Connect with us

ព័ត៌មានជាតិ

លោក​ កើត រិទ្ធ ស្នើឲ្យរៀបចំចៅក្រមទទួលបន្ទុកដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន

បានផុស

នៅ

សំណុំរឿងពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជា ៦,០០០ នៅសាលាជម្រះក្ដីទូទាំងប្រទេស ដែលនឹង​ ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងយុត្តិធម៌ នឹងស្នើសុំឲ្យរៀបចំចៅក្រមទទួលបន្ទុកលើការងារនេះ តែម្ដង។ នេះបើតាមការឲ្យដឹងពីលោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌នៅកម្ពុជា កាលពីល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។ យុទ្ធនាការទាំង ២នោះ រួមមាន៖ ១. យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ២. យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដល់ពេលនេះ សំណុំរឿងនៅតុលាការ ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជា ៦,០០០សំណុំរឿង ស្មើនឹង​ ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប នៅតុលាការទូទាំងប្រទេស។

បើតាមលោករដ្ឋមន្ត្រី ចំនួនពាក្យបណ្ដឹងអំពីបញ្ហាអត្រានុកូលដ្ឋាននេះ គឺមានចំនួនច្រើនដែលប្រជាពលរដ្ឋប្ដឹង ដោយសារបញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ដែលតាមច្បាប់ត្រូវដោះស្រាយនៅតុលាការ។

«ខ្ញុំសូមយករឿងនេះ ធ្វើការងារជាមួយតុលាការ យកការទទួលខុសត្រូវមួយ និងស្នើសុំឲ្យចៅក្រមនៅទូទាំងប្រទេស សាលាជម្រះក្ដីទូទាំងប្រទេស រៀបចំឲ្យមានចៅក្រមដែលទទួលបន្ទុកលើការងារនេះ ហើយស្នើសុំក្នុងការអនុវត្តនេះ គឺមានតែ ២គត់ លឿន ហើយនិងត្រឹមត្រូវ»។ នេះជាការគូសបញ្ជាក់បន្ថែមពីលោក កើត រិទ្ធ។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដែរថា អត្រានុកូលដ្ឋាន​ គឺជាឯកសារដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ក្នុងពេលណាមួយ។ តែនៅពេលមានបញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ប្រជាពលរដ្ឋត្រូវប្ដឹងទៅតុលាការ ហើយនៅពេលតុលាការប្រើរយៈពេលយូរ ក្នុងការដោះស្រាយពាក្យនោះ នឹងលេចឡើងនូវរឿងរ៉ាវផ្សេងៗ មិនខានឡើយ។

ត្រង់ចំណុចនេះ លោក កើត រិទ្ធ បានសង្កត់ធ្ងន់ថា «ឥឡូវអត់ទេ ហើយសូមបញ្ជាក់ថា តាមរយៈនេះក៏សូមប្រកាសតែម្ដង រឿងទាក់ទងបញ្ហាអត្រានុកូលដ្ឋាន បើមានបញ្ហាមិនប្រក្រតីប្ដឹងមក ជាមួយនឹងខាងលេខាធិការដ្ឋាន គ្រប់រឿងទាំងអស់ ទុករឿងឲ្យយឺត ឬក៏មានករណីដែលថា ទាមទារផលប្រយោជន៍ផ្សេងៗ សូមប្ដឹងមកលេខាធិការដ្ឋាន»។

លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា លោក នឹងជួបជាមួយមន្ត្រីតុលាការនៅទូទាំងប្រទេស លើបញ្ហាសំណុំរឿង ស្ដីពី បញ្ហាអត្រានុកូលដ្ឋាននេះ ហើយកំពុងមានចំនួនច្រើន នៅតាមសាលាជម្រះក្ដីទូទាំងប្រទេស ពោលគឺមានរហូតដល់ ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម