Connect with us

ព័ត៌មានជាតិ

អាជ្ញាធរនឹងអនុវត្តវិធានការច្បាប់ក្នុងករណី​មិនរុះរើបែរចិញ្ចឹមត្រីចេញពីស្ទឹងសង្កែ

បានផុស

នៅ

បច្ចុប្បន្នគេសង្កេតឃើញថា ទឹកស្ទឹងសង្កែហាក់មានសភាពហ្នឹង ព្រមទាំងឡើងពណ៌ស្លែខៀវពេញស្ទឹង និងមិនមានសភាពថ្លា ថែមទាំងមានក្លិនឆ្អាបទៀតផង ដែលបញ្ហានេះអាចគួបផ្សំទៅនឹងកត្តាជាច្រើនយ៉ាង។

គួរបញ្ជាក់ថា រយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះនៅក្នុងទឹកស្ទឹងសង្កែគេសង្កេតឃើញមានបែរចិញ្ចឹមត្រីជាច្រើនកន្លែងដែលសរុបមិនក្រោមពី៤០ទីតាំង ចាប់តាំងពីផ្សារលើរហូតដល់ភូមិស្លក្រាម ដោយសារតែការធូរលុងរបស់មន្ត្រីជំនាញដែលធ្វើឲ្យបែរទាំងនេះកាន់តែរីករាលដាលច្រើនឡើងៗ ដោយកន្លងមកលោក ជួង សុភា នាយខណ្ឌជលផលខេត្តបាត់ដំបង ចេះតែបន្តឱសានវាទ ពីមួយខែទៅមួយខែក្នុងការកំណត់ពេលវេលាឲ្យរុះរើបែរចេញពីក្នុងស្ទឹង បើទោះបីជាមានការប្រជុំគណៈបញ្ជាការឯកភាពខេត្តលើកឡើងអំពីបញ្ហានេះក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះក៏មានការកោះហៅប្រជុំពីសំណាក់លោកអភិបាលខេត្ត សុខ លូ ជាមួយមន្ទីរពាក់ព័ន្ធដូចជា មន្ទីរធនធានទឹក និងឧតុនិយម អង្គភាពរដ្ឋាករទឹក មន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម ដែលមាននាយខណ្ឌជលផលជាតំណាង បានដាក់ផែនការយ៉ាងតឹងរឹងទៅលើម្ចាស់បែរចិញ្ចឹមត្រីដោយផ្ដល់ឱសានវាទចុងក្រោយ ត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ ធ្វើយ៉ាងណាត្រូវចាប់ត្រីចេញឲ្យអស់ និងត្រូវរុះរើឧបករណ៍ចេញពីក្នុងស្ទឹងសង្កែ បើមិនដូច្នោះទេរដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយនៅពេលនោះដែររដ្ឋបាលខេត្តបានចាត់តាំងលោក ធូ ភា ជាអភិបាលរងខេត្តទទួលបន្ទុកការងារសន្តិសុខ ឲ្យដឹកនាំក្រុមជំនាញចុះពិនិត្យលើបញ្ហានេះ។

លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តក៏បានទទួលស្គាល់ថា បែរចិញ្ចឹមត្រីទាំងនេះវាជាកត្តាមួយនៅក្នុងកត្តាជាច្រើនដែលអាចបង្កឲ្យខូចបរិស្ថានទឹកដូចជាការដាក់ចំណីត្រី ឬកាកសំណល់ផ្សេងៗដែលហូរចេញពីបែរទាំងនេះ ហើយលោកក៏បានចូលរួមប្រជុំនៅក្នុងសាលាខេត្តផងដែរ ដែលក្នុងនោះគឺរដ្ឋបាលខេត្តបានចាត់តាំងឲ្យលោក ធូ ភា ជាអ្នកដឹកនាំកម្លាំង។

តាមរយៈទូរស័ព្ទ លោកអភិបាលរងខេត្ត ធូ ភា បានបញ្ជាក់ថា លោកកំពុងចូលរួមពិធីជួបជាមួយសិស្សនិសេសA នៅឯទីក្រុងភ្នំពេញដូច្នេះលោកមិនបានបកស្រាយជុំវិញបញ្ហាចុះប្រតិបត្តិការរឿងនេះឡើយ។ ដោយឡែកលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់យ៉ាងច្បាស់កាលពីម្សិលមិញនេះថា កិច្ចប្រជុំបានកំណត់ឱសានវាទត្រឹមចុងខែ ១២ ឆ្នាំ២០២៣ នេះ ដោយបញ្ជាឲ្យម្ចាស់បែរទាំងអស់ធ្វើការរុះរើបែរចេញពីក្នុងស្ទឹងសង្កែ បើបុគ្គលណាមួយមិនព្រមអនុវត្តតាមបទបញ្ជានេះទេ គឺរដ្ឋបាលខេត្តនិងមានវិធានការតាមផ្លូវច្បាប់។

លោកបានបន្ថែមថា បច្ចុប្បន្នខេត្តកំពុងស្នើសុំដីការបស់តុលាការដើម្បីអនុវត្តទៅលើបែរមួយចំនួនដែលពុំព្រមរុះរើចេញពីក្នុងស្ទឹង ដោយពុំមានលើកពេលបន្តទៀតនោះឡើយ៕

អត្ថបទ៖ សោនិយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម