្ត្រ។ ត្រង់នេះឆ្លុះបញ្ចាំងអំពីផលជះអវិជ្ជមានទៅលើឱកាសសម្រាប់ក្មេងកម្ពុជា ក្នុងការចូលរួម និងរួមចំណែកដល់វិបុលភាពរបស់ប្រទេសទៅថ្ងៃអនាគត។ ការបង្កើនលទ្ធផលនៃការអប់រំ តម្រូវឱ្យមានអភិក្រមច្រើនមុខព្រួញ។ ការពង្រីកលទ្ធភាពទទួលបានការរៀនសូត្រប្រកបដោយគុណភាពក៏សំខាន់ដែរ។ យ៉ាងណាក៏ដោយ ប្រការលើកទឹកចិត្តនានា ដូចជាការផ្ទេរសាច់ប្រាក់ភ្ជាប់លក្ខខណ្ឌជាដើម អាចជាការចាំបាច់ដែរ ដើម្បីបង្កលទ្ធភាពឱ្យក្មេង ជាពិសេសមកពីគ្រួសារក្រីក្រ នៅបន្តរៀនបានយូរជាងមុន៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ